(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សេតវិមានបាននិយាយថា រដ្ឋាភិបាលអាមេរិក កំពុងត្រៀមរៀបចំសំណើថ្មីមួយទៀត ដាក់​ទៅកាន់ប្រទេសរុស្ស៉ី ដើម្បីស្វែងរកការដោះលែងពលរដ្ឋអាមេរិក២នាក់ ដែលជាប់ឃុំឃាំងនៅទីនោះ បន្ទាប់ពីទីក្រុងមូស្គូបានបដិសេធចំពោះ​សំណើពីមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ពួកយើងកំពុងខំប្រឹងប្រែងធ្វើការជាខ្លាំង ដើម្បីពិនិត្យមើលថា តើយើងអាចធ្វើអ្វីបានដើម្បីរៀបចំសំណើថ្មីមួយទៀត ដែលប្រហែលមានលទ្ធភាពជោគជ័យខ្ពស់ជាងមុន»។ ក្នុងខែធ្នូនេះ ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា រុស្ស៉ីបានច្រានចោលសំណើមួយ ដែលខ្លួនអះអាងថា មានលក្ខណៈសមរម្យគ្រប់គ្រាន់ ដើម្បីដោះលែងពលរដ្ឋអាមេរិកទាំង២រូប គឺអ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែតអាមេរិក Wall Street Journal ឈ្មោះ Evan Gershkovich និងអតីតកងម៉ារីនអាមេរិក ឈ្មោះ Paul Whelan។ ក្រោយមក ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា រូបលោកសង្ឃឹមថា ភាគីទាំងពីរនឹងអាចសម្រេចបានដំណោះស្រាយមួយ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវធ្វើការសម្រេចចិត្ត ដែលនឹងសក្តិសមចំពោះលក្ខខណ្ឌរបស់រុស្ស៉ី។

គួរបញ្ជាក់ថា លោក Gershkovich អាយុ៣២ឆ្នាំ ត្រូវបានចាប់ខ្លួន អំលុងការធ្វើដំណើរមួយដើម្បីរាយការណ៍ព័ត៌មាន កាលពីចុងខែមីនា ឆ្នាំនេះ នៅឯទីក្រុង Yekaterinburg។ រូបលោកគឺជាអ្នកកាសែតលោកខាងលិចដំបូងគេ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្ម គិតចាប់តាំងពីសម័យសហភាពសូវៀត។ រីឯលោក Whenlan អាយុ៥៣ឆ្នាំ គឺធ្វើការផ្នែកសន្តិសុខ នៅក្រុមហ៊ុនគ្រឿងបន្លាស់យានយន្តអាមេរិកមួយ នៅពេលលោកត្រូវបានចាប់ខ្លួន នៅទីក្រុងមូស្គូ កាលពីឆ្នាំ២០១៨។ រូបលោកត្រូវបាន​ផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេលសរុប១៦ឆ្នាំ ពីបទធ្វើចារកម្ម។ ក្នុងបទសម្ភាសជាមួយកាសែតអង់គ្លេស BBC ដែលចេញផ្សាយកាលពី​ថ្ងៃពុធសប្តាហ៍នេះ លោក Whelan បាននិយាយថា រូបលោកមានអារម្មណ៍ប្រៀបដូចជា ត្រូវបានអាមេរិកបោះបង់ចោលយ៉ាងដូច្នោះ។

កាលពីខែធ្នូ ឆ្នាំ២០២២ តារាបាល់បោះអាមេរិកម្នាក់ ត្រូវបានដោះលែងចេញពីពន្ធនាគាររុស្ស៉ី ក្រោមការដោះដូរអ្នកទោស​ជាមួយរុស្ស៉ី ខណៈលោក Gershkovich និង Whelan មិនត្រូវបានដោះលែង ក្រោមកិច្ចព្រមព្រៀងនោះទេ។ ចំណែក កាលពីថ្ងៃពុធសប្តាហ៍នេះ អាមេរិកទើបតែដោះដូរអ្នកទោសជាមួយវ៉េណេស៊ុយអេឡា ដោយពលរដ្ឋអាមេរិក១០នាក់ ត្រូវបានដោះលែងជាថ្នូរនឹង មនុស្សជំនិតម្នាក់របស់​ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro៕

រូបភាពពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី