(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃចន្ទ ទី២៥ ខែធ្នូនេះបានរាយការណ៍ថាចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីមួយកម្រិត ៦.២រ៉ិចទ័រដែលបាន វាយប្រហារលើតំបន់ដាច់ស្រយាលមួយស្ថិតភាគពាយព្យនៃប្រទេស បានកើនដល់ ១៤៩នាក់ ខណៈ២នាក់ផ្សេងទៀតបាត់ខ្លួន។ នេះបើតាមការដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
គ្រោះរញ្ជួយដីមួយកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារតំបន់ Jishishan នៃខេត្ត Gansu ក្បែរព្រំប្រទល់ខេត្ត Qinghai កាលពីវេលាយប់ពាក់កណ្តាលអធ្រាត្រ ថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារសប្តាហ៍មុន។ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន Xinhua គិតត្រឹមព្រឹកថ្ងៃចន្ទនេះ អ្នកបាត់បង់ជីវិតនៅខេត្ត Gansu មានចំនួន ១១៧នាក់ និងរបួស ៧៨១នាក់ ខណៈនៅខេត្ត Qinghai អ្នកស្លាប់កើនដល់ ៣២នាក់ និង ២នាក់បន្តបាត់ខ្លួននៅឡើយ។
ក្រៅតែពីបង្កឱ្យមានអ្នកស្លាប់ និងរងរបួស គ្រោះរញ្ជួយដីនេះក៏បានធ្វើឱ្យផ្ទះជាង ២០០,០០០ខ្នងរងការខូចខាត និងជាង១៥,០០០ខ្នងប្រឈមមុខនឹងការ ដួលរលំ ហើយប្រជាជន ១៤៥,០០០នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្ដោះអាសន្ន។ មិនតែប៉ុណ្ណោះ ក្រុមមន្ត្រីក្នុងខេត្ត Gansu ក៏បានវាយតម្លៃដែរថាការខូតខាតសេដ្ឋកិច្ចបង្កឡើយដោយគ្រោះរញ្ជួយដីនេះមានទំហំប្រហែល ៧៤.៦លានដុល្លារ៕