(មូស្គូ)៖ មន្រ្តីកំពូលរុស្ស៉ីមួយរូបបាននិយាយថា ប្រទេសរុស្ស៉ីមានប្រៀបជាងក្នុងការផលិតសព្វាវុធ បើធៀបនឹងក្រុមប្រទេសលោកខាងលិច ហើយមានបំណងរក្សាសន្ទុះឱ្យនៅខ្ពស់ដដែល ខណៈទាំងទីក្រុងមូស្គូនិងក្រុមសម្ព័ន្ធមិត្តបញ្ចិមប្រទេស សុទ្ធតែបាននិងកំពុងប្រឹងប្រែងបង្កើនការផលិតអាវុធសម្រាប់សង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣។
កាលពីខែកុម្ភៈ ឆ្នាំ២០២២ រុស្ស៉ីបានចូលឈ្លានពានអ៊ុយក្រែន ដែលបង្កជាសង្រ្គាមធំបំផុតនៅអឺរ៉ុប គិតចាប់តាំងពីសង្រ្គាមលោកលើកទី២ និងជាការប្រឈមមុខគ្នាដ៏ស៉ីជម្រៅបំផុត រវាងរុស្ស៉ីនិងលោកខាងលិច គិតចាប់តាំងពីសម័យសង្រ្គាមត្រជាក់។ អ៊ុយក្រែននិងក្រុមប្រទេសលោកខាងលិច ដែលជាអ្នកគាំទ្ររបស់ខ្លួន បានបង្កើនការផលិតសព្វាវុធ ដើម្បីព្យាយាមយកឈ្នះកងកម្លាំងរុស្ស៉ី នៅសមរភូមិអ៊ុយក្រែន។ រីឯរុស្ស៉ីក៏បានបង្កើនការផលិតអាវុធដូចគ្នា។
លោក Denis Manturov ដែលជាឧបនាយករដ្ឋមន្រ្តីរុស្ស៉ីទទួលបន្ទុកការផលិតសព្វាវុធ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី យ៉ាងដូច្នេះថា «ខ្ញុំមិនចង់អួតនោះទេ ប៉ុន្តែខ្ញុំអាចនិយាយថា យើងបានចាប់ផ្តើមកើនសន្ទុះនៃការផលិតអាវុធ លឿនជាងលោកខាងលិច។ សំណួរគឺនៅត្រង់ថា តើការរត់ប្រណាំងនេះ នឹងមានរយៈពេលយូរប៉ុន្មាន»។ បើតាមលោក Manturov ផែនការសព្វាវុធរុស្ស៉ីសម្រាប់ឆ្នាំ២០២៥ ដល់ឆ្នាំ២០៣៤ នឹងត្រូវអនុម័តនៅឆ្នាំ២០២៤។ ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន និងរដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Sergei Shoigu ធ្លាប់បាននិយាយថា ការផលិតកាំភ្លើងធំ ដ្រូន រថក្រោះ និងរថពាសដែក គឺកំពុងកើនសន្ទុះយ៉ាងខ្លាំងក្លា។
គួរបញ្ជាក់ថា អតីតមេដឹកនាំលោកខាងលិចមួយចំនួន ធ្លាប់បានលើកឡើងពីសង្រ្គាមត្រជាក់ថ្មីមួយ ដែលនៅម្ខាងមានរុស្ស៉ីហើយនិងចិន រីឯនៅចំហៀងម្ខាងទៀត មានសហរដ្ឋអាមេរិក និងក្រុមសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៉ីនតោន។ យ៉ាងណាមិញ សេដ្ឋកិច្ចទំហំ២ទ្រីលានដុល្លាររបស់ប្រទេសរុស្ស៉ី ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ប្រហែលជាពិបាកនឹងទប់ទល់ ជាមួយអនុភាពរបស់ក្រុមលោកខាងលិចទាំងមូល សម្រាប់រយៈពេលវែង៕
រូបភាពពី Reuters