(ប៉េកាំង)៖ ថ្ងៃទី២២ ខែធ្នូ គម្រោងរោងចក្រទំនើបស្តុកថាមពលទីក្រុងសៀងហៃនៃក្រុមហ៊ុន Tesla នៅសង្កាត់ Lingang ទីក្រុងសៀងហៃបានចាប់ផ្តើមសាងសង់ជាផ្លូវការ ហើយនេះក៏ជារោងចក្រទំនើបស្តុកថាមពលដំបូងរបស់ក្រុមហ៊ុន Teslaនៅខាងក្រៅអាមេរិកផងដែរ ។

ទិន្នន័យថ្មីបំផុតបានបង្ហាញថា ចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំនេះ សហគ្រាសវិនិយោគបរទេសដែលបង្កើតឡើងថ្មី នៅប្រទេសចិនមានចំនួន៤៨០៧៨ បានកើនឡើង៣៦.២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅ។ មជ្ឈដ្ឋានមតិខាងក្រៅសម្គាល់ឃើញថា ស្របតាមការបង្អង់កំណើនសេដ្ឋកិច្ចសកល និងការឡើងកម្តៅនៃការប្រកួតប្រជែង នយោបាយភូមិសាស្ត្រ ទីផ្សារចិនកាន់តែមានភាពទាក់ទាញ "ការវិនិយោគនៅប្រទេសចិន" ក៏បានក្លាយជានិន្នាការសំខាន់ និងទូទៅរួចទៅហើយ។

មិនត្រឹមតែមានក្រុមហ៊ុនបរទេសកាន់តែច្រើនឡើងៗ ទៅបើករោងចក្រនិងវិនិយោគទុន នៅប្រទេសចិនតែប៉ុណ្ណោះទេ ថែមទាំងរចនាសម្ព័ន្ធទាក់ទាញ ការវិនិយោគបរទេសរបស់ប្រទេសចិន ក៏កំពុងតែមានភាពប្រសើរឡើងជាបន្តបន្ទាប់ផងដែរ ។ ចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំនេះ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិន បានទាក់ទាញការវិនិយោគចំនួន ៣៨៦.៦៥ប៊ីលានយាន់ប្រាក់ចិន ស្មើនឹង៣៧.២ភាគរយនៃបរិមាណដើមទុនបរទេស ដែលបានប្រើប្រាស់ជាក់ស្តែង ដែលមានកម្រិតខ្ពស់ជាងរយៈពេលដូចគ្នានៃឆ្នាំ២០២២។ ក្នុងចំណោមនោះ ការវិនិយោគលើវិស័យឧស្សាហកម្ម ផលិតបរិក្ខារនិងឧបករណ៍វេជ្ជសាស្ត្រ ឧស្សាហកម្មផលិតឧបករណ៍អេឡិចត្រូនិក និងទូរគមនាគមន៍បានកើនឡើងយ៉ាងខ្លាំង ហើយការប្រើប្រាស់ជាក់ស្តែង នៃការវិនិយោគបរទេស ក្នុងវិស័យសិក្សាស្រាវជ្រាវនិងផលិត ព្រមនិងសេវាកម្មរចនាក៏បានកើនឡើង យ៉ាងលេចធ្លោផងដែរ។

បើពិនិត្យមើលពីប្រភពនៃការវិនិយោគបរទេសអាចឃើញថា ការវិនិយោគនៅប្រទេសចិនរបស់អង្គភាពសេដ្ឋកិច្ចអភិវឌ្ឍន៍មួយចំនួន មានល្បឿនកើនឡើងយ៉ាងឆាប់រហ័ស។ ក្នុងចំណោមនោះ ការវិនិយោគជាក់ស្តែងនៅប្រទេសចិនរបស់អង់គ្លេស បារាំង ហូឡង់ ស្វីស និងអូស្ត្រាលីបានកើនឡើង៩៣.៩ភាគរយ ៩៣.២ភាគរយ ៣៤.១ភាគរយ ២៣.៣ភាគរយនិង១៤.៣ភាគរយដោយឡែកពីគ្នា។

សម្រាប់វិនិយោគិនបរទេស ការវិនិយោគនៅប្រទេសចិនគឺមានន័យថា ឱកាសវិនិយោគ។ ក្រៅពីទីផ្សារទ្រង់ទ្រាយធំសម្បើម ហេដ្ឋារចនាសម្ព័ន្ធដ៏ល្អពេញលេញ ខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយស្ថេរភាព ការអភិវឌ្ឍប្រកប ដោយភាពបើកទូលាយនិងច្នៃប្រឌិតថ្មី ការកែលម្អជាបន្តបន្ទាប់នៃបរិយាកាសធ្វើពាណិជ្ជកម្ម ព្រមនិងធនធានមនុស្សយ៉ាងគ្រប់គ្រាន់។ល។ ទាំងអស់នេះ បានផ្តល់ការធានាដល់ការផលិត និងធ្វើពាណិជ្ជកម្មសម្រាប់ សហគ្រាសបរទេស ព្រមទាំងបាននាំមកនូវផលប្រយោជន៍ យ៉ាងច្រើនដល់ពួកគេ។

មានមនុស្សមួយចំនួនក៏បានកត់សម្គាល់ផងដែរថា ចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំនេះ បរិមាណទុនបរទេសដែលប្រទេសចិន បានប្រើប្រាស់ដោយជាក់ស្តែង មានចំនួន១០៤០.៣៣ប៊ីលានយាន់ប្រាក់ចិន ដែលបានធ្លាក់ចុះ១០ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២២។ តើអ្នកផងទាំងពួងយល់យ៉ាងម៉េច ចំពោះការប្រែប្រួលនៃទិន្នន័យនេះ? តាមការពិត នេះមិនខុសប្លែកពីគ្នាពីកំណើននៃសហគ្រាសវិនិយោគបរទេសថ្មី នៅប្រទេសចិនក្នុងរយៈពេលដូចគ្នា នៃឆ្នាំ២០២២នោះទេ បើមើលពីបរិយាកាសខាងក្រៅអាចឃើញថា ការប្រែប្រួលនៃទំហំវិនិយោគបរទេស សំខាន់ដោយមកពីរងឥទ្ធិពលពីការធ្លាក់ចុះជាទូទៅ នៃការវិនិយោគឆ្លងដែនជាសកល ការកើនឡើងនៃហានិភ័យភូមិសាស្ត្រនយោបាយ និងផលប៉ះពាលនៃជំងឺរាតត្បាតកូវីដ១៩ នៅមិនទាន់រលាយសាបសូន្យជាដើម។ តាម《របាយការណ៍វិនិយោគពិភពលោកឆ្នាំ២០២៣》ដែលចេញផ្សាយដោយសន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍនាពេលថ្មីៗនេះបានបង្ហាញថា ដោយរងឥទ្ធិពលពីកត្តាជាច្រើន ការវិនិយោគផ្ទាល់បរទេសជាសកលនៅតែបន្ត ប្រឈមមុខនឹងសម្ពាធធ្លាក់ចុះនៅឆ្នាំនេះដដែល។ ប្រការនេះអាចឃើញថា ការប្រែប្រួលនៃទំហំវិនិយោគបរទេស គឺជាបញ្ហាមានលក្ខណៈសកល។

ពេលថ្មីៗនេះ អង្គការនិងស្ថាប័នអន្តរជាតិជាច្រើនដូចជា អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារអភិវឌ្ឍន៍អាស៊ីជាដើម សុទ្ធតែបានតម្លើងការរំពឹងទុកចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។ លោកBarnett តំណាងទីមួយ នៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ប្រចាំនៅប្រទេសចិនបានលើកឡើងថា "ប្រទេសចិននឹងរួមចំណែកប្រហែលមួយភាគបី នៃកំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៣"។ អ្នកវិភាគមួយចំនួនបានលើកឡើងថា ស្របពេលដែលប្រទេសចិនដាក់ ចេញគោលនយោបាយពាក់ព័ន្ធជាបន្តបន្ទាប់ ទំហំនិងសមាមាត្រសកលនៃការវិនិយោគបរទេស ដែលប្រទេសចិននឹងទាញយក នាពេលអនាគត នឹងកើនឡើងកាន់តែខ្លាំងទៀត។

ការដែលសហគ្រាសបរទេសកាន់តែច្រើនឡើងៗទៅ វិនិយោគនិងចាក់ឫសក្នុងប្រទេសចិន មានន័យយ៉ាងដូចម្ត៉េច? នេះបានបញ្ជាក់ថា សេដ្ឋកិច្ចចិនកំពុងមានការងើបឡើងវិញ និងប្រសើរឡើងជាបន្តបន្ទាប់ ដែលបានបញ្ជាក់ទៀតថា ប្រទេសចិននៅតែជាទីកន្លែងដ៏មាន ប្រជាប្រិយភាពសម្រាប់ការវិនិយោគពិភពលោក ហើយក៏បញ្ជាក់ទៀតដែរថា "ប្រទេសចិន" បន្ទាប់មួយទៀត នៅតែជាប្រទេសចិនដដែល៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន