(អាំស្ទែដាំ)៖ ប្រទេសហូឡង់ នឹងប្រគល់យន្ដហោះចម្បាំង F-16 ចំនួន១៨គ្រឿងទៅឱ្យអ៊ុយក្រែន ដើម្បីជួយនៅក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពាន របស់រុស្ស៉ី។ នេះជាការបញ្ជាក់ពីរដ្ឋាភិបាលហូឡង់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃសុក្រ ទី២២ ខែធ្នូ នាយករដ្ឋមន្ត្រីចាំផ្ទះហូឡង់ លោក Mark Rutte បានគូសបញ្ជាក់ ដូច្នេះថា «នៅថ្ងៃនេះ ខ្ញុំបានជូនដំណឹងទៅកាន់លោកប្រធានាធិបតី ហ្សេលេនស្គី អំពីការសម្រេចចិត្តនៃរដ្ឋាភិបាលរបស់យើង ក្នុងការត្រៀមប្រគល់ យន្ដហោះចម្បាំង F-16 ចំនួន១៨ គ្រឿងដំបូងសម្រាប់អ៊ុយក្រែន»។

គួរបញ្ជាក់ថា បច្ចុប្បន្ន ការប្រគល់យន្ដហោះចម្បាំង F-16 របស់ហូឡង់ទៅឱ្យអ៊ុយក្រែន កំពុងស្ថិតនៅក្រោមការរង់ចាំការអនុញ្ញាតការនាំចេញពី ក្រសួងការបរទេសហូឡង់ និងការបំពេញគ្រប់លក្ខខណ្ឌសំខាន់ៗសម្រាប់ពីឡុត និងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន។ ចំណែក លោក Mark Rutte ក៏មិនបានបញ្ជាក់ពីកាលបរិច្ឆេទប្រគល់យន្ដហោះចម្បាំងផលិតដោយសហរដ្ឋអាមេរិកនេះទៅឱ្យអ៊ុយក្រែននោះដែរ។ ដាណឺម៉ាក ន័រវែស និងបែលហ្ស៉ិក ក៏ធ្លាប់បានប្រកាសផងដែរថាពួកគេនឹងបញ្ជូនយន្ដហោះចម្បាំង F-16 ឱ្យអ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក បើកភ្លើងបៃតងឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន បញ្ជូនយន្ដហោះចម្បាំង F-16 ទៅឱ្យអ៊ុយក្រែន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក្រោយពីឡុតអ៊ុយក្រែនបញ្ចប់ការបណ្ដុះបណ្ដាលពីរបៀបបញ្ជា យន្ដហោះចម្បាំងដ៏ទំនើបមួយនេះ៕

រូបភាពពី AFP