(តេហេរ៉ង់)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រធានាធិបតីអ៉ីរ៉ង់ លោក Ebrahim Raisi បានចេញមុខនិយាយរិះគន់ចំពោះអសមត្ថភាព នៃបណ្តាស្ថាប័នអន្តរជាតិ ក្នុងការបញ្ឈប់ការប្រយុទ្ធគ្នាដ៏បង្ហូរឈាមរវាងអ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ដែលបាន​បំផ្លិចបំផ្លាញតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) យ៉ាងហិនហោច និងធ្វើឱ្យប្រជាជននៅទីនោះរងទុក្ខវេទនាជាខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣។

ការអត្ថាធិប្បាយដូចខាងលើរបស់លោក Raisi នៅទីក្រុងតេហេរ៉ង់ ក្នុងន័យគាំទ្រប៉ាឡេស្ទីន គឺធ្វើឡើង បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខរបស់​អង្គការសហប្រជាជាតិ (UN) បានអនុម័តចំពោះសេចក្តីសម្រេចមួយ ដែលត្រូវបានពន្យារពេលម្តងហើយម្តងទៀត។ សេចក្តីសម្រេចនោះ ទាមទារឱ្យបង្កើនជំនួយមនុស្សធម៌ចូលទៅតំបន់ Gaza ហើយទន្ទឹមគ្នាក៏បានទទូចផងដែរ ឱ្យបង្កើតលក្ខខណ្ឌដើម្បីផ្អាកអរិភាពនានាដែលអាចមាននិរន្តរភាព ដោយមិនអំពាវនាវស្វែងរកការបិទបញ្ចប់ជាបន្ទាន់នៃសង្រ្គាម តែម្តងឡើយ។

សង្រ្គាមនៅ Gaza បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា នៅពេលក្រុមហាម៉ាស ឆ្មក់វាយលុកទ្រង់ទ្រាយធំលើភាគខាងត្បូងអ៉ីស្រាអែល ហើយសម្លាប់មនុស្ស១,១៤០នាក់ ភាគច្រើនជាជនស៉ីវិល។ អ៉ីស្រាអែលក្នុងថ្ងៃដដែល ក៏បានចាប់ផ្តើមបើកប្រតិបត្តិការយោធាក្តៅគគុក ដើម្បីសងសឹកវិញ ហើយបានផ្តាច់ជីវិតមនុស្សយ៉ាងហោច ២០,២៥៨នាក់ ភាគច្រើនជាស្រ្តីនិងកុមារ នៅតំបន់ Gaza គិតមកទល់ពេលនេះ។

លោកប្រធានាធិបតីអ៉ីរ៉ង់ បានលើកឡើងដូច្នេះថា «អសមត្ថភាពនិងអប្រសិទ្ធភាពនៃស្ថាប័នអន្តរជាតិ បានបង្ហាញចេញមកយ៉ាងច្បាស់ ឱ្យមនុស្សគ្រប់គ្នានៅជុំវិញពិភពលោកបានឃើញ។ ក្រុមប្រឹក្សាសន្តិសុខ UN បានប្រកាសជាផ្លូវការ អំពីភាពសង្ឃឹមរបស់ខ្លួន ហើយនិយាយថា គ្មានអ្វីដែលយើងអាចធ្វើបានទេ។ ចំណែកឯអង្គការអន្តរជាតិទាំងឡាយ ដែលបានប្រកាសដូចគ្នាដែរថា ពុំមានអ្វីដែលពួកគេបានធ្វើបាន ដើម្បីបញ្ចប់សង្រ្គាមនេះឡើយ»។ អ៉ីរ៉ង់បានហៅ ការអនុម័តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN ថា ជាសញ្ញវិជ្ជមានមួយ ប៉ុន្តែមិនគ្រប់គ្រាន់។

គួរបញ្ជាក់ថា ក្រុមផ្តល់ជំនួយព្រមទាំងអង្គការអន្តរជាតិ​ បានត្រឹមតែព្រមានម្តងហើយម្តងទៀត អំពីស្ថានភាពដ៏អន្តរាយនៅតំបន់ Gaza និងអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ ក្នុងសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស ដែលបានអូសបន្លាយប្រមាណ១១សប្តាហ៍មកហើយ។ កាលពីថ្ងៃសៅរ៍ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ក៏បានលើកឡើងដែរថា សង្រ្គាមនៅ Gaza បានបកស្បែកមុខពិតរបស់សហរដ្ឋអាមេរិក និងក្រុមលោកខាងលិច ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស៕

រូបភាពពី Reuters