(វ៉ាសូវី)៖ ប្រធានាធិបតីប៉ូឡូញនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានថ្កោលទោសការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់នាយករដ្ឋមន្ត្រីថ្មី លោក Donald Tusk ថាជា «ភាពអនាធិបតេយ្យ» ខណៈភាពតានតឹងរវាងប្រមុខរដ្ឋ និងរដ្ឋបាលរបស់ លោក Tusk កំពុងកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣។

ថ្មីៗនេះ រដ្ឋបាលរបស់ លោក Tusk បានបិទការផ្សាយរបស់ទូរទស្សន៍ TVP Info ដែលជាប៉ុស្តិ៍ព័ត៌មានសាធារណៈ ២៤ម៉ោងរបស់រដ្ឋ ហើយបានបណ្តេញថ្នាក់ដឹកនាំទូរទស្សន៍នោះចេញ ដោយនិយាយថា គឺដើម្បីស្ដារឡើងវិញនូវភាពមិនលំអៀង។ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងជាពិសេសទូរទស្សន៍ TVP Info បានរងការចោទប្រកាន់ថា ជាកន្លែងសម្រាប់ឃោសនា ក្រោមរដ្ឋាភិបាលមុននៃគណបក្ស PiS។

លោកប្រធានាធិបតីប៉ូឡូញ Duda បានប្រាប់វិទ្យុក្នុងស្រុកថា វិធានការរបស់រដ្ឋាភិបាលថ្មី គឺបានរំលងនីតិវិធីរបស់សភា និងប្រឆាំងរដ្ឋធម្មនុញ្ញ។ លោក Duda បានថ្លែងថា «នេះជាសកម្មភាពខុសច្បាប់ទាំងស្រុង នេះជារឿងអនាធិបតេយ្យ»។

គួរបញ្ជាក់ថា ក្រោយកាន់តំណែងជាផ្លូវការនៅក្នុងខែធ្នូនេះ រដ្ឋាភិបាលថ្មីប៉ូឡូញដឹកនាំដោយ លោក Tusk ដែលជាអតីតប្រធានក្រុមប្រឹក្សាអឺរ៉ុប បានចាប់ផ្តើមរួមការងារជាមួយ លោកប្រធានាធិបតី Andrzej Duda ដែលជាសម្ព័ន្ធមិត្តនៃអតីតរដ្ឋបាលជាតិនិយមរបស់ប៉ូឡូញ ប៉ុន្តែសញ្ញានៃភាពចម្រូងចម្រាស ក៏បានលេចឡើងមិនយូរប៉ុន្មាន នៅពីរបីថ្ងៃដំបូង៕

រូបភាពពី Reuters