(តូក្យូ)៖ នាថ្ងៃសុក្រនេះ ជប៉ុនបាននិយាយថា ខ្លួននឹងត្រៀមរៀបចំបញ្ជូនមីស៉ីលនៃប្រព័ន្ធការពារដែនអាកាស Patriot ទៅឱ្យសហរដ្ឋអាមេរិក ក្រោយកែសម្រួលគោលការណ៍នាំចេញសព្វាវុធរបស់ខ្លួន ក្នុងថ្ងៃដដែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣។
សេចក្តីប្រកាសខាងលើធ្វើឡើង ខណៈប្រទេសជប៉ុនដែលជាយូរមកហើយ បានប្រកាន់ខ្ជាប់គោលជំហរមិនអនុញ្ញាតការនាំចេញសព្វាអាវុធ កំពុងតែព្យាយាមពង្រឹង ឧស្សាហកម្មការពារជាតិរបស់ខ្លួន នៅចំពោះមុខការកើនឡើង នៃភាពតានតឹងស្ថានការណ៍សន្តិសុខ នៅតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។ ក្រោយការប្រកាសនោះ លោក Yoshimasa Hayashi ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន បាននិយាយដូច្នេះថា «វានឹងជួយពង្រឹងសម្ព័ន្ធភាពជប៉ុន-អាមេរិក ហើយនឹងចូលរួមចំណែក មិនត្រឹមសម្រាប់សន្តិសុខជប៉ុនផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ទាំងមូលផងដែរ»។
គួរបញ្ជាក់ថា ទោះបីគោលការណ៍ថ្មីស្តីពីការគ្រប់គ្រងការនាំចេញសព្វាវុធរបស់ជប៉ុន នៅតែហាមឃាត់ការបញ្ជូនអាវុធទៅកាន់ប្រទេស ដែលមានសង្រ្គាមក៏ដោយ វាប្រហែលអាចផ្តល់អត្ថប្រយោជន៍ដោយប្រយោលដល់អ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី ដ្បិតវានឹងផ្តល់សមត្ថភាពបន្ថែមដល់សហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់ជំនួយយោធាឱ្យទីក្រុងកៀវ។ នៅក្រោមគោលការណ៍ពីមុន ជប៉ុនអាចនាំចេញតែសមាសធាតុផ្សំរបស់អាវុធប៉ុណ្ណោះ ដោយមិនអាចនាំចេញផលិតផលសព្វាវុធសម្រេចទាំងស្រុង នោះឡើយ។
ចំណែក នៅក្រោមគោលការណ៍ថ្មីដែលត្រូវបានកែសម្រួល ទីក្រុងតូក្យូអាចនាំចេញផលិតផលសម្រេចទាំងស្រុង ទៅកាន់ប្រទេសនានាបាន ដែលជាកន្លែងឈរជើង របស់ក្រុមហ៊ុនជាម្ចាស់សិទ្ធិប៉ាតង់។ យ៉ាងណាមិញ ការនាំចេញបន្តទៅកាន់ប្រទេសទី៣ នឹងតម្រូវឱ្យមានការអនុញ្ញាជាមុនពីទីក្រុងតូក្យូ។ ជប៉ុនផលិតមីស៉ីលប្រព័ន្ធ Patriot នៅក្រោមអាជ្ញាបណ្ណរបស់ក្រុមហ៊ុនអាមេរិក Raytheon និង Lockheed Martin។ ដោយឡែក យោងតាមសេចក្តីរាយការណ៍ ពីសារព័ត៌មាន Financial Times កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទីក្រុងតូក្យូក៏កំពុងពិចារណានាំចេញ គ្រាប់កាំភ្លើងធំប្រភេទ១៥៥មីលីម៉ែត្រ ដែលផលិតក្រោមអាជ្ញាបណ្ណរបស់ក្រុមហ៊ុន BAE Systems ទៅកាន់ចក្រភពអង់គ្លេស ផងដែរ៕