(វ៉ាស៊ីនតោន)៖ លេខាធិការរដ្ឋ Maine លោកស្រី Shenna Bellows នឹងធ្វើការសម្រេចចិត្តមួយថាតើអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចឈរឈ្មោះជាបេក្ខជននៅក្នុងការបោះឆ្នោតបឋម ឬការបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ នៅក្នុងរដ្ឋ របស់ខ្លួន បានដែរឬក៏យ៉ាងណា បន្ទាប់ពីតុលាការកំពូលប្រចាំរដ្ឋ Colorado ចេញសាលក្រមសម្រេចរារាំងមិនឱ្យលោក ត្រាំឈរឈ្មោះនៅក្នុង រដ្ឋមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times នៅថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣។

ដំបូងឡើយ លោកស្រី Shenna Bellows ត្រូវបានរំពឹងថានឹងប្រកាសពីការសម្រេចចិត្តនៅថ្ងៃសុក្រសប្ដាហ៍នេះ ប៉ុន្តែបានសម្រេចលើកពេលទៅ ដើមសប្ដាហ៍ក្រោយវិញ ដើម្បីទុកពេលឱ្យភាគីទាំងសងខាងរកអំណះអំណាងរៀងៗខ្លួន។ នៅក្នុងសវនាការមួយកាលពីសប្ដាហ៍មុន លោកស្រី Shenna Bellows បានលើកឡើងពីពាក្យបណ្ដឹង ៣ ដាច់ដោយឡែកពីគ្នាដែលប្រឆាំងនឹងភាពស្របច្បាប់របស់លោក ដូណាល់ ត្រាំ ក្នុងការឈរឈ្មោះ នៅក្នុងការបោះឆ្នោតបឋម នៅរដ្ឋ Maine។

ក្នុងចំណោមពាក្យបណ្ដឹងទាំង៣នេះដែរ មាន២បណ្ដឹងគឺផ្អែកលើផ្នែកទី៣ នៃច្បាប់វិសោធនកម្មទី១៤» នៃរដ្ឋធម្មនុញ្ញអាមេរិកដែលត្រូវបាន តុលាការកំពូលប្រចាំរដ្ឋ Colorado យកមកប្រើ ដើម្បីធ្វើការសម្រេចចិត្ត កាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូកន្លងទៅនេះថាលោក ដូណាល់ ត្រាំ មិនស័ក្តិសមកាន់តំណែងនៅសេតវិមាននោះទេ និងបានហាមមិនឱ្យរូបលោកឈរឈ្មោះនៅក្នុងរដ្ឋនេះឡើយ សម្រាប់ការបោះឆ្នោតបឋម នៅក្នុងគណបក្សសាធារណរដ្ឋ ក្នុងរដ្ឋ Colorado។ «ផ្នែកទី៣ នៃច្បាប់វិសោធនកម្មទី១៤» នៃរដ្ឋធម្មនុញ្ញអាមេរិកបានកំណត់ពីការហាមឃាត់លើ បុគ្គលណាម្នាក់ដែលមានជាប់ពាក់ព័ន្ធ ឬបានចូលរួមក្នុងសកម្មភាពបះបោរ ឬឧទ្ទាម មិនឱ្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។ សាលក្រមនេះដែរ បានរកឃើញថាលោក ត្រាំ មានជាប់ពាក់ព័ន្ធ និងបានធ្វើសកម្មភាពដែលនាំឱ្យមានការវាយប្រហារលើវិមាន Capitol កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ហើយដែលការវាយប្រហារនេះត្រូវបានចាត់ទុកជាការបះបោរ។

គួរបញ្ជាក់ថា ការសម្រេចរបស់តុលាការកំពូលប្រចាំរដ្ឋ Colorado គឺអនុវត្តតែទៅលើការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋប្រចាំរដ្ឋនេះ នៅថ្ងៃទី៥ ខែមីនាតែប៉ុណ្ណោះ ហើយតុលាការកំពូលប្រចាំរដ្ឋ Colorado បានសម្រេចចិត្តពន្យារពេលការចូលជាធរមាននៃការសម្រេចខាងលើ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ដើម្បីបើកផ្លូវសម្រាប់ការប្ដឹងជំទាស់ទៅតុលាការកំពូលអាមេរិក ដែលជាអ្នកសម្រេចចុងក្រោយ។

មកទល់នឹងនេះមានពាក្យបណ្ដឹង ឬញត្តិត្រូវបានដាក់ប្ដឹងប្រឆាំងលោក ដូណាល់ ត្រាំ ក្នុងរដ្ឋជាង ៣០របស់សហរដ្ឋអាមេរិក ប៉ុន្តែ ភាគច្រើននៃ បណ្ដឹង ឬញត្តិទាំងនេះត្រូវបានច្រានចោល ហើយពាក្យបណ្ដឹងនៅសល់កំពុងតម្កល់ទុកនៅតុលាការនៃរដ្ឋមួយចំនួន។ ផ្អែកលើរដ្ឋធម្មនុញ្ញអាមេរិក នៅរដ្ឋ Maine លេខាធិការមានសិទ្ធិត្រឹមធ្វើសេចក្ដីសម្រេចលើញត្តិតែប៉ុណ្ណោះ មិនមែនពាក្យបណ្ដឹងនោះទេ ខណៈការសម្រេចចិត្តរបស់លោកស្រី Shenna Bellows អាចត្រូវបានប្ដឹងជំទាស់ទៅកាន់តុលាការកំពូលប្រចាំរដ្ឋ Maine៕