(វ៉ាស៊ីនតោន)៖ តុលាការកំពូលអាមេរិក កាលពីថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានទាត់ចោលសំណើរបស់រដ្ឋអាជ្ញាពិសេស លោក Jack Smith ដែលបានស្នើឱ្យតុលាការធ្វើការសម្រេចចិត្តភ្លាមៗថាតើលោក ដូណាល់ ត្រាំ មានអភ័យឯកសិទ្ធិពីការផ្តន្ទាទោសសហព័ន្ធសម្រាប់ ការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌដែលលោកបានប្រព្រឹត្តិ អំឡុងកាលនៅកាន់តែតំណែងជាប្រធានាធិបតីអាមេរិកដែរឬក៏យ៉ាងណា។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​​ នៅថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣។

ចៅក្រមនៃតុលាការកំពូលអាមេរិក បានចេញសេចក្ដីសម្រេចរបស់ខ្លួនមួយកម្រាស់មួយទំព័រ ដោយមិនមានការពន្យល់នោះទេ ហើយក៏មិនមាន ការឱ្យដឹងជាសាធារណៈថាតើមានការខ្វែងគំនិតគ្នា ឬការជំទាស់នៅក្នុងចំណោមចៅក្រមទាំង៩រូបនោះដែរ។ បន្ថែមពីលើនេះ តុលាការកំពូល បានរុញសំណុំរឿងនេះទៅឱ្យតុលាការជាន់ទាបបន្តនីតិវិធីពិនិត្យមើលលើបញ្ហានេះ ខណៈសាលាឧទ្ធរណ៍សហព័ន្ធមួយក្នុងទីក្រុងវ៉ាស៊ីនតោន បានពន្លឿនការពិចារណារបស់ខ្លួនលើបញ្ហានេះ ហើយគ្រោងនឹងបើកសវនាការផ្ទាល់មាត់នៅថ្ងៃទី៩ ខែមករា ឆ្នាំក្រោយ។

ដោយឡែក នៅក្នុងសេចក្ដីថ្លែងការណ៍ទៅកាន់ក្រុមអ្នកគាំទ្រ លោក ដូណាល់ ត្រាំ បានចាត់ទុកការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិក ជាជ័យជម្នះមួយសម្រាប់រូបលោក ប៉ុន្តែបានបញ្ជាក់ថាលោកនឹងនៅតែត្រូវតស៊ូជាបន្តទៀតដើម្បីសិទ្ធិរបស់លោក នៅក្នុងសាលឧទ្ធរណ៍អាមេរិក។

ប្រឈមមុខនឹងការចោទប្រកាន់លើការប្រព្រឹត្តបទល្មើសជាច្រើន ក្នុងនោះរួមមានទាំងការចោទប្រកាន់ថាបានបង្កឧបសគ្គរារាំងដល់ការស្វែងរកយុត្តិធម៌ និងការចោទប្រកាន់ពីតុលាការក្នុងរដ្ឋ Georgia ថារូបលោកបានព្យាយាមដោយខុសច្បាប់ ក្នុងការផ្លាស់ប្តូរលទ្ធផល បោះឆ្នោតដែលលោកចាញ់លោក ចូ បៃដិន ក្នុងឆ្នាំ២០២០។ ប៉ុន្តែ ព្រមពេលជាមួយលោក ត្រាំ បានអះអាងថាលោកផ្ទាល់មានអភ័យឯកសិទ្ធិ ដែលការពាររូបលោកពីការកាត់ទោស។ ម្យ៉ាងវិញទៀត ប្រសិនបើលោក ត្រាំ ពិតអាចជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកជាថ្មីម្ដងទៀត នៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២៤មែន នោះលោកអាចនឹងប្រើប្រាស់អំណាចដើម្បីលើកលែងទោសឱ្យខ្លួនឯង។

គួរបញ្ជាក់ថា តុលាការកំពូលអាមេរិកសព្វថ្ងៃ មានសំឡេងចៅក្រមអភិរក្សនិយមដល់ទៅ ៦ ក្នុងនោះរួមមានទាំងចៅក្រមអភិរក្សនិយម ៣រូប ដែលត្រូវបានលោក ត្រាំ តែងតាំងដោយផ្ទាល់ដៃ ខណៈចៅក្រមសេរីនិយមតែងតាំងដោយប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យមានតែ ៣រូបប៉ុណ្ណោះ៕

រូបភាពពី Reuters