(តេហេរ៉ង់)៖ យោធាអ៉ីរ៉ង់ បានទទួលស្គាល់ថាការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែល នៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានសម្លាប់ឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ហើយព្រមពេលជាមួយគ្នាទីក្រុងតេហេរ៉ង់ក៏បានសន្យាសងសឹកវិញផងដែរ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។

ការស្លាប់របស់ឧត្តមសេនីយ៍អ៉ីរ៉ង់ លោក Razi Moussavi កើតមានឡើង ចំពេលភាពតានតឹងកំពុងកើនឡើង ក្នុងតំបន់មជ្ឈិមបូព៌ា ជាទីដែលចលនាប្រដាប់ អាវុធគាំទ្រដោយអ៉ីរ៉ង់បានបង្កើនការវាយប្រហាររបស់ខ្លួន ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាមក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានចាត់ទុកលោក Razi Moussavi ជាទីប្រឹក្សាដ៏មានបទពិសោធន៍បំផុតម្នាក់នៃកងកម្លាំង Quds ដែលជាអង្គភាពយោធាទទួល បន្ទុកកិច្ចការសង្រ្គាមនៅក្រៅប្រទេសនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់។ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ IRNA លោក Moussavi ត្រូវបានសម្លាប់នៅក្នុង ការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែល លើស្រុក Zeinabiyah ស្ថិតនៅជាយរដ្ឋធានីដាម៉ាស ប្រទេសស៊ីរីកាលពីថ្ងៃចន្ទ ទី២៥ ខែធ្នូ។

IRNA បន្ថែមទៀតថាប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi ក៏បានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោក Moussavi ដែរ ភ្ជាប់ជាមួយការសន្យា ថានឹងឱ្យអ៉ីស្រាអែលតបស្នងមកវិញយ៉ាងស័ក្តិសមចំពោះទង្វើឧក្រិដ្ឋនេះ។ ប៉ុន្តែភ្លាមៗ ខាងអ៉ីស្រាអែលមិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។

គួរបញ្ជាក់ថា លោក Razi Moussavi គឺជាឧត្តមសេនីយ៍ជាន់ខ្ពស់បំផុតម្នាក់នៃកងកម្លាំង Quds ដែលត្រូវបានសម្លាប់នៅក្រៅប្រទេសអ៉ីរ៉ង់ ចាប់តាំងពីមេទ័ព អ៉ីរ៉ង់ និងជាមេបញ្ជាការកងកម្លាំង Quds លោក Qasem Soleimani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្ដហោះដ្រូនអាមេរិក នៅក្នុងទីក្រុង បាកដាដ ប្រទេសអ៉ីរ៉ាក់ កាលពីជាង៤ឆ្នាំមុន គឺកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០៕

រូបភាពពី Reuters