(ម៉ិកស៉ីកូ)៖ លោក Andres Manuel Lopez Obrador ប្រធានាធិបតីម៉ិស៉ិក បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា រដ្ឋាភិបាលរបស់លោកបាននិងកំពុងពង្រឹងវិធានការដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុក ហើយកំពុងជួយសហរដ្ឋអាមេរិកទប់ទល់នឹងចំនួនមនុស្សដ៏ច្រើនដែលព្យាយាមធ្វើដំណើរទៅកាន់ព្រំដែនសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣។

ការអះអាងរបស់ លោក Lopez Obrador ធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកបាននិយាយជាមួយ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដោយមេដឹកនាំទាំងពីរ បានឯកភាពគ្នាឲ្យមានការធ្វើសកម្មភាពបន្ថែមទៀតនៅព្រំដែនរួមរបស់ពួកគេ ខណៈចំនួនជនចំណាកស្រុកបានរំខានដល់ការធ្វើពាណិជ្ជកម្មតាមព្រំដែន។

ដោយមិនបញ្ជាក់ព័ត៌មានលម្អិត លោក Lopez Obrador បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា «អ្វីដែលបានព្រមព្រៀងគ្នានោះ គឺយើងនឹងបន្តធ្វើការជាមួយគ្នា។ យើងមានសំណើដើម្បីពង្រឹងផែនការដែលយើងកំពុងធ្វើ»។

គួរបញ្ជាក់ថា ជនចំណាកស្រុកជាច្រើនកំពុងធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៉ិកទៅកាន់សហរដ្ឋអាមេរិក ដើម្បីគេចចេញពីអំពើហិង្សា វិបត្តិសេដ្ឋកិច្ច និងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ។ បើតាមអង្គការសហប្រជាជាតិ (UN) ចំនួនអ្នកឆ្លងកាត់តំបន់ Darien Gap ដ៏គ្រោះថ្នាក់ ដែលស្ថិតនៅជាប់ប្រទេសកូឡុំប៊ី និងតំបន់អាមេរិកកណ្តាលបានកើនឡើងដល់កន្លះលាននាក់ក្នុងឆ្នាំ ២០២៣នេះ ដោយកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ ២០២២៕

 

រូបភាពពី Reuters