(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា សង្រ្គាមនៅតំបន់ហ្គាហ្សាកំពុងកំណត់តម្លៃដ៏ធ្ងន់មួយ ខណៈដែលចំនួនទាហានដែលត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធជាមួយក្រុមហាម៉ាសបានកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។
បន្ទាប់ពីកងទ័ពបានប្រកាសថា ទាហានអ៊ីស្រាអែលចំនួន ១៤ នាក់ត្រូវបានសម្លាប់នៅក្នុងទឹកដីប៉ាឡេស្ទីនចាប់តាំងពីថ្ងៃសុក្រ លោក Netanyahu បាននិយាយដូច្នេះថា «នេះគឺជាព្រឹកដ៏លំបាកមួយ បន្ទាប់ពីថ្ងៃដ៏លំបាកនៃការប្រយុទ្ធគ្នានៅក្នុងតំបន់ហ្គាហ្សា»។ លោកបានបន្ថែមថា «សង្រ្គាមកំពុងធ្វើឱ្យយើងខាតបង់យ៉ាងខ្លាំង... ប៉ុន្តែយើងគ្មានជម្រើសអ្វីក្រៅពីការបន្តការប្រយុទ្ធគ្នានោះទេ»។
លោកបានសង្កត់ធ្ងន់ថា «យើងនឹងបន្តប្រយុទ្ធរហូតដល់ទីបញ្ចប់ រហូតដល់ជ័យជម្នះ រហូតដល់យើងសម្រេចបាននូវគោលដៅទាំងអស់របស់យើង៖ គឺកម្ទាត់ចោលក្រុមហាម៉ាស ការវិលត្រឡប់របស់ចំណាប់ខ្មាំងរបស់យើង និងការធានាថា តំបន់ហ្គាហ្សានឹងលែងបង្កការគំរាមកំហែងដល់រដ្ឋអ៊ីស្រាអែលទៀតហើយ»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះបានបន្ថែមថា «សូមឲ្យច្បាស់លាស់ទាំងអស់គ្នាថា នេះនឹងក្លាយជាសង្រ្គាមដ៏យូរអង្វែង ... (រហូតដល់) ក្រុមហាម៉ាសត្រូវបានគេកម្ចាត់ ហើយយើងនឹងស្ដារសន្តិសុខទាំងនៅខាងជើង និងខាងត្បូង»។
គួរបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលបានបាត់បង់ទាហាន ១៥៣ នាក់នៅក្នុងទឹកដីប៉ាឡេស្ទីន ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកតាមផ្លូវគោករបស់ខ្លួនកាលពីថ្ងៃទី ២៧ ខែតុលា ក្នុងនោះរួមទាំង ១០ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ ដែលធ្វើឱ្យវាក្លាយជាថ្ងៃមួយក្នុងចំណោមថ្ងៃដែលស្លាប់ច្រើនបំផុតសម្រាប់កងទ័ពអ៊ីស្រាអែល៕
រូបភាពពី Reuters