(មូស្គូ)៖ ក្រុមមន្ត្រីយោធារុស្ស៉ី និងអ៊ុយក្រែន បានអះអាងរៀងៗខ្លួនពីការបាញ់ទម្លាក់យន្ដហោះចម្បាំងរបស់សត្រូវ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ នៅទីតាំងផ្សេងគ្នា នៃតំបន់សមរភូមិសង្រ្គាម អូសបន្លាយពេល ២២ខែមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣។

មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន លោក Mykola Oleshchuk បាននិយាយថាអង្គភាពប្រឆាំងយន្ដហោះចម្បាំងរបស់អ៊ុយក្រែន បានបាញ់ទម្លាក់ យន្ដហោះចម្បាំង Su-34 មួយគ្រឿង នៅក្បែរទីក្រុង Mariupol គ្រប់គ្រងដោយរុស្ស៉ីនៃតំបន់សមុទ្រ Azov ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។

ការអះអាងរបស់លោក Oleshchuk ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្ដហោះយោធាអ៊ុយក្រែនចំនួន ៤គ្រឿង ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ពោលតែ២ថ្ងៃប៉ុណ្ណោះក្រោយប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ទទួលស្គាល់ថាកងកម្លាំងអ៊ុយក្រែនបាញ់ទម្លាក់យន្ដហោះចម្បាំងរុស្ស៉ី ៣គ្រឿង។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិរុស្ស៉ី ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្ដហោះចម្បាំង Su-27 ៣គ្រឿង​ និងយន្ដហោះទម្លាក់គ្រាប់បែក Su-24 មួយគ្រឿង របស់អ៊ុយក្រែន នៅឯតំបន់ Zaporizhzhia និង Dnipropetrovsk នៃភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន៕