(គែរ)៖ សហរដ្ឋអាមេរិកបានឱ្យដឹងថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ កប៉ាល់ពាណិជ្ជកម្ម២គ្រឿង នៅឯសមុទ្រក្រហម និង១គ្រឿងទៀតនៅមហាសមុទ្រឥណ្ឌា ពុំឆ្ងាយប៉ុន្មានពីឆ្នេរប្រទេសឥណ្ឌា បានស្ថិតក្រោមការវាយប្រហារពីយន្តហោះដ្រូន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣។
យោធាអាមេរិកបានឱ្យដឹងថា នាវាចម្បាំងខ្លួន១គ្រឿង បានឆ្លើយតបចំពោះការស្វែងរកជំនួយពីកប៉ាល់២គ្រឿង ដែលរងការវាយប្រហារ។ កប៉ាល់ដឹកប្រេង១គ្រឿង ដែលចងទង់ជាតិន័រវែស ព្រមទាំងជាកម្មសិទ្ធិ និងធ្វើប្រតិបត្តិការដោយន័រវែសផ្ទាល់ រួមជាមួយកប៉ាល់ដឹកប្រេង១គ្រឿងទៀត ដែលចងទង់ជាតិឥណ្ឌា បានរងការវាយប្រហារពីយន្តហោះដ្រូន ដែលបាញ់ចេញមកពីតំបន់ទឹកដីរបស់ប្រទេសយេម៉ែន ដែលកាន់កាប់ដោយក្រុមឧទ្ទាមហ៊ូទី។
អំលុងពេលឆ្លើយតបចំពោះការសុំជំនួយនោះ នាវាចម្បាំងអាមេរិក បានបាញ់ទម្លាក់ដ្រូន៤គ្រឿង។ បើតាមយោធាអាមេរិក វាគឺជាសកម្មភាពវាយប្រហារលើកទី១៤និងទី១៥ហើយ របស់ក្រុមហ៊ូទីលើកប៉ាល់ពាណិជ្ជកម្ម គិតចាប់តាំងពីថ្ងៃទី១៧ ខែតុលាមក។ រីឯមន្ទីរបញ្ចកោណបានឱ្យដឹងថា កប៉ាល់ដឹកសារធាតុគីមី១គ្រឿងនៅមហាសមុទ្រឥណ្ឌា ចម្ងាយប្រហែល៣៧០គីឡូម៉ែត្រពីឆ្នេរប្រទេសឥណ្ឌា ក៏បានស្ថិតក្រោមការវាយប្រហារ ពីយន្តហោះដ្រូនផងដែរ ប៉ុន្តែដ្រូននោះបាញ់ចេញពីមកពីប្រទេសអ៉ីរ៉ង់។ បើតាមមន្ទីរបញ្ចកោណ ការវាយប្រហារនោះ គឺជាលើកទី៦ របស់អ៉ីរ៉ង់ទៅលើកប៉ាល់ពាណិជ្ជកម្ម គិតចាប់តាំងពីឆ្នាំ២០២១។ យ៉ាងណាក្តី ពុំមានសេចក្តីរាយការណ៍ អំពីមនុស្សរងគ្រោះថ្នាក់ ក្នុងការវាយប្រហារទាំងនេះ កាលពីថ្ងៃសៅរ៍ឡើយ។
គួរបញ្ជាក់ថា ក្រុមហ៊ូទីដែលជាសម្ព័ន្ធមិត្តអ៉ីរ៉ង់ និងកាន់កាប់ទឹកដីភាគច្រើននៃប្រទេសយេម៉ែន បានបង្កការរំខានចំពោះ ការពាណិជ្ជកម្មតាមដែនសមុទ្ររបស់ពិភពលោក អស់រយៈពេលប៉ុន្មានសប្តាហ៍មកហើយ តាមរយៈការវាយប្រហារលើកប៉ាល់នានា ដែលបើកឆ្លងកាត់ច្រកសមុទ្រ Bab al-Mandab ដែលស្ថិតនៅចុងភាគខាងត្បូងនៃសមុទ្រក្រហម ដើម្បីឆ្លើយតបចំពោះការធ្វើសង្រ្គាមដ៏បង្ហូរឈាមរបស់អ៉ីស្រាអែល នៅតំបន់ Gaza។ ចំណែក រដ្ឋាភិបាលអ៉ីរ៉ង់ ក៏បានរិះគន់ម្តងហើយម្តងទៀត ចំពោះសង្រ្គាមអ៉ីស្រាអែលផងដែរ៕
រូបភាពពី AFP