(កូឡុំបូ)៖ មន្រ្តីពន្ធនាគារនៃប្រទេសស្រីលង្កា បានឱ្យដឹងនាថ្ងៃចន្ទនេះថា ប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe បានសម្រេចផ្តល់ការលើកលែងទោសដល់ ទណ្ឌិតសរុបចំនួនជាង១,០០០នាក់ ហើយបង្គាប់ឱ្យដោះលែងពួកគេចេញពីពន្ធនាគារនៅទូទាំងប្រទេស ដើម្បីអបអរឱកាសថ្ងៃបុណ្យណូអែល ឬ Christmas។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣។

លោក ​Gamini Dissanayake ដែលជាមន្រ្តីពន្ធនាគារខាងលើ បានប្រាប់ថា ក្នុងចំណោមអ្នកទោសសរុប១,០០៤នាក់ ដែលត្រូវបាន​ដោះលែងនាថ្ងៃចន្ទនេះ គឺរួមមានទាំងពលរដ្ឋស្រីលង្កាដែលត្រូវជាប់ឃុំឃាំង ដោយសារមិនអាចបង់ប្រាក់ពិន័យបាន។ ស្រីលង្កាតាមពិតគឺជា ​ប្រទេសមានអ្នកកាន់ពុទ្ធសាសនាភាគច្រើន ហើយចំនួនអ្នកទោសប្រហាក់ប្រហែលគ្នា ក៏ត្រូវបានដោះលែងផងដែរកាលពីខែឧសភា ឆ្នាំនេះ នាឱកាសបុណ្យវិសាខបូជា ដែលជាថ្ងៃបុណ្យក្នុងសាសនាព្រះពុទ្ធ។

គួរបញ្ជាក់ថា ការលើកលែងទោសថ្មីចុងក្រោយនេះធ្វើឡើង បន្ទាប់ពីប៉ូលិសស្រីលង្កាទើបតែបានចាប់ខ្លួន មនុស្សសរុបជិត១៥,០០០នាក់ អំលុង​ប្រតិបត្តិការបង្រ្កាបគ្រឿងញៀន។ យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិស ជនសង្ស័យចំនួន១៣,៦៦៦នាក់ ត្រូវបានចាប់ខ្លួន ខណៈជនប្រើប្រាស់គ្រឿងញៀនជិត១,១០០នាក់ ត្រូវបញ្ជូនទៅកាន់មជ្ឈមណ្ឌលស្តារនីតិសម្បទារបស់យោធា ហើយគ្រឿងញៀនជិត​៤៤០គីឡូក្រាម ត្រូវបានរឹបអូស៕

រូបភាពពីបណ្តាញទំនាក់ទំនងសង្គម