(តេហេរ៉ង់)៖ នៅថ្ងៃចន្ទនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ បានចេញមុខបដិសេធការអះអាងរបស់សហរដ្ឋអាមេរិក ដែលបានចោទថា អ៉ីរ៉ង់បានកំណត់គោលដៅវាយប្រហារលើ កប៉ាល់ដឹកសារធាតុគីមី១គ្រឿង នៅក្បែរឆ្នេរនៃប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣។
កាលពីចុងសប្តាហ៍កន្លងទៅនេះ មន្ទីរបញ្ចកោណអាមេរិក បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កប៉ាល់ដឹកប្រេងឈ្មោះ CHEM PLUTO ដែលមានចងទង់ជាតិលីបេរីយ៉ា ជាកម្មសិទ្ធិរបស់ជប៉ុន និងធ្វើប្រតិបត្តិការដោយហូឡង់ បានរងការវាយប្រហារ កាលពីវេលាម៉ោងប្រហែល ១០ព្រឹកថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) នៅតំបន់មហាសមុទ្រឥណ្ឌា ត្រង់ចំណុចដែលមានចម្ងាយប្រមាណជា ៣៧០គីឡូម៉ែត្រ ពីឆ្នេរសមុទ្ររបស់ប្រទេសឥណ្ឌា ដោយយន្តហោះដ្រូនអត្តឃាត ដែលបាញ់បញ្ជូនមកពីប្រទេសអ៉ីរ៉ង់។
បើតាមសេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណ វាគឺជាការវាយប្រហារលើកទី៧ហើយរបស់អ៉ីរ៉ង់ លើកប៉ាល់ពាណិជ្ជកម្ម គិតចាប់តាំងតែពីឆ្នាំ២០២១មក ប៉ុន្តែហេតុការណ៍វាយប្រហារខាងលើ ពុំបានបង្កឱ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ ហើយអគ្គីភ័យដែលបង្កឡើងគឺត្រូវបានពន្លត់ទៅវិញភ្លាមៗ។ យ៉ាងណាក្តី អ៉ីរ៉ង់បានចេញមុខច្រានចោល ការអះអាងរបស់ទីក្រុងវ៉ាស៉ីនតោនថា ជាការចោទប្រកាន់គ្មានមូលដ្ឋាន។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ដដែល អាមេរិកក៏បានរាយការណ៍ ពីករណីវាយប្រហារលើកប៉ាល់ពាណិជ្ជកម្ម២គ្រឿង នៅសមុទ្រក្រហម ធ្វើឡើងដោយយន្តហោះដ្រូន ដែលបាញ់ចេញពីទឹកដីនៃប្រទេសយេម៉ែន ដែលកាន់កាប់ដោយក្រុមឧទ្ទាមហ៊ូទី ផងដែរ។ ក្រុមហ៊ូទីនេះ គឺជាសម្ព័ន្ធមិត្តមួយរបស់អ៉ីរ៉ង់នៅក្នុងតំបន់។ ក្រុមហ៊ូទី បានបង្កការរំខានចំពោះ ការពាណិជ្ជកម្មតាមដែនសមុទ្ររបស់ពិភពលោក អស់រយៈពេលប៉ុន្មានសប្តាហ៍មកហើយ តាមរយៈការវាយប្រហារលើកប៉ាល់នានា ដែលបើកឆ្លងកាត់ច្រកសមុទ្រ Bab al-Mandab ដែលស្ថិតនៅចុងភាគខាងត្បូងនៃសមុទ្រក្រហម ដើម្បីឆ្លើយតបចំពោះការធ្វើសង្រ្គាមដ៏បង្ហូរឈាម របស់អ៉ីស្រាអែលនៅតំបន់ Gaza។ ចំណែក រដ្ឋាភិបាលអ៉ីរ៉ង់ក៏បានរិះគន់ម្តងហើយម្តងទៀត ចំពោះសង្រ្គាមអ៉ីស្រាអែលផងដែរ៕
រូបភាពពី Reuters