(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនបានដឹកនាំបេសកកម្មទៅកាន់មន្ទីរពេទ្យ ដែលមិនដំណើរការនៅភាគខាងជើងហ្គាហ្សាកាលពីចុងសប្តាហ៍នេះ ដោយពណ៌នាអំពីការកើនឡើងនៃភាពអស់សង្ឃឹម និងភាពអត់ឃ្លានកាន់តែខ្លាំងឡើង។ នេះបើយោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។
ប្រមុខ WHO លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យ (២៤ ធ្នូ) នៅលើទំនាក់ទំនង X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ថា ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួនបានប្រគល់ជំនួយ រួមទាំងប្រេងឥន្ធនៈដល់មន្ទីរពេទ្យ Shifa ដែលត្រូវបានបំផ្លិចបំផ្លាញ ដែលធ្លាប់ជាមន្ទីរពេទ្យធំបំផុត និងទំនើបបំផុតនៅហ្គាហ្សា។
លោកបានព្រមានទៀតថា «អរិភាពដែលកំពុងបន្ត និងចំនួនអ្នករបួសជាច្រើនគឺលើសសមត្ថិភាពរបស់យើងជួយ»។ ប៉ុន្តែលោកបានសម្តែងក្តីសង្ឃឹមថា ការផ្តល់ប្រេងម៉ាស៊ីនចំនួន ១៩,២០០ លីត្រកាលពីថ្ងៃសៅរ៍ នឹងជួយធ្វើឱ្យសេវាសំខាន់ៗនៅមន្ទីរពេទ្យរស់ឡើងវិញ ដែលបច្ចុប្បន្នមានត្រឹមតែ «ផ្តល់សសង្គ្រោះបឋមបំផុតប៉ុណ្ណោះ»។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា «នឹងត្រូវការច្រើនទៀត»។
ប្រមុខ WHO រូបនេះបាននិយាយទៀតថា អ្វីដែលអ្នកចូលរួមក្នុងបេសកកម្មថ្ងៃទី ២៣ ខែធ្នូបានធ្វើជាសាក្សីគឺថា «ការកើនឡើងនៃភាពអស់សង្ឃឹម ដោយសារតែភាពអត់ឃ្លានធ្ងន់ធ្ងរ» ដោយលោកបានទំពាវនាវមានការបង្កើនការផ្តល់ជំនួយជាបន្ទាន់នូវស្បៀងអាហារ និងទឹក ដើម្បីធានាបាននូវសុខភាព និងស្ថិរភាពរបស់ប្រជាជន។
គួរបញ្ជាក់ថា សង្រ្គាមបានផ្ទុះឡើងបន្ទាប់ពីក្រុមយុទ្ធជនហាម៉ាស់ បានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១,១៤០ នាក់ និងចាប់ចំណាប់ខ្មាំងចំនួន ២៥០ នាក់ នេះបើយោងតាមការបូកសរុបរបស់ AFP ដោយផ្អែកលើទិន្នន័យរបស់អ៊ីស្រាអែល។ អ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងយុទ្ធនាការយោធាឥតឈប់ឈរ ដែលបានសម្លាប់មនុស្សជាង ២០,៤០០ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ៕
រូបភាពពី AFP