(ម៉ូស្គូ)៖ កាសែត Izvestia បានរាយការណ៍នៅថ្ងៃអាទិត្យទី២៤ ខែធ្នូនេះដោយដកស្រង់ពីអ្នកជំនាញ និងការស្រាវជ្រាវពីវិទ្យាស្ថានសេដ្ឋកិច្ច​នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីថា រុស្ស៊ី​មាន​ការ​ខ្វះខាត​កម្លាំងពលកម្ម​ប្រហែល ៤.៨ លាន​នាក់​ក្នុង​ឆ្នាំ ២០២៣ ហើយ​បញ្ហា​នេះនឹងកាន់​​តែ​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។

លោក Elvira Nabiullina ទេសាភិបាលធនាគារកណ្តាលរុស្ស៊ីបាននិយាយកាលពីខែមុនថា ការថយចុះកម្លាំងពលកម្មរបស់រុស្ស៊ីកំពុងបណ្តាលឱ្យមានកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរ និងគំរាមកំហែងដល់កំណើនសេដ្ឋកិច្ច ខណៈដែលទីក្រុងម៉ូស្គូបានចាក់បញ្ចូលធនធានហិរញ្ញវត្ថុ និងសម្ភារៈទៅក្នុងវិស័យយោធា។

ជនជាតិរុស្សីរាប់សែននាក់បានចាកចេញពីប្រទេសនេះ ក្រោយវិមានក្រឹមឡាំងបានបើកប្រតិបត្តិការយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈឆ្នាំ ២០២២ រួមទាំងអ្នកជំនាញផ្នែកព័ត៌មានវិទ្យាដែលមានសមត្ថភាពខ្ពស់ផងដែរ។ អ្នក​ដែល​ភៀស​ខ្លួន​ទាំងនោះបង្ហាញពីភាពមិន​យល់ស្របនឹងសង្គ្រាម ឬ​ខ្លាច​គេ​កេនឲ្យ​ចូលធ្វើទាហាន។ លំហូរចេញកាន់តែខ្លាំងបន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការកេនទ័ពដោយផ្នែកចំនួនប្រហែល ៣០០,០០០​ នាក់កាលពីខែកញ្ញា ឆ្នាំ ២០២២។

កាសែត Izvestia បានដកស្រង់សម្តីអ្នកនិពន្ធ លោក Nikolai Akhapkin ដែលបាននិយាយថា កង្វះកម្លាំងពលកម្មបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ ២០២២ និង ២០២៣ ហើយអ្នកបើកបរ និងបុគ្គលិកហាងត្រូវបានគេរាយការណ៍ថា មានតម្រូវការខ្ពស់ជាពិសេស។ ទិន្នន័យផ្លូវការដែលដកស្រង់ដោយកាសែតបានបង្ហាញទៀតថា ចំនួនទំនេរនៅក្នុងកម្លាំងការងារសរុបបានកើនឡើងដល់ ៦.៨% នៅពាក់កណ្តាលឆ្នាំ ២០២៣ កើនឡើងពី ៥.៨% កាលពីឆ្នាំមុន។

លោក Akhapkin បានបញ្ជាក់បន្ថែមថា «ប្រសិនបើយើងពង្រីកទិន្នន័យដែលបង្ហាញដោយទីភ្នាក់ងារ Rosstat (ទីភ្នាក់ងារស្ថិតិផ្លូវការ) ដល់កម្លាំងការងារទាំងមូល នោះការខ្វះខាតកម្លាំងពលកម្មនៅឆ្នាំ ២០២៣ នឹងមានចំនួនរហូតដល់ទៅ ៤.៨ លាននាក់»

រដ្ឋមន្ត្រីក្រសួងការងារ លោក Anton Kotyakov បានទទួលស្គាល់ពីផលប៉ះពាល់ នៃកង្វះកម្លាំងពលកម្មនៅក្នុងវិស័យផលិតកម្ម សំណង់ និងការដឹកជញ្ជូន ដោយជំរុញឱ្យក្រុមហ៊ុនដំឡើងប្រាក់ឈ្នួលក្នុងគោលបំណងទាក់ទាញបុគ្គលិកបន្ថែមទៀត៕

រូបភាពពី Reuters