(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូនេះ បានគំរាមថាទីក្រុងព្យុងយ៉ាង នឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការបើក ការវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើសត្រូវប្រើអាវុធនុយក្លេអ៊ែរបង្ករឿងមុន។ ការគំរាមបែបនេះរបស់លោក គីម ជុងអ៊ុន កើតមានឡើង បន្ទាប់ពី កូរ៉េខាងជើង កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់ប្រើឥន្ធនៈរឹង ហើយថាការធ្វើតេស្ដនេះគឺជា សារព្រមានមួយប្រឆាំងនឹងអ្វីដែលទីក្រុងព្យុងយ៉ាងចាត់ទុកថាជាការគំរាមកំហែងយោធាពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ ប៉ុន្តែ គួរឱ្យកត់សម្គាល់ ការគំរាមរបស់លោក គីម ត្រូវបានក្រុមអ្នកវិភាគមើលឃើញថាអាចនឹងក្លាយជាគោលនយោបាយនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

* តើនៅពេលណាដែលកូរ៉េខាងជើងអាចប្រើអាវុធនុយក្លេអ៊ែរ?
កូរ៉េខាងជើង បាននិយាយម្ដងហើយម្ដងទៀតថាខ្លួនប្រឆាំងនឹងសង្រ្គាម ហើយអាវុធនុយក្លេអ៊ែរគឺជាមធ្យោបាយការពារខ្លួនឯងដ៏សំខាន់បំផុត នៅចំពោះមុខ គោលនយោបាយអរិភាពរបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។ នៅក្នុងសុន្ទរកថានៅឯព្យុហយាត្រាយោធាមួយកាលពីឆ្នាំ២០២២ លោក គីម ជុងអ៊ុន បានបញ្ជាក់ថាកងកម្លាំងនុយក្លេអ៊ែររបស់លោកមានភារកិច្ចទប់ស្កាត់សង្រ្គាមកុំឱ្យផ្ទុះឡើង តាមរយៈការកំញើញ និងការវាយប្រហារប្រឆាំងនឹងនរណាក៏ដោយ ឱ្យតែហ៊ានបំពានផលប្រយោជន៍ស្នូលរបស់កូរ៉េខាងជើង។ តាមក្រុមអ្នកវិភាគ ការអត្ថាធិប្បាយរបស់លោក គីម គឺប្រើប្រាស់ពាក្យពេចន៍ស្រដៀងគ្នាទៅនឹង គោលនយោបាយនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដែរ ដែលនិយាយថាទីក្រុងវ៉ាស៊ីនតោននឹងប្រើអាវុធនុយក្លេអ៊ែរដើម្បីការពារផលប្រយោជន៍ស្នូល និងសម្ព័ន្ធមិត្តរបស់ខ្លួន។

នៅខែកញ្ញា ឆ្នាំ២០២២ កូរ៉េខាងជើងបានបញ្ចូលសិទ្ធិប្រើអាវុធនុយក្លេអ៊ែរ ដើម្បីបើកការវាយប្រហារបង្ការជាមុនការពារខ្លួនឯង ទៅជាច្បាប់រដ្ឋធម្មនុញ្ញថ្មីមួយ។ ក្រោមច្បាប់ថ្មីនេះ នៅក្នុងចំណោមសេណារីយ៉ូដែលជំរុញឱ្យកូរ៉េខាងជើងប្រើអាវុធនុយក្លេអ៊ែរ រួមមានការប្រឈមនឹងការគំរាមកំហែងនុយក្លេអ៊ែរពីសត្រូវជាបន្ទាន់ និងប្រសិនបើមេដឹកនាំ គឺលោក គីម ជុងអ៊ុន ប្រជាជន ឬអាយុជីវិតជាតិស្ថិតនៅក្រោមការគំរាមកំហែង ឬក៏ដើម្បីមានប្រៀបលើសត្រូក្នុងសង្រ្គាមណាមួយ។ ច្បាប់ថ្មីនេះក៏បានចែងផងដែរថាសិទ្ធិសម្រេចគ្រប់យ៉ាងស្ថិតនៅលើបបូរមាត់លោក គីម ជុងអ៊ុន ឬទាល់តែមានបញ្ជាពីលោក។ ប៉ុន្តែករណី ដែលទីបញ្ជាការ និងប្រព័ន្ធគ្រប់គ្រងរងការគំរាមកំហែង នោះមីស៊ីលនុយក្លេអ៊ែរអាចនឹងត្រូវបាញ់ដោយស្វ័យប្រវត្តិ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានឱ្យដឹងថាច្បាប់ថ្មី ហាមឃាត់ការចែករំលែកអាវុធនុយក្លេអ៊ែរ ឬបច្ចេកវិទ្យាជាមួយបណ្ដាប្រទេសដទៃ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ តាមរយៈការទប់ស្កាត់ កុំឱ្យមានការគិត ឬគណនាខុសនៅក្នុងចំណោមរដ្ឋមានអាវុធនុយក្លេអ៊ែរ។

តែទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគមានការព្រួយបារម្ភថាប្រសិនបើលោក គីម ជុងអ៊ុន ផ្ដល់សិទ្ធិអំណាចបាញ់អាវុធនុយក្លេអ៊ែរទៅឱ្យមេបញ្ជាការថ្នាក់ក្រោម អំឡុង វិបត្តិណាមួយ នោះវាអាចនឹងមានឱកាសខ្ពស់បង្កជាគ្រោះមហន្តរាយដោយសារការគណនាខុស។ គោលនយោបាយស្ដីពីកងកម្លាំងនុយក្លេអ៊ែរ ដែលកូរ៉េខាងជើង បានអនុម័តឡើងតាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កាលពីខែកញ្ញា ឆ្នាំ២០២៣ មានភ្ជាប់ជាមួយពាក្យសន្យារបស់លោក គីម ក្នុងការបង្កើនការផលិត អាវុធនុយក្លេអ៊ែរ ដើម្បីកំញើញអ្វីដែលព្យុងយ៉ាងហៅថាការបង្ករឿងពីសហរដ្ឋអាមេរិក។ ពាក្យបង្ករឿងនេះមិនត្រូវបានកំណត់និយមន័យឱ្យច្បាស់ទេ តួយ៉ាង រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក Kang Sun Nam កាលពីខែកក្កដា បាននិយាយថាការដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំង យន្ដហោះទម្លាក់គ្រាប់បែក ឬនាវាមុជទឹកនុយក្លេអ៊ែរទៅកាន់កូរ៉េខាងត្បូង អាចនឹងផ្ដល់ហេតុផលស្របច្បាប់សម្រាប់កូរ៉េខាងជើងប្រើអាវុធនុយក្លេអ៊ែរ។

* តើទីណាខ្លះដែលកូរ៉េខាងជើង អាចកំណត់ជាគោលដៅ?
ក្នុងឆ្នាំ២០១៧ កូរ៉េខាងជើង បានអះអាងពីជោគជ័យក្នុងការធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ជាលើកដំបូង ហើយនៅពេលនោះ ក្រសួងការបរទេសកូរ៉េខាងជើង ក៏បានគំរាមដែរពីការវាយប្រហារនុយក្លេអ៊ែរចំកណ្ដាលបេះដូងសហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ហ៊ានសាកល្បងផ្ដួលរំលំរបបលោក គីម ជុងអ៊ុន។

ក្នុងឆ្នាំដដែល ទីក្រុងព្យុងយ៉ាងក៏ធ្លាប់បានគំរាមផងដែរថានឹងប្រើអាវុធនុយក្លេអ៊ែរបាញ់ពន្លិចប្រទេសជប៉ុនទាំងមូលចូលក្នុងទឹកសមុទ្រ។ រហូតដល់ឆ្នាំ២០២២ ប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូជុង បានចេញសេចក្ដីថ្លែងការណ៍ព្រមានថាកូរ៉េខាងជើងនឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការប្រើ អាវុធនុយក្លេអ៊ែរ ប្រសិនបើរងការវាយប្រហារពីកូរ៉េខាងត្បូង។

* តើកូរ៉េខាងជើងមានអាវុធអ្វីខ្លះ?
កូរ៉េខាងជើង មិនធ្លាប់បានធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើយចាប់តាំងពីឆ្នាំ២០១៧មក។ ប៉ុន្តែ ក្រុមអ្នកវិភាគនិយាយថាទីក្រុងព្យុងយ៉ាងនឹងនៅតែបន្តផលិតសារធាតុ អ៊ុយរ៉ាញ៉ូម និងភ្លុយតូញ៉ូមសម្រាប់ក្បាលគ្រាប់នុយក្លេអ៊ែរ។ ការសិក្សាមួយចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២៣ ដោយវិទ្យាស្ថាន Institute for Science and International Security បានវាយតម្លៃថាទីក្រុងព្យុងយ៉ាងប្រហែលជាមានអាវុធនុយក្លេអ៊ែរពី៣១ ដល់៩៦គ្រាប់ អាស្រ័យទៅលើប្រភេទអាវុធដែលកូរ៉េខាងជើង កំពុងផលិត។ លោក គីម ជុងអ៊ុនវិញ ក្នុងឆ្នាំ២០២១ បាននិយាយថាកូរ៉េខាងជើងមានសមត្ថភាពបង្រួមក្បាលគ្រាប់នុយក្លេអ៊ែរឱ្យតូច និងស្រាល តាមស្ដង់ដារ អាវុធនុយក្លេអ៊ែរ។ ក្រោយមកទៀត នៅខែមករា ឆ្នាំ២០២៣ លោក គីម បានលើកឡើងជាថ្មីថាកូរ៉េខាងជើងនឹងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ ហើយផលិតអាវុធ នុយក្លេអ៊ែរតាក់ទិកក្នុងទ្រង់ទ្រាយដ៏ធំ។

ទីក្រុងព្យុងយ៉ាង ក៏ត្រូវបានគេរាយការណ៍ដែរថាកំពុងរីកចម្រើនទៅមុខ ក្នុងការអភិវឌ្ឍមីស៊ីលស៊េរីថ្មី ក្នុងនោះរួមមានទាំងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ប្រើឥន្ធនៈរាវ និងឥន្ធនៈរឹង អាចបាញ់ដល់សហរដ្ឋអាមេរិក ព្រមទាំងមីស៊ីលរយៈចម្ងាយខ្លីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរតាក់ទិក និងមីស៊ីលគ្រូសបំពាក់ក្បាលគ្រាប់ នុយក្លេអ៊ែរដំបូងបំផុតរបស់ខ្លួន។

គួរបញ្ជាក់ថា កូរ៉េខាងជើង កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់ប្រើឥន្ធនៈរឹង Hwasong-18។ បើតាម អ្នកវិភាគដូចជាលោក Cheong Seong-chang ជាអ្នកតាមដានស្ថានការណ៍កូរ៉េខាងជើងមកពីវិទ្យាស្ថាន Sejong Institute នៅកូរ៉េខាងត្បូង ការធ្វើតេស្ដនេះអាច បញ្ជាក់បានថាព្យុងយ៉ាងបានត្រៀមលក្ខណៈរួចជាស្រេចដើ​ម្បីផលិតក្នុងលក្ខណៈទ្រង់ទ្រាយធំ និងដាក់ពង្រាយមីស៊ីល ICBM Hwasong-18។ លោក បានគូសបញ្ជាក់ក្នុងអត្ថបទវិភាគមួយដូច្នេះថា «នៅឆ្នាំក្រោយ (ឆ្នាំ២០២៤) កូរ៉េខាងជើងនឹងពង្រឹងអំណាចរបស់ខ្លួនតាមរយៈការធ្វើតេស្ដមីស៊ីលឥន្ធនៈរឹង IRBM និងមីស៊ីល SLBM ចេញពីនាវាមុជទឹកយុទ្ធសាស្ត្រវាយប្រហារនុយក្លេអ៊ែរ ក៏ដូចជាអភិវឌ្ឍមីស៊ីល ICBM អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរច្រើនគ្រាប់»៕