(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃចន្ទ ទី២៥ ខែធ្នូនេះបានចោទប្រកាន់ហ្វីលីពីនថាបានបំពានចូលទឹកដីរបស់ចិន ក្នុងតំបន់សមុទ្រចិនខាងត្បូង ម្ដងហើយម្ដងទៀត ព្រមទាំងបំប៉ោងបំផ្លើសព័ត៌មានមិនពិត និងបានសមគំនិតជាមួយកម្លាំងខាងក្រៅដើម្បីបង្កចលាចល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងបទអត្ថាធិប្បាយមួយ សារព័ត៌មានរដ្ឋចិន People's Daily បានគូសបញ្ជាក់ដូច្នេះថា «ហ្វីលីពីនបានពឹងផ្អែកលើការគាំទ្រពីសហរដ្ឋអាមេរិក ដើម្បី បន្តរករឿងចិន ជាមួយការធ្វើសកម្មភាពប្រកបដោយគ្រោះថ្នាក់ និងកំពុងបំផ្លាញដល់សន្តិភាព រួមទាំងស្ថិរភាពក្នុងតំបន់»។ ភ្លាមៗ ក្រសួងការបរទេសហ្វីលីពីន មិនបានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានទេ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ ដោយសារតែចំថ្ងៃ សម្រាកបុណ្យណូអែល។

គួរបញ្ជាក់ថា ភាពតានតឹងរវាងចិន និងហ្វីលីពីន បាននិងកំពុងឡើងកម្ដៅខ្លាំង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយភាគីទាំង២បានទម្លាក់កំហុស ដាក់គ្នាទៅវិញទៅមក ជុំវិញការប្រឈមមុខដាក់គ្នា ក្នុងនោះរួមមានទាំងការបុកគ្នារវាងនាវានៃប្រទេស២ ក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ កាលពី សប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ក៏បានធ្វើការព្រមានដោយផ្ទាល់ដ៏កម្រមួយផងដែរថាទំនាក់ទំនងរវាងចិន និងហ្វីលីពីន កំពុងស្ថិត នៅលើផ្លូវបំបែក តែលោកបានអំពាវនាវឱ្យមានការដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា៕

រូបភាពពី Reuters