(ឡុងដ៍)៖ ក្រសួងការពារជាតិអង់គ្លេស បានប្រកាសកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ អំពីផែនការដាក់ពង្រាយនាវាល្បាតមួយគ្រឿងរបស់កងទ័ពជើងទឹក ទៅកាន់ប្រទេសហ្គីយ៉ាន នៅចុងខែធ្នូ ខណៈប្រទេសនៅអាមេរិកខាងត្បូងមួយនេះ កំពុងប្រឈមនឹងជម្លោះព្រំដែនជាមួយប្រទេសជិតខាង គឺវ៉េណេស៊ុយអេឡា ជុំវិញតំបន់ Essequibo ដែលសម្បូរទៅដោយប្រេង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣។

ការសម្រេចដាក់ពង្រាយនេះកើតមានឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសម្នាក់ នៅប្រទេសហ្គីយ៉ាន កាលពីដើមខែធ្នូ ដើម្បីបង្ហាញការគាំទ្រសម្រាប់ប្រទេសដែលជាអតីតដែនដីស្ថិតក្រោមអាណានិគមរបស់ខ្លួន។ ក្រសួងការពារជាតិអង់គ្លេស បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ចក្រភពអង់គ្លេសនឹងដាក់ពង្រាយនាវារបស់កងទ័ពជើងទឹក HMS Trent ដោយមិនសំដៅលើវ៉េណេស៊ុយអេឡា ឬជម្លោះព្រំដែននោះទេ។ បើតាមអ្នកនាំពាក្យ ក្រសួងការពារជាតិអង់គ្លេស នាវាកងទ័ពជើង HMS Trent នឹងទៅសួរសុខទុក្ខសម្ព័ន្ធមិត្តក្នុងតំបន់ និងជាដៃគូនៅភាគភាគឦសាននៃតំបន់អាមេរិកខាងត្បូង របស់អង់គ្លេស ហើយជាផ្នែកនៃការចូលរួមជាបន្តបន្ទាប់របស់ទីក្រុងឡុងដ៍ក្នុងតំបន់ នៅក្រោមភារកិច្ចល្បាតក្នុងតំបន់អាត្លង់ទិក (Atlantic Patrol Task)។

គួរបញ្ជាក់ថា តំបន់ Essequibo ដែលមានទំហំ ១៦០,០០០គីឡូម៉ែត្រក្រឡា ជាទូទៅត្រូវបានទទួលស្គាល់ថាជាផ្នែកមួយនៃប្រទេសហ្គីយ៉ាន ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ វ៉េណេស៊ុយអេឡា ស្រាប់តែទាមទារចំណែកទឹកដីឡើងវិញ និងឯតំបន់ឈូងសមុទ្របន្ទាប់ពីការរកឃើញប្រេង និងឧស្ម័នសំខាន់ៗ។ ហ្គីយ៉ាន និងវ៉េណាស៊ុយអេឡា បានព្រមព្រៀងគ្នាកាលពីដើមខែធ្នូ ដើម្បីជៀសវាងការប្រើកម្លាំងបាយណាមួយ និងមិនធ្វើឲ្យភាពតានតឹងកាន់តែកើនឡើងនៅក្នុងជម្លោះដ៏រ៉ាំរ៉ៃនេះ៕

រូបភាពពី Reuters