(វ៉ាស៊ីនតោន)៖ កម្ដៅភាពតានតឹងនៃទំនាក់ទំនង នៅជ្រោយទាំងសងខាងនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ នៅតែមិនមានភាពធូរស្រាលឡើយ ហើយត្រូវបានរំពឹងថា នឹងបន្តឡើងកម្ដៅបន្ថែមទៀត នៅដើមឆ្នាំក្រោយ។ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ តៃវ៉ាន់នឹងរៀបចំការបោះឆ្នោតសកល ដើម្បីជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន ជំនួសមេដឹកនាំបច្ចុប្បន្ន លោកស្រី សៃ អ៉ីងវិន ដែលត្រូវផុតអាណត្តិ។

ខុសប្លែកពីការបោះឆ្នោតសកលមុនៗ ដែលជាការប្រកួតប្រជែងរវាងបេក្ខជនមកពីគណបក្សធំៗទាំង២ គឺគណបក្សប្រឆាំង Kuomintang (KMT) និងគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ជាគណបក្សកាន់អំណាចសព្វថ្ងៃរបស់លោកស្រី សៃ អ៉ីងវិន ការបោះឆ្នោតនៅឆ្នាំ២០២៤ នឹងមានបន្ថែម បេក្ខជនដ៏សំខាន់ម្នាក់ទៀត គឺលោក Ko Wen je មកពីគណបក្សប្រជាជនតៃវ៉ាន់ (TPP) ចូលរួមប្រជែងជាមួយលោក Hou Yu Ih ជាបេក្ខជនមេដឹកនាំ (ប្រធានាធិបតី) មកពីគណបក្ស Kuomintang និងលោក Lai Ching te មកពីគណបក្ស DPP។

* តើអ្វីទៅជាកង្វល់របស់អ្នកបោះឆ្នោតតៃវ៉ាន់?
ជាទម្លាប់ដូចសព្វដង «គោលនយោបាយចំពោះចិន» តែងតែជាបញ្ហាដ៏សំខាន់ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់តៃវ៉ាន់ (ប្រធានាធិបតី)។ គណបក្ស Kuomintang បាន និងកំពុងព្យាយាមទាក់ទាញការគំាទ្រពីប្រជាជនតៃវ៉ាន់ តាមរយៈការលើកឡើងថាគោលនយោបាយចំពោះចិន របស់គណបក្ស DPP គឺជាគោលនយោបាយប្រថុយប្រថានដ៏គ្រោះថ្នាក់។ មិនតែប៉ុណ្ណោះ Kuomintang ក៏បានប្រាប់ប្រជាជនតៃវ៉ាន់ផងដែរថា ការបោះឆ្នោត នៅឆ្នាំ២០២៤ គឺជាជម្រើសរវាង «សង្គ្រាម និងសន្តិភាព » ហើយថាបក្សរបស់ខ្លួនជាបក្សស្រឡាញ់សន្តិភាព។

ចំណែក គណបក្ស DPP បានអះអាងថាចិនទៅវិញទេដែលជាគ្រោះថ្នាក់ធំសម្រាប់តៃវ៉ាន់ ហើយតៃវ៉ាន់ចាំបាច់ត្រូវតែពង្រឹងសមត្ថភាពយោធាដើម្បីកំញើញទប់ស្កាត់ សង្រ្គាមកុំឱ្យផ្ទុះឡើង និងត្រូវធ្វើឱ្យទំនាក់ទំងជាមួយសហរដ្ឋអាមេរិក កាន់តែមានភាពល្អប្រសើរឡើង។ ទាំងគណបក្ស Kuomintang និងគណបក្ស DPP សុទ្ធតែ បានអះអាងប្រាប់ប្រជាជនតៃវ៉ាន់ថាគោលនយោបាយចិនរបស់ពួកគេ គឺត្រឹមត្រូវរៀងៗខ្លួន។ លោក Lai Ching te ជាបេក្ខជនមេដឹកនាំមកពីគណបក្ស DPP បានបញ្ជាក់ថាលោកនឹងមិនអនុវត្តគោលនយោបាយឯករាជ្យភាពដូចដែលគណបក្ស Kuomintang កំពុង ឬនឹងអនុវត្តនោះទេ ប៉ុន្តែលោកនឹងបន្តដើរតាម «គោលនយោបាយតុល្យភាព» របស់លោកស្រី សៃ នោះគឺមិនប្រកាសឯករាជ្យ ហើយក៏មិនចុះញ៉ម ឬស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិនដែរ។ រីឯ លោក Hou Yu Ih ជាបេក្ខជនមេដឹកនាំមកពីគណបក្ស Kuomintang បានអះអាងថាលោកអាចទាញយកផលចំណេញជាអតិបរមាពីទំនាក់ទំនងជាមួយចិន ក្នុងពេលដំណាលគ្នា នៅតែរក្សាការពារផលប្រយោជន៍របស់តៃវ៉ាន់។ ប៉ុន្តែ តាមការស្ទង់មតិ នាពេលថ្មីៗនេះ អ្នកបោះឆ្នោតតៃវ៉ាន់បែរជាកំពុងផ្តោតលើបញ្ហាដទៃទៅវិញ។ អ្នកបោះឆ្នោត ជាពិសេសនៅក្នុងចំណោមយុវជនតៃវ៉ាន់ដែលមិនទាន់ ឬមិនមានការងារធ្វើនៅក្នុងវិស័យព័ត៌មានវិទ្យា (IT) កំពុងបារម្ភថាពួកគេនឹងមិនអាចស្វែងរកការងារល្អ មិនអាចរៀបការ និងបង្កើតគ្រួសារបាន។ នៅត្រង់នេះសព្វថ្ងៃ «បញ្ហាគុណភាពជីវិត» គឺមានសារៈសំខាន់ជាងបញ្ហាទាក់ទងនឹងចិន ជាងពេលកន្លងមក។

* តើការបោះឆ្នោតនេះជាជម្រើសរវាង «សង្គ្រាម និងសន្តិភាព» ឬ?
នៅមុនការបោះឆ្នោតសកលចូលមកដល់ មានការព្រមានជាច្រើនថាប្រសិនបើបេក្ខជនមេដឹកនាំថ្មីរបស់តៃវ៉ាន់ លោក Lai Ching te ទទួលបានជ័យជម្នះ នោះ លោកអាចនឹងប្រកាសឯករាជ្យឱ្យតៃវ៉ាន់ ហើយដែលការធ្វើបែបនេះនឹងបង្កឱ្យសង្រ្គាមផ្ទុះឡើងក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ដោយមានអន្តរាគមន៍យោធា ពីសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ អ្នកជំនាញគោលនយោបាយការបរទេសដូចជាលោក Richard C. Bush បានកត់សម្គាល់ថាការយល់ឃើញបែបនេះគឺមិនត្រូវទេ ក្រោមហេតុផល ៤ធំៗ៖

ទី១៖ លោក Lai Ching te បានផ្លាស់ប្ដូរគោលជំហររបស់លោករួចទៅហើយស្ដីពីចិន ដោយងាកមករកការបោះជំហានយ៉ាងប្រុងប្រយ័ត្ន ដូចដែលលោកស្រី សៃ បានអនុវត្តកន្លងមក។ លោក Lai បានអះអាងទៀតផងថាលោកនឹងក្លាយជាបេក្ខជនដែលនឹងការពារ «ស្ថានភាពដើម» ពោលគឺលោកយល់ស្របចំពោះគោលជំហរ របស់លោកស្រី សៃ ដែលមិនចុះញ៉មនឹងការដាក់សម្ពាធពីចិន ហើយក៏មិនបង្ករឿងមុនដាក់ចិន ដោយសារតែតៃវ៉ាន់មានការគាំទ្រពីសហរដ្ឋអាមេរិក។

ទី២៖ ចិនខ្លួនឯងដឹងច្បាស់ថាសព្វថ្ងៃ ការប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមជាមួយតៃវ៉ាន់ ជារឿងប្រថុយប្រថានដ៏គ្រោះថ្នាក់ ដ្បិតមានមួយផ្នែក កងទ័ពរំដោះប្រជាជនចិន PLA មិនទាន់ត្រៀមលក្ខខណៈសម្រាប់សង្រ្គាមនៅតៃវ៉ាន់ ដែលអាចនឹងមានអន្តរាគមន៍យោធាពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត របស់អាមេរិកនៅឡើយទេ។

ទី៣៖ ចិនមានជម្រើសជាច្រើនដើម្បីលេងជាមួយតៃវ៉ាន់ និងសហរដ្ឋអាមេរិក ហើយក្នុងជម្រើសមួយដែលលោក ស៊ី ជីនពីង ចូលចិត្តជាងគេ គឺការសម្លុតគំរាម តាមរយៈការធ្វើសកម្មភាពយោធា និងសមយុទ្ធយោធាសម្ញែងសាច់ដុំក្បែរតៃវ៉ាន់ គួបផ្សំជាមួយការប្រើអំណាចសេដ្ឋកិច្ច និងការទូតការដាក់សម្ពាធលើតៃវ៉ាន់។ យុទ្ធសាស្ត្រមួយនេះមានភាពប្រថុយប្រថានតិចតួច ដោយមានគោលដៅលើស្មារតីរបស់ប្រជាជនតៃវ៉ាន់ ខណៈក្រុមអ្នកវិភាគខ្លះជឿថាយុទ្ធសាស្ត្រនេះកំពុង ដំណើរការទៅមុខសន្សឹមៗ។

ទី៤៖ ទោះបីជាចិនអាចនឹងបន្ធូរបន្ថយការសម្លុត និងបំភិតភ័យ ក្នុងករណីដែលបេក្ខជនមកពីគណបក្ស Kuomintang លោក Hou Yu Ih ជាអ្នកឈ្នះនៅក្នុង ការបោះឆ្នោតនៅថ្ងៃទី១៣ ខែមករាក៏ដោយ ក៏វាមិនប្រាកដនោះដែរថាគណបក្ស Kuomintang អាចរក្សានយោបាយទន់ភ្លន់ចំពោះចិន ដូចដែលអតីតមេដឹកនាំ តៃវ៉ាន់មកពីគណបក្សប្រឆាំងមួយនេះគឺលោក Ma Ying Jeou បានអនុវត្តក្នុងទំនាក់ទំនងជាមួយចិន កាលរូបលោកនៅកាន់តំណែងនោះដែរ។ ពីព្រោះចាប់តាំងពី ឆ្នាំ២០០៨មក មានរឿងជាច្រើនបានប្រែប្រួលអស់ទៅហើយ។ ការប្រែប្រួលទាំងនោះរួមមានបច្ចុប្បន្ន គណបក្ស Kuomintang មានការប្រុងប្រយ័ត្ននឹងចិន ខ្លាំងជាងជំនាន់តៃវ៉ាន់ នៅក្រោមការដឹកនាំរបស់លោក Ma ទៅទៀត ហើយហេតុផល នោះគឺដោយសារតែគោលនយោបាយខ្លះរបស់ចិន តួយ៉ាងដូចជាចំពោះ ទីក្រុងហុងកុង និងការផ្លាស់ប្ដូរនៅក្នុងទស្សនយល់ឃើញរបស់ប្រជាជនតៃវ៉ាន់ ដែលមានទំនោរកាន់តែច្រើនប្រឆាំងនឹងការបង្រួបបង្រួមជាមួយចិន ដោយពួកគេ ចង់រក្សាស្ថានភាពដើម មិនប្រកាសឯករាជ្យ ហើយក៏មិនស្ថិតក្រោមការត្រួតត្រារបស់ប៉េកាំង។

ដូច្នេះ ប្រជាជនតៃវ៉ាន់នឹងត្រូវបោះឆ្នោតជ្រើសរើសមេដឹកនំាថ្មីរបស់ពួកគេ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ហើយមិនថាគណបក្ស ឬបេក្ខជនមេដឹកនាំរូបណា ជាអ្នកឈ្នះនោះទេ ក៏ពួកគេនឹងត្រូវជួបបញ្ហាប្រឈមជាច្រើនក្នុងការដឹកនាំ ហើយរឿងដែលពួកគេត្រូវគិតគូរមុនគេ គឺ«ស្ថានដើម» ដែលប្រជាជន តៃវ៉ាន់ភាគច្រើន លើសលុបចង់បាន៕