(តេហេរ៉ង់)៖ កងទ័ពជើងទឹកអ៉ីរ៉ង់ ទើបនឹងបានទទួលមីស៉ីលរយៈចម្ងាយ ១,០០០គីឡូម៉ែត្រ រួមទាំងឧទ្ធម្ភាគចក្រឈ្លបយកការណ៍ ចំពេលមានការចោទប្រកាន់ របស់សហរដ្ឋអាមេរិកថា អ៉ីរ៉ង់បានបើកការវាយប្រហារដោយយន្តហោះដ្រូនលើកប៉ាល់ដឹកសារធាតុគីមី នៅក្នុងមហាសមុទ្រឥណ្ឌា។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣។

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ ដោយបានដកស្រង់សម្តីរបស់ប្រមុខកងទ័ពជើងទឹកអ៉ីរ៉ង់ គឺលោក Shahram Irani ដែលបានលើកឡើងថា មីស៉ីលគ្រូស Talaeiyeh អាចបាញ់បានចម្ងាយជាង ១,០០០គីឡូម៉ែត្រ និងប្រភេទជាមីស៉ីលឆ្លាតវៃដែលអាចផ្លាស់ប្តូរគោលដៅ នៅពាក់កណ្តាលទីបាន។ រីឯឧទ្ធម្ភាគចក្រឈ្លបយកការណ៍ យន្តហោះដ្រូន និងមីស៉ីលបាញ់ចេញពីសមុទ្រ ក៏ស្ថិតក្នុងចំណោមអាវុធថ្មីៗដែលត្រូវបញ្ចូល ទៅក្នុងឃ្លាំងអាវុធ របស់កងទ័ពជើងទឹកអ៉ីរ៉ង់ផងដែរ។

គួរបញ្ជាក់ថា ថ្មីៗនេះ ក្រសួងការពារជាតិអាមេរិកបានចោទប្រកាន់អ៉ីរ៉ង់ថា បាញ់យន្តហោះដ្រូនលើកប៉ាល់ដឹកសារធាតុគីមី ដែលមានទង់ជាតិរបស់ប្រទេសលីបេរីយ៉ា នៅក្នុងមហាសមុទ្រឥណ្ឌា ដែលនេះជាឧប្បត្តិហេតុមួយបង្ហាញពីការកើនឡើងនូវភាពតានតឹងក្នុងតំបន់ និងហានិភ័យថ្មីមួយចំពោះការដឹកជញ្ជូនតាមផ្លូវទឹក ក្រោយផ្ទុះសង្រ្គាមនៅហ្គាហ្សាកាលពីថ្ងៃទី៧ ខែតុលា។ ប៉ុន្តែអ៉ីរ៉ង់បានបដិសេធនូវការចោទប្រកាន់នេះ៕

រូបភាពពី Reuters