(តៃប៉ិ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ រដ្ឋអាជ្ញាតៃវ៉ាន់បាននិយាយថា អាជ្ញាធរបានឃាត់ខ្លួនបុគ្គលម្នាក់ ពីបទ «ប្រឌិត» លទ្ធផលស្ទង់មតិ ក្រោមចេតនាជះឥទ្ធិពលលើ ការបោះឆ្នោតជ្រើសរើសមេដឹកនាំអាណត្តិថ្មីរបស់ដែនកោះមួយនេះ នាដើមឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣។
តៃវ៉ាន់ដែលមានរបបដឹកនាំតាមបែបប្រជាធិបតេយ្យ នឹងរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំ ព្រមទាំងការបោះឆ្នោតតំណាងរាស្រ្ត នៅខែមករា ឆ្នាំ២០២៤ ខណៈវាគឺជាការបោះឆ្នោតមួយ ដែលនឹងត្រូវតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ទាំងពីសំណាក់ទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៉ីនតោន ព្រោះលទ្ធផលចេញមក អាចនឹងកំណត់នូវរូបរាង នៃទំនាក់ទំនងទៅថ្ងៃខាងមុខរបស់តៃវ៉ាន់ជាមួយចិន។
គួរបញ្ជាក់ថា ក្រុមមន្រ្តីតៃវ៉ាន់ធ្លាប់បានព្រមានច្រើនលើកច្រើនសា អំពីសកម្មភាពជ្រៀតជ្រែកដំណើរការបោះឆ្នោត ដែលអាចជាប់ពាក់ព័ន្ធជាមួយចិន ដ្បិតដែនកោះនេះត្រូវទីក្រុងប៉េកាំង ចាត់ទុកជាផ្នែកនៃទឹកដីរបស់ប្រទេសចិន។ បើតាមរដ្ឋអាជ្ញាតៃវ៉ាន់ នៅទីក្រុង Kaohsiung ភាគខាងត្បូង មនុស្ស៤នាក់ត្រូវបានសួរចម្លើយ ក្រោមការសង្ស័យថា បានចែកចាយលទ្ធផលស្ទង់មតិបោះឆ្នោត ដែលប្រឌិតឡើងទាំងស្រុង នៅតាមបណ្តាញទំនាក់ទំនងសង្គម ហើយបុគ្គលម្នាក់ក៏ត្រូវបានឃាត់ខ្លួន ពីបទបំពានច្បាប់បោះឆ្នោត និងច្បាប់ប្រឆាំងការលូកលាន់៕
រូបភាពពី Reuters