(ខាទុំ)៖ អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា មនុស្សសរុបជាង៧លាននាក់ហើយ ដែលត្រូវបានបង្ខំឱ្យរត់ភៀសខ្លួនពីផ្ទះសម្បែង ដោយសារតែការប្រយុទ្ធគ្នា នៅក្នុងប្រទេសស៊ូដង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣។

អ្នកនាំពាក្យអគ្គលេខាធិការ UN លោក Stephane Dujarric បាននិយាយថា យោងតាមអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ហៅកាត់ IOM មនុស្សរហូតដល់៣០០,០០០នាក់ បានភៀសខ្លួនចេញពីទីក្រុង Wad Madani នៃរដ្ឋ Al-Jazira។ មនុស្សជាងកន្លះលាននាក់ បាននាំគ្នាជ្រកកោននៅរដ្ឋ Al-Jazirah មុនពេលដែលការប្រយុទ្ធគ្នា បានរាលដាលដល់ទីក្រុង Wad Madani ដែលជារដ្ឋធានីរបស់​រដ្ឋមួយនេះ។

ក្រៅពីអ្នកភៀសខ្លួនក្នុងប្រទេស មនុស្សប្រមាណ ១​.៥លាននាក់ផ្សេងទៀត បានរត់ចេញពីស៊ូដង់តែម្តង ទៅកាន់បណ្តាប្រទេសជិតខាង។ បើតាមលោក Dujarric សរុបមកទល់ពេលនេះ តួលេខ​អ្នករត់ភៀសខ្លួនសរុបគឺទាំងនៅក្នុងប្រទេស និងចេញទៅកាន់ប្រទេសជិតខាង បានកើនដល់៧.១លាននាក់ ខណៈវាគឺជាវិបត្តិផ្លាស់ទីជ្រកកោនធំបំផុតររបស់ពិភពលោក។

គួរបញ្ជាក់ថា សង្រ្គាមនៅប្រទេសអាហ្រ្វិកមួយនេះ បានផ្ទុះឡើងកាលពីពាក់កណ្តាល ខែមេសា ឆ្នាំនេះ រវាងកងកម្លាំងយោធាស៊ូដង់ ដែលដឹកនាំរបស់ លោក Abdel Fattah al-Burhan និងកងកម្លាំងទាហានប៉ារ៉ា RSF ដែលស្ថិតក្រោមការគ្រប់គ្រងរបស់​លោក Mohamed Hamdan Dagalo។ ដំបូងឡើយ អ្នកទាំងពីរធ្លាប់ជាដៃគូនឹងគ្នា ក្រោយរដ្ឋប្រហារយោធាឆ្នាំ២០១៩ ប៉ុន្តែបន្ទាប់មក សម្ព័ន្ធភាពនោះក៏បានប្រេះឆា។ តួលេខចុងក្រោយបំផុត បានបង្ហាញថា មនុស្សប្រហែលជាង១២,០០០នាក់ បានស្លាប់នៅស៊ូដង់ ដោយសារជម្លោះនេះ៕

រូបភាពពី AFP