(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រសប្ដាហ៍នេះ​ (ម៉ោងនៅទីក្រុងញូវយ៉ក) បានអនុម័តលើដំណោះស្រាយមួយ ដែលជំរុញឱ្យមានការបង្កើនការបញ្ជូនជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីវិលប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣។

សហរដ្ឋអាមេរិក និងរុស្ស៉ីដែលមានសិទ្ធិអំណាចវេតូ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ ​UN បានអនុបវាទ ដែលនេះមានន័យថា ដំណោះស្រាយខាងលើត្រូវបានអនុម័តក្នុងសំឡេងគាំទ្រពីប្រទេសចំនួន១៣ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ ដោយមិនមាន ការវេតូ ឬប្រឆាំងជំទាស់នោះទេ។

ដំណោះស្រាយនេះដដែលក៏បានអំពាវនាវផងដែរឱ្យមានការធ្វើសកម្មភាពជាបន្ទាន់ សំដៅអនុញ្ញាត និងជួយសម្រួលដល់ការបញ្ជូនជំនួយ មនុស្សធម៌ដោយសុវត្ថិភាព និងមិនមានការរំខាន ព្រមទាំងបង្កើតលក្ខខណ្ឌដើម្បីឆ្ពោះទៅរកបទឈប់បាញ់មួយប្រកបដោយនិរន្តរភាព។ ប៉ុន្តែ មិនមានការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសឡើយ ខណៈចំនួនជនជាតិប៉ាឡេស្ទីន កើនដល់លើស ២០,០០០នាក់ហើយ ត្រូវបានសម្លាប់ដោយការទម្លាក់គ្រាប់បែកពីអ៉ីស្រាអែល ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលាមក ក្រោយក្រោយក្រុមហាម៉ាសវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែលសម្លាប់មនុស្ស ១,១៤០នាក់។

គួរបញ្ជាក់ថា ការបោះឆ្នោតអនុម័តលើដំណោះស្រាយខាងលើត្រូវបានពន្យារពេលជាច្រើន មុននឹងត្រូវបានអនុម័តនៅថ្ងៃសុក្រសប្ដាហ៍នេះ ក្នុង គោលបំណងបញ្ចៀសកុំឱ្យមានការបោះឆ្នោតវេតូពីសហរដ្ឋអាមេរិក។ ដ្បិត ដំបូងឡើយ ដំណោះស្រាយនេះដែលត្រូវបានព្រាងដោយប្រទេស អេមីរ៉ាតអារ៉ាប់រួម បានអំពាវនាវឱ្យមានបទឈប់បាញ់សម្រួលដល់ការផ្ដល់ជំនួយមនុស្សធម៌។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិក និងអ៉ីស្រាអែល បានប្រឆាំងជំទាស់នឹងការអំពាវនាវឱ្យមានបទឈប់បាញ់ ដោយពួកគេអះអាងថានឹងផ្ដល់ផលចំណេញដល់ក្រុមហាម៉ាស។ ផ្ទុយទៅវិញ សហរដ្ឋអាមេរិក គាំទ្រឱ្យមានការផ្អាកបាញ់រយៈពេលខ្លីណាមួយតែប៉ុណ្ណោះ ដើម្បីការពារជនស៊ីវិល និងការដោះលែងចំណាប់ខ្មាំង ពីក្រុមហាម៉ាស៕