(តៃប៉ិ)៖ ថ្ងៃអាទិត្យនេះ ​ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថា ក្នុងពេល២៤ម៉ោងចុងក្រោយ ខ្លួនបានប្រទះឃើញយន្តហោះចម្បាំងចិន ៨គ្រឿង បើកឆ្លងកាត់ខ្សែបន្ទាន់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ រួមជាមួយបាឡុងចិនមួយផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ​Reuters នាថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣។

ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា យន្តហោះចម្បាំងចិន រួមមានធុន J-10, J-11 និង J-16 បានហោះឆ្លងបន្ទាត់មេដ្យាន នៅត្រង់​ចំណុចភាគខាងជើងនិងកណ្តាល នៃច្រកសមុទ្រតៃវ៉ាន ហើយតៃវ៉ាន់បានបញ្ជូនកងកម្លាំងរបស់ខ្លួន ឱ្យទៅឃ្លាំមើលស្ថានការណ៍។ ទន្ទឹមគ្នា ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានរាយការណ៍ផងដែរ អំពីវត្តមានបាឡុងចិនថ្មីមួយទៀត នៅលើច្រកសមុទ្រតៃវ៉ាន់។ មួយរយៈចុងក្រោយនេះ តៃវ៉ាន់បានរាយការណ៍ជាបន្តបន្ទាប់ អំពីបាឡុងចិននៅក្បែរដែនកោះខ្លួន ប៉ុន្តែបានអះអាងថា ពួកវាទំនងត្រឹមជាបាឡុងឧតុនិយមប៉ុណ្ណោះ ដែលត្រូវខ្យល់ខ្លាំងបក់ឱ្យរសាត់ អំលុងរដូវរងា។

គួរបញ្ជាក់ថា តៃវ៉ាន់ត្រូវចិនចាត់ទុកជា ផ្នែកមិនអាចកាត់ផ្តាច់បានឡើយនៃទឹកដីរបស់ខ្លួន។ ក្នុងរយៈពេលប្រមាណជា៤ឆ្នាំមកនេះ តៃវ៉ាន់បានស្ថិត​ក្រោមការបង្កើនសម្ពាធជាខ្លាំងពីសំណាក់ទីក្រុងប៉េកាំង ជាពិសេសតាមផ្នែកយោធា។ នាខែមករា ឆ្នាំ២០២៤ ខាងមុខ តៃវ៉ាន់នឹងត្រូវរៀបចំ​ការបោះឆ្នោតជ្រើសរើសមេដឹកនាំអាណត្តិថ្មី ខណៈមេដឹកនាំបច្ចុប្បន្ន គឺលោកស្រី Tsai Ing-wen ដែលបានកាន់អំណាចចាប់តាំងពី​ឆ្នាំ២០១៦មក គឺពុំអាចបន្តឈរឈ្មោះទៀតទេ ក្រោយកាន់បានគ្រប់២អាណត្តិ៕

រូបភាពពី Xinhua