(ប៉េកាំង)៖ កាលពីថ្ងៃទី ២០ ខែធ្នូ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្រ្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារ តាមទូរស័ព្ទជាមួយលោក Manalo រដ្ឋមន្ត្រីការបរទេសហ្វីលីពីនតាមការណាត់ ។ នៅពេលបច្ចុប្បន្នដែលទំនាក់ទំនងចិន-ហ្វីលីពីន បានធ្លាក់ចូលក្នុងសភាពជាប់គាំង ដោយសារបញ្ហាសមុទ្រចិនខាងត្បូង កិច្ចជំនួបតាមទូរស័ព្ទលើកនេះបានទទួល ការយកចិត្តទុកដាក់ខ្ពស់ពីមជ្ឈដ្ឋានខាងក្រៅ។

ថ្លែងក្នុងកិច្ចជំនួប ប្រទេសចិនបានលើកឡើងយ៉ាងច្បាស់ថា មូលហេតុពីឬសគល់គឺដោយមកពីភាគីហ្វីលីពីន បានកែប្រែគោលជំហរនិងគោលនយោបាយ ចំពោះប្រទេសចិនដោយរំលោភបំពានលើកិច្ចសន្យារបស់ខ្លួន បង្ករឿងហេតុនៅលំហសមុទ្រជាបន្តបន្ទាប់ ដែលបានប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវ និងស្របច្បាប់របស់ប្រទេសចិន ។ លើសពីនេះទៅទៀត ប្រទេសចិនក៏បានសង្កត់ធ្ងន់ថា ទំនាក់ទំនងចិន-ហ្វីលីពីនកំពុងដើរដល់ផ្លូវបំបែក ដែលប្រឈមមុខនឹងជម្រើសថា នឹងឆ្ពោះទៅកាន់ទិសណា ហើយភាគីហ្វីលីពីនចាំបាច់ ត្រូវធ្វើការយ៉ាងប្រុងប្រយ័ត្ន។

តើអ្នកណាត្រូវអ្នកណាខុសក្នុងរឿងនេះ អ្នកផងទាំងពួងសុទ្ធតែដឹងច្បាស់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងចិន-ហ្វីលីពីនបានរក្សាភាពល្អប្រសើរជាទូទៅ។ ភ្ញៀវកិតិ្តយសដំបូងគេបង្អស់ដែលប្រទេសចិន ទទួលកាលពីដើមឆ្នាំនេះគឺលោក Ferdinand Romualdez Marcos ប្រធានាធិបតីហ្វីលីពីន។ នៅពេលនោះ ភាគីទាំងពីរបានឈានដល់ គំនិតឯកភាពរួមដ៏សំខាន់ជាច្រើន ក្នុងនោះបូករួមទាំងការឯកភាពគ្នាថា បន្តដោះស្រាយបញ្ហាដែនសមុទ្រឱ្យបានសមស្របតាម របៀបពិគ្រោះពិភាក្សាដោយមេត្រីភាព។ ប៉ុន្តែ គំនិតឯកភាពរួមដ៏សំខាន់ទាំងនេះ មិនត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពនោះទេ។ មូលហេតុសំខាន់បំផុតគឺមកពីហ្វីលីពីន បង្ករឿងហេតុលើបញ្ហាសមុទ្រចិនខាងត្បូងជាញឹកញាប់ ដែលបណ្តាលឱ្យស្ថានការណ៍កាន់តែតានតឹង។

សូមយកបញ្ហាថ្មប៉ប្រះទឹក Ren'ai ធ្វើជាឧទាហរណ៍។ ថ្មប៉ប្រះទឹក Ren'ai ជាចំណែកមួយនៃប្រជុំកោះ Nansha និងជាទឹកដីរបស់ចិន ។ នេះជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ ដែលស្របទៅតាមច្បាប់អន្តរជាតិ ក្នុងនោះបូករួមទាំង «ធម្មនុញ្ញអង្គការសហប្រជាជាតិ»ផងដែរ។ កាលពីឆ្នាំ ១៩៩៩ នាវាចម្បាំងរបស់ភាគីហ្វីលីពីនបានទុកចោល ដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរដល់ អធិបតេយ្យភាពទឹកដីរបស់ប្រទេសចិន ។ ប្រទេសហ្វីលីពីនធ្លាប់សន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងអូសនាវាចម្បាំង ដែលទុកចោលដោយខុសច្បាប់ចេញឱ្យបានឆាប់ៗ ប្រទេសចិននិងហ្វីលីពីនក៏ធ្លាប់ឈានដល់គំនិតឯកភាពរួម ស្តីពីការដោះស្រាយបញ្ហាថ្មប៉ប្រះទឹក Ren'ai ឱ្យបានសមស្របដើម្បីរួមគ្នាគាំពារស្ថិរភាពនៅដែនសមុទ្រ។

យ៉ាងណាមិញ ថ្នាក់ដឹកនាំហ្វីលីពីនបានអះអាងនាពេលថ្មីៗកន្លងទៅនេះថា "ប្រទេសចិនកំពុងបង្កជាបញ្ហាប្រឈមដ៏ប្រាកដប្រជា ចំពោះប្រទេសជិតខាងនៅអាស៊ី" ហើយហ្វីលីពីនត្រូវបង្កើនទំនាក់ទំនងសម្ព័ន្ធមិត្តជាមួយ ប្រទេសផ្សេងទៀតដើម្បីឆ្លើយតបនឹង ករណីនេះជាដើម។ ហេតុអ្វីបានជារដ្ឋាភិបាលហ្វីលីពីនកែប្រែគោលជំហរ និងគោលនយោបាយរបស់ខ្លួនចំពោះប្រទេសចិន ? ឥស្សរជនវិភាគបានលើកឡើងថា មួយផ្នែក ក្នុងស្រុកហ្វីលីពីនមានសំឡេងដ៏រឹងចចេស លើបញ្ហាសមុទ្រចិនខាងត្បូងជាប់រហូតមក ហើយថ្នាក់ដឹកនាំហ្វីលីពីនមានចេតនាពង្រឹងអត្រាគាំទ្រ របស់ពួកគេតាមរយៈការបង្ហាញពីអាកប្បកិរិយាដ៏រឹងចចេស ។ មួយផ្នែកទៀត អ្នកនយោបាយហ្វីលីពីនមួយចំនួនសម្គាល់ឃើញថា «សន្ធិសញ្ញាស្តីពីការរួមគ្នាការពារ រវាងអាមេរិកនិងហ្វីលីពីន» អាចក្លាយជា "យ័នការពារខ្លួន" ដើម្បីដាក់សម្ពាធទៅលើប្រទេសចិន ដោយយកប្រការនេះធ្វើជាលេស។

បើក្រឡេកមើលពីទំនាក់ទំនងចិន-ហ្វីលីពីនអាចឃើញថា ក្នុងរយៈពេលយូរណាស់មកហើយ ដើម្បីដោះស្រាយវិវាទសមុទ្រចិនខាងត្បូង ឱ្យបានសមស្របជាមួយភាគីហ្វីលីពីន ប្រទេសចិនបានបង្ហាញពីអំណត់អត់ធ្មត់យ៉ាងខ្លាំង។ ប៉ុន្តែនេះមិនមែនមានន័យថា ប្រទេសចិននឹងបន្ធូរបន្ថយគោលជំហរណាមួយ ទៅលើបញ្ហាអធិបតេយ្យភាពនោះទេ។ ថ្លែងក្នុងកិច្ចជំនួបតាមទូរស័ព្ទ ប្រទេសចិនបានលើកឡើងយ៉ាងច្បាស់ថា ប្រសិនបើភាគីហ្វីលីពីនធ្វើការវិនិច្ឆ័យខុស ពីស្ថានការណ៍បច្ចុប្បន្ន ធ្វើតាមតែទំនើងចិត្ត ហើយឃុបឃិតជាមួយកម្លាំងខាងក្រៅ ដែលមានចេតនាអាក្រក់ ដើម្បីបន្តបង្កភាពចលាចល នោះ ភាគីចិនប្រាកដជានឹងគាំពារ ផលប្រយោជន៍របស់ខ្លួន តាមផ្លូវច្បាប់ជាក់ជាមិនខាន ពោលគឺ នឹងធ្វើការឆ្លើយតបយ៉ាងមុតមាំ។

ថ្លែងក្នុងកិច្ចជំនួប ភាគីហ្វីលីពីនរំពឹងថា នឹងបង្កើនការសន្ទនាជាមួយភាគីចិន ធ្វើឱ្យយន្តការប្រាស្រ័យទាក់ទង ស្តីពីបញ្ហាសមុទ្រចិនខាងត្បូងរបស់ប្រទេសទាំងពីរ ដើរតួនាទីឱ្យបានល្អដើម្បីរួមគ្នាស្វែងរកមធ្យោបាយសម្រាប់ដោះស្រាយបញ្ហា ។ ដោយឡែកប្រទេសចិនមិនបិទទ្វារសម្រាប់ធ្វើកិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងគ្នាជាមួយហ្វីលីពីនទេ ។ រំពឹងថា ហ្វីលីពីននឹងវិលត្រឡប់មកផ្លូវត្រឹមត្រូវវិញ ដើម្បីដើរឆ្ពោះទៅរកទិសដៅដូចគ្នាជាមួយភាគីចិន ក៏ដូចជាសម្រេចបាន នូវការពិគ្រោះពិភាក្សាជាមួយគ្នា៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន