(ហ្សាការតា)៖ កម្មករចំនួន១៣នាក់ បានបាត់បង់ជីវិត និង៣៨នាក់ផ្សេងទៀត បានទទួលរងរបួស នៅថ្ងៃអាទិត្យនេះ ក្នុងហេតុការណ៍ផ្ទុះ នៅរោងចក្រកែច្នៃរ៉ែនីកែល ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Indonesia Tsingshan Stainless Steel (ITSS) ស្ថិតលើកោះ Sulawesi។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣។
ហេតុការណ៍ផ្ទុះនោះបានកើតឡើង អំលុងពេលក្រុមកម្មករកំពុងធ្វើការជួសជុល ឡដុតរំលាយរ៉ែនីកែលក្នុងរោងចក្រខាងលើ កាលពីវេលាម៉ោង៥៖៣០នាទីព្រឹក។ បើយោងតាមសេចក្តីថ្លែងការណ៍របស់សួនឧស្សាហកម្ម Indonesia Morowali (IMIP) ជាទីដែលរោងចក្រនោះស្ថិតនៅ គឺកម្មករជនជាតិឥណ្ឌូណេស៉ី៨នាក់ និងកម្មករជនជាតិចិន៥នាក់ បានស្លាប់ ខណៈអគ្គិភ័យដែលបង្កឡើងដោយការផ្ទុះ ត្រូវបានពន្លត់ឱ្យរលត់ទៅវិញ នៅម៉ោង០៩៖១០នាទីព្រឹក។
IMIP គឺជាសួនឧស្សាហកម្មផ្តោតលើនីកែល និងស្ថិតក្រោមកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន Tsingshan ព្រមជាមួយគូក្នុងស្រុក Bintang Delapan Group ដែលផលិតដែកថែកអ៉ីណុក និងដែកថែបកាបូន។ សួនឧស្សាហកម្ម IMIP បាននិយាយថា ខ្លួននឹងសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស៉ើបអង្កេតឧប្បត្តិហេតុនេះ ហើយនឹងរ៉ាប់រងការចំណាយទាំងអស់ សម្រាប់ថ្លៃព្យាបាលជនរងគ្រោះ។
គួរបញ្ជាក់ថា នីកែលបានក្លាយជាធនធានកាន់តែសំខាន់ខ្លាំងឡើងៗ សម្រាប់ឥណ្ឌូណេស៉ីដែលជាប្រទេសផលិតនីកែលធំជាងគេបង្អស់ នៅលើពិភពលោក ដោយមានការហូរចូលទំហំរាប់ពាន់លានដុល្លារ នៃការវិនិយោគរបស់អន្តរជាតិ បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌូណេស៉ី បានសម្រេចហាមឃាត់ការនាំចេញរ៉ែនីកែលមិនទាន់ច្នៃ ចេញទៅក្រៅប្រទេស៕
រូបភាពពី Reuters