(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្ដាហ៍នេះបានចោទប្រកាន់អ៉ីរ៉ង់ថាមានជាប់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅ នៅក្នុងការវាយប្រហារ របស់ក្រុមហ៊ូទីយេម៉ែន លើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម ជាមួយការផ្គត់ផ្គង់យន្ដហោះដ្រូន មីស៊ីល និងតាក់ទិកស៊ើបការណ៍។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣។

ការចោទប្រកាន់ខាងលើធ្វើឡើងដោយសេតវិមាន ដោយផ្អែកលើព័ត៌មានពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ហើយនេះគឺជាការចោទប្រកាន់ ត្រង់ៗលើកដំបូងបំផុតពីការចូលរួមរបស់អ៉ីរ៉ង់ នៅក្នុងការវាយប្រហាររបស់ក្រុមហ៊ូទី លើកប៉ាល់ដឹកទំនិញធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកាមក។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោកស្រី Adrienne Watson បានគូសបញ្ជាក់ដូច្នេះថា «យើងដឹងថាអ៉ីរ៉ងបានចូលរួម យ៉ាងស៊ីជម្រៅទាំងក្នុងផែនការ និងការវាយប្រហារប្រឆាំងនឹងកប៉ាល់ពាណិជ្ជកម្មក្នុងតំបន់សមុទ្រក្រហម ដែលស្របទៅនឹងការគាំទ្រជាសម្ភារៈ ជាយូរណាស់មកហើយរបស់អ៉ីរ៉ង់ និងការលើកទឹកចិត្តដល់ក្រុមហ៊ូទីបង្កអស្ថិរភាពក្នុងតំបន់»។ លោកស្រីបន្ថែមថាសហរដ្ឋអាមេរិក ក៏មិនជឿ នោះដែរថាអ៉ីរ៉ង់បានព្យាយាមបញ្ចុះបញ្ចូល ឬរារាំងក្រុមហ៊ូទីកុំឱ្យធ្វើសកម្មភាពគឃ្លើន។

គួរបញ្ជាក់ថា ក្រុមហ៊ូទីមានមូលដ្ឋានក្នុងប្រទេសយេម៉ែន និងមានការគាំទ្រពីអ៉ីរ៉ង់ ត្រូវបានរាយការណ៍ថាបានវាយប្រហារលើកប៉ាល់ដឹកទំនិញ ក្នុងតំបន់សមុទ្រក្រហមជាបន្តបន្ទាប់ចាប់តាំងពីខែវិច្ឆិកា ដោយអះអាងថាការវាយប្រហាររបស់ពួកគេ គឺជាការបង្ហាញសាមគ្គីភាពជាមួយប្រជាជន ប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា ជាទីដែលអ៉ីស្រាអែលកំពុងធ្វើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស។ ដើម្បីទប់ស្កាត់ការវាយប្រហាររបស់ក្រុមហ៊ូទី សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបង្កើតក្រុមចម្រុះមួយដែលមកទល់នឹងពេលនេះត្រូវបានមន្ទីរបញ្ចកោណបញ្ជាក់ថាមានប្រទេសជាង ២០ ចូលរួម ដើម្បីការពារការធ្វើនាវាចរ និងការដឹកទំនិញនៅតំបន់សមុទ្រក្រហម៕

រូបភាពពី Reuters