(កូឡុំបូ)៖ ប៉ូលិសស្រីលង្កាបានប្រកាសកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ អំពីការចាប់ខ្លួនមនុស្សជិត ១៥,០០០នាក់ អំឡុងពេលមួយសប្តាហ៍នៃ យុទ្ធនាការប្រឆាំងគ្រឿងញៀនដែលគាំទ្រដោយយោធា ខណៈរងការរិះគន់ពីក្រុមសកម្មជនសិទ្ធិមនុស្ស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣។

ប៉ូលិសបាននិយាយថា ប្រតិបត្តិការរបស់ពួកគេមានឈ្មោះ «Yuktiya» មានន័យថា «យុត្តិធម៌» បានឈានដល់ការរឹបអូសបានគ្រឿងញៀនជិត ៤៤០ គីឡូក្រាម ហើយជនសង្ស័យចំនួន ១៣,៦៦៦នាក់ត្រូវបានចាប់ខ្លួន ខណៈអ្នកប្រើប្រាស់គ្រឿងញៀនជិត ១,១០០នាក់ ត្រូវបញ្ជូនទៅកាន់មជ្ឈមណ្ឌលស្តារនីតិសម្បទារបស់យោធា។

ប៉ុន្តែ មេធាវីរបស់អង្គការសិទ្ធិមនុស្សមួយក្នុងប្រទេសសី្រលង្កា បាននិយាយថា ការវាយឆ្មក់របស់ប៉ូលិសគឺខុសច្បាប់ ដោយសារតែគ្មានដីកាចាប់ខ្លួន ហើយជំរុញឲ្យ ជនរងគ្រោះស្វែងរកព័ត៌មានលម្អិតពីក្រុមមន្រ្តី សម្រាប់បន្តផ្លូវច្បាប់នៅពេលក្រោយ។ ដោយឡែក ក្រុមសកម្មជន Ambika Satkunanathan បានលើកឡើង តាមបណ្តាញសង្គមថាប្រតិបត្តិការរបស់ប៉ូលិសមិនបានផ្អែកលើភស្តុតាង ហើយកំណត់គោលដៅតែលើតំបន់ក្រីក្រ។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០១៦ នៅក្នុងការបង្រ្កាបគ្រឿងញៀនដ៏ធំបំផុតរបស់ស្រីលង្កា ប៉ូលិសរឹបអូសបានថ្នាំញៀនប្រភេទកូកាអ៉ីនទម្ងន់ ៨០០គីឡូក្រាម។ អាជ្ញាធរស្រីលង្កជឿជាក់ថាប្រទេសដីកោះនៃតំបន់មហាសមុទ្រឥណ្ឌាមួយនេះ ត្រូវបានគេប្រើប្រាស់ជាចំណុចឆ្លងកាត់សម្រាប់ការជួញដូរគ្រឿងញៀន៕

រូបភាពពី Reuters