(អង់ការ៉ា)៖ រដ្ឋមន្ត្រីមហាផ្ទៃតួកគី លោក Ali Yerlikaya បាននិយាយនៅថ្ងៃសុក្រនេះថា អាជ្ញាធរតួកគីបានឃាត់ខ្លួនមនុស្សចំនួន ៣០៤នាក់ ដោយសង្ស័យមានទំនាក់ទំនងជាមួយក្រុមភេរវករ ISIS នៅក្នុងប្រតិបត្តិការទូទាំង ៣២ខេត្តនៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣។

លោក Yerlikaya បានឲ្យដឹងតាមរយៈបណ្តាញសង្គម X ថា ប្រតិបត្តិការ «Operation Heroes-34» ត្រូវបានអនុវត្ត ក្នុងពេលដំណាលគ្នា នៅទូទាំងប្រទេស។ ជនសង្ស័យភាគច្រើនត្រូវឃាត់ខ្លួនក្នុងទីក្រុងធំបំផុតចំនួន ៣របស់តួកគី គឺអង់ការ៉ា អ៉ីស្តង់ប៊ុល និងអ៉ីហ្ស៉ីមៀរ។ លោក Yerlikaya បានគូសបញ្ជាក់ថា «យើងមិនអនុញ្ញាតឲ្យក្រុមភេរវករ បង្កការប៉ះពាល់ដល់សន្តិភាព និងការរួបរួមរបស់ប្រជាជនយើងឡើយ។ យើងនឹងបន្តការប្រយុទ្ធរបស់យើង ជាមួយនិងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង របស់កងកម្លាំងសន្តិសុខ»។

គួរបញ្ជាក់ថា ក្រុម ISIS ធ្លាប់បានគ្រប់គ្រង ១ភាគ៣នៃប្រទេសអ៉ីរ៉ាក់ និងស៊ីរី កាលពីឆ្នាំ ២០១៤។ ទោះបីត្រូវបានបង្រ្កាបទៅវិញក៏ដោយ ក្រុមនេះនៅតែបន្តធ្វើការវាយប្រហារជារឿយៗ។ ISIS បានធ្វើការវាយប្រហារជាច្រើននៅទូទាំងប្រទេសតួកគី រួមទាំងនៅក្លឹបរាត្រីមួយ ក្នុងទីក្រុងអ៉ីស្តង់ប៊ុល កាលពីថ្ងៃទី១ ខែមករា ឆ្នាំ ២០១៧ ដោយកាលណោះសម្លាប់មនុស្ស ៣៩នាក់៕

រូបភាពពី Reuters