(ហ្គាហ្សា)៖​ ក្រសួងសុខាភិបាលក្នុងតំបន់ហ្គាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រសប្តាហ៍នេះថា ជនជាតិប៉ាឡេស្ទីនចំនួន ៣៩០ នាក់ទៀតត្រូវបានសម្លាប់ និង ៧៣៤ នាក់បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

ក្រសួងបានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះយ៉ាងហោចណាស់មានប្រជាជនប៉ាឡេស្ទីន ២០,០៥៧ នាក់ហើយត្រូវបានសម្លាប់ និង ៥៣,៣២០ នាក់បានរងរបួសនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា។

យោងតាមប្រភពសន្តិសុខប៉ាឡេស្ទីនដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា សេវាទំនាក់ទំនង និងអ៊ីនធឺណែតបានចាប់ផ្តើមឡើងវិញជាបណ្តើរៗនៅក្នុងហ្គាហ្សាកាលពីយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការរំខានជិតពីរថ្ងៃ។

ប្រភពដែលបានគូសបញ្ជាក់ទៀតថា អ៊ីស្រាអែលបាននិងកំពុងវាយប្រហារស្ទើរពាសពេញនៃតំបន់ហ្គាហ្សាស្ទ្រីបក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ទាំងផ្លូវអាកាស គោក និងសមុទ្រ ខណៈដែលការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីននៅតែបន្តនៅក្នុងតំបន់ភាគច្រើននៃហ្គាហ្សា លើកលែងតែទីក្រុងរ៉ាហ្វា៕

រូបភាពពី Xinhua