(រ៉ាបា)៖ មនុស្សរាប់ពាន់នាក់បាននាំគ្នាដើរដង្ហែរក្បួនដ៏ធំមួយ ដើម្បីបង្ហាញការគាំទ្រចំពោះប៉ាឡេស្ទីននៅក្នុងទីក្រុងរ៉ាបា (Rabat) នៃប្រទេសម៉ារ៉ុក កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដោយទាមទារឲ្យម៉ារ៉ុកបញ្ចប់ទំនាក់ទំនងរបស់ខ្លួន ជាមួយអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣។

សង្រ្គាមនៅតំបន់ហ្គាហ្សា កំពុងអូសទាញមនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសម៉ារ៉ុក ដែលភាគច្រើនដឹកនាំដោយក្រុមអារ៉ាប់ និងអ្នកកាន់សាសនាឥស្លាម ឲ្យបង្ហាញចំណាប់អារម្មណ៍ប្រឆាំងទៅនឹងអ៉ីស្រាអែល។ ក្បួនតវ៉ាដ៏ធំកាលពីថ្ងៃអាទិត្យនោះ ត្រូវបានសហការរៀបចំដោយក្រុមឆ្វេងនិយម និងក្រុមប្រឆាំងក្នុងប្រទេសម៉ារ៉ុក។ ភាគច្រើននៃអ្នកតវ៉ាចំនួន ១០,០០០នាក់ ហាក់ដូចជាអ្នកកាន់សាសនាឥស្លាម ដោយបុរសដើរដង្ហែដាច់ដោយឡែកពីស្ត្រី និងគ្រវីទង់ជាតិប៉ាឡេស្ទីន រួមតាំងកាន់បដាដែលសរសេរថា «តស៊ូហូតដល់មានជ័យជម្នះ បញ្ឈប់ការធ្វើប្រក្រតីភាពនៃទំនាក់ទំនង រវាងរដ្ឋាភិបាលម៉ារ៉ុកជាមួយអ៉ីស្រាអែល ដោះលែងប៉ាឡេស្ទីន»

គួរបញ្ជាក់ថា ម៉ារ៉ុកបានព្រមព្រៀងពង្រឹងទំនាក់ទំនងជាមួយអ៉ីសា្រអែលនៅឆ្នាំ ២០២០ ក្រោមកិច្ចព្រមព្រៀងមួយដែលសម្របសម្រួល ដោយសហរដ្ឋអាមេរិក អំឡុងអាណត្តិដឹកនាំរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។ ត្បិតមិនទាន់បង្កើតស្ថានទូតទៅវិញទៅមក ដូចដែលបានព្រមព្រៀងគ្នាក្តី ប៉ុន្តែប្រទេសទាំងពីរបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ៕

រូបភាពពី AFP