(តេហេរ៉ង់)៖ អ៉ីរ៉ង់បានកោះហៅបេសកជនការទូតរុស្ស៉ី ដើម្បីសម្តែងការតវ៉ាចំពោះ សេចក្តីថ្លែងការណ៍មួយនាពេលថ្មីៗនេះ ធ្វើឡើងដោយទីក្រុងមូស្គូនិង​ក្រុមប្រទេសអារ៉ាប់ ដែលអំពាវនាវឱ្យមានកិច្ចចរចាជុំវិញដែនកោះចំនួន៣ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងតេហេរ៉ង់ ក៏ប៉ុន្តែត្រូវបានទាមទារដោយអេមីរ៉ាត់អារ៉ាប់រួម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣។

ការកោះហៅភារធារីរបស់ទីក្រុងមូស្គូកាលពីចុងសប្តាហ៍កន្លងទៅនេះ កើតឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពី រុស្ស៉ីដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ៉ីរ៉ង់ បានចុះហត្ថលេខាលើ​សេចក្តីប្រកាសរួមមួយជាមួយក្រុមប្រទេសអារ៉ាប់ ដែលគាំទ្រឱ្យមានដំណោះស្រាយដោយសន្តិវិធី និងឱ្យមានកិច្ចផ្តួចផ្តើម ដើម្បីដោះស្រាយ​បញ្ហាជម្លោះនៃដែនកោះទាំងនោះ។ ក្រសួងការបរទេសអ៉ីរ៉ង់ បាននិយាយថា ដោយសារអវត្តមានឯកអគ្គរដ្ឋទូត ភារធារីរុស្ស៉ីប្រចាំតេហេរ៉ង់ ត្រូវបានកោះហៅដើម្បីបង្ហាញកំណត់ទូតតវ៉ា ចំពោះខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួម រវាងរុស្ស៉ីនិងក្រុមប្រទេសអារ៉ាប់។

ក្រសួងការបរទេសអ៉ីរ៉ង់ បានសង្កត់ធ្ងន់ថា ប្រទេសអ៉ីរ៉ង់ចាត់ទុកការទាមទារពីភាគីណាមួយ ពាក់ព័ន្ធនឹងដែនកោះទាំងនេះ ជារឿងមិនអាច​ទទួលយកបានដាច់ខាត និងត្រូវបដិសេធចោល។ រីឯប្រមុខការទូតអ៉ីរ៉ង់ លោក Hossein Amir-Abdollahian បានហៅពួកវាថាជា ផ្នែកដ៏សំខាន់នៃបូរណភាពទឹកដីរបស់ប្រទេសអ៉ីរ៉ង់ ហើយលោកបានបន្ថែមថា ទីក្រុងតេហេរ៉ង់នឹងមិនចរចាជាមួយភាគីណាមួយ ពាក់ព័ន្ធបញ្ហាបូរណភាពទឹកដី និង​អធិបតេយ្យជាតិឡើយ។

គួរបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំនេះ អ៉ីរ៉ង់ក៏ធ្លាប់បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៉ី ដើម្បីសម្តែងការតវ៉ាចំពោះសេចក្តីថ្លែងការណ៍រួមមួយ មានខ្លឹមសារស្រដៀងគ្នា ដែលត្រូវបានចុះហត្ថលេខាដោយទីក្រុងមូស្គូនិងក្រុមប្រទេសអារ៉ាប់ ស្តីពីបញ្ហាដែនកោះប៉ុន្មានខាងលើផងដែរ។ ដោយស្ថិតក្នុងតំបន់ឈូងសមុទ្រពែរ្ស កោះយុទ្ធសាស្រ្តទាំង៣ គឺ Greater Tunb, Lesser Tunb និង Abu Musa មានទីតាំង​នៅក្បែរច្រកសមុទ្រ Hormuz ជាទីដែល១ភាគ៥នៃទិន្នផលប្រេងរបស់ពិភពលោក ត្រូវដឹកជញ្ជូនឆ្លងកាត់៕

រូបភាពពី AFP