(ម៉ាឌ្រីដ)៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ អេស៉្បាញបានប្រកាសថា ខ្លួននឹងមិនចូលរួមក្នុងក្រុមចម្រុះដឹកនាំសហរដ្ឋអាមេរិក ដែលមានគោលដៅ​ការពារ កប៉ាល់ដឹកទំនិញនៅតំបន់សមុទ្រក្រហម ពីការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទីនៃប្រទេសយេម៉ែនឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការពារជាតិអេស៉្បាញ បានប្រាប់ AFP ថា អេស៉្បាញនឹងមិនចូលរួមក្រុមចម្រុះសមុទ្រក្រហម ដែលអាមេរិកប្រកាសបង្កើត​ឡើង នាពេលថ្មីៗនេះទេ។ ខណៈហេតុផលមិនត្រូវបានបញ្ជាក់សម្រាប់ការសម្រេចចិត្តបែបនេះក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អេស៉្បាញ បានរាយការណ៍នៅថ្ងៃដដែលថា ការសម្រេចចិត្តនោះ ត្រូវបានជំរុញដោយនយោបាយក្នុងប្រទេស ដ្បិតនាយករដ្ឋមន្រ្តីអេស៉្បាញ លោក Pedro Sanchez កំពុងបន្តស្ថិតក្នុងដំណើរការ នៃការបង្កើតរដ្ឋាភិបាលចម្រុះអាណត្តិថ្មី ហើយត្រូវការការគាំទ្រពីគណបក្សឆ្វេងនិយម Sumar ដែលប្រឆាំងគោលនយោបាយការបរទេសរបស់អាមេរិក។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មន្ទីរបញ្ចកោណអាមេរិកបានអះអាងថា មានប្រទេសសរុបកើនដល់២០ ស្ម័គ្រចិត្តចូលរួមក្នុង​ក្រុមចម្រុះដឹកនាំដោយទីក្រុងវ៉ាស៉ីនតោន ដើម្បីផ្តល់ការការពារសន្តិសុខនៅតំបន់សមុទ្រក្រហម ដែលជាផ្លូវដឹកជញ្ជូនសមុទ្រដ៏សំខាន់មួយ។ ក្រុមហ៊ូទីដែលគាំទ្រដោយអ៉ីរ៉ង់ បានធ្វើសកម្មភាពវាយប្រហារជាបន្តបន្ទាប់ លើកប៉ាល់ដឹកជញ្ជូនដែលបើកកាត់សមុទ្រនោះ ក្នុងបុព្វហេតុដែលពួកគេអះអាងថា ដើម្បីសម្តែងការគាំទ្រដល់ប៉ាឡេស្ទីន ចំពោះមុខសង្រ្គាមដ៏បង្ហូរឈាមរវាងអ៉ីស្រាអែលនិងក្រុមហាម៉ាស នៅឯតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ដែលបានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា៕

រូបភាពពី Reuters