(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជំរុញនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ឱ្យព្យាយាមការពារអាយុជីវិតជនស៉ីវិលស្លូតត្រង់ នៅឯតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) ខណៈដែលកងកម្លាំងអ៉ីស្រាអែល ហាក់នៅតែបន្តបង្កើនការវាយលុកយោធា លើដែនដីប៉ាឡេស្ទីនមួយនេះ ក្នុងសង្រ្គាមកម្ចាត់ក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣។

សេតវិមានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោក បៃដិន បានសង្កត់ធ្ងន់អំពីភាពចាំបាច់ជាខ្លាំង ក្នុងការការពារជនស៉ីវិល ដែលរួមមាន​ទាំងអ្នកគាំទ្រប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ ព្រមទាំងអំពីសារសំខាន់នៃការអនុញ្ញាតឱ្យ ជនស៉ីវិលអាចផ្លាស់ទីដោយសុវត្ថិភាព​ចេញពី តំបន់ដែលកំពុងមានការប្រយុទ្ធគ្នា។ បើតាមសេតវិមាន ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះ មេដឹកនាំអាមេរិកនិងអ៉ីស្រាអែល បានជជែក​អំពីកម្មវត្ថុនិងជំហាន នៃប្រតិបត្តិការយោធារបស់អ៉ីស្រាអែល រួមជាមួយសារសំខាន់នៃការធានាឱ្យបាន នូវការដោះលែងចំណាប់ខ្មាំង ដែល​នៅសេសសល់ ១២៩នាក់ទៀត។

គួរបញ្ជាក់ថា ការពិភាក្សាគ្នាខាងលើកើតមានឡើង​ នៅមួយថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) បានអនុម័ត​សេចក្តីសម្រេចមួយ ក្រោយពន្យារពេលម្តងហើយម្តងទៀត ដែលទាមទារបង្កើនការផ្តល់ជំនួយមនុស្សចូលទៅតំបន់ Gaza និងអំពាវនាវ​បង្កើតលក្ខខណ្ឌដើម្បីផ្អាកអរិភាពដែលអាចមាននិរន្តរភាព ប៉ុន្តែមិនស្វែងរកបទឈប់បាញ់ជាបន្ទាន់តែម្តងឡើយ។ អាមេរិកបានបោះឆ្នោត​អនុបវាទចំពោះសេចក្តីសម្រេចនោះ។ នៅពេលត្រូវបានសាកសួរ អំពីកិច្ចសន្ទនាជាមួយលោក Netanyahu លោក បៃដិន បានប្រាប់ក្រុមអ្នកកាសែតនៅសេតវិមាន ថារូបលោកមិនបានស្នើឱ្យមានបទឈប់បាញ់ឡើយ។ បើតាមការអះអាងរបស់អាជ្ញាធរតំបន់ Gaza ប្រជាជនប៉ាឡេស្ទីនសរុប២០,២៥៨នាក់ហើយ បានស្លាប់ ក្នុងសង្រ្គាមរបស់អ៉ីស្រាអែល គិតតាំងពីចាប់ផ្តើម កាលពីថ្ងៃទី៧ ខែតុលា៕

រូបភាពពី AFP