(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ បានរាយការណ៍នៅថ្ងៃថ្ងៃសៅរ៍នេះថា មេបញ្ជាការកងបដិវត្តន៍អ៉ីរ៉ង់ បាននិយាយថា ច្រកសមុទ្រមេឌីទែរ៉ាណេ អាចនឹងត្រូវបិទ ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបន្តប្រព្រឹត្ត «បទឧក្រិដ្ឋកម្ម» នៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែមិនបានពន្យល់ទេថាវាអាចធ្វើឡើងដោយរបៀបណានោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣។

អ៉ីរ៉ង់គឺជាអ្នកគាំទ្រក្រុមហាម៉ាសប្រឆាំងអ៉ីស្រាអែល ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងគាំទ្រនូវអ្វីដែលខ្លួនហៅថាជាបទឧក្រិដ្ឋកម្មប្រព្រឹត្តដោយអ៉ីស្រាអែលនៅតំបន់ហ្គាហ្សា ដោយការទម្លាក់គ្រាប់បែកសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឲ្យប្រជាជនភាគច្រើនត្រូវចេញពីផ្ទះសម្បែង។

សារព័ត៌មានអ៉ីរ៉ង់ Tasnim បានដកស្រង់សម្តីរបស់ លោកឧត្តមសេនីយទោ Mohammad Reza Naqdi ដែលជាមេបញ្ជាការសម្របសម្រួលនៃកងបដិវត្តន៍ ដែលបាននិយាយថា «ឆាប់ៗនេះ ពួកគេនឹងរង់ចាំការបិទច្រកសមុទ្រមេឌីទែរ៉ាណេ ត្រង់ចំណុច Gibraltar និងផ្លូវទឹកផ្សេងទៀត»។

គួរបញ្ជាក់ថា អ៉ីរ៉ង់មិនអាចចូលទៅកាន់ច្រកសមុទ្រមេឌីទែរ៉ាណេបានដោយផ្ទាល់នោះទេ ហើយគេមិនប្រាកដទេថាកងបដិវត្តន៍អាចបិទផ្លូវនេះតាមរបៀបណា។ ក្រុមតែមួយគត់ដែលគាំទ្រដោយអ៉ីរ៉ង់នៅលើសមុទ្រមេឌីទែរ៉ាណេ គឺហេសប៊ូលឡារបស់លីបង់ ឬកងជីវពលសម្ព័ន្ធមិត្តនៅក្នុងប្រទេសស៉ីរី ដែលអាចូលទៅតាមច្រក Gibraltar៕

រូបភាពពី Reuters