(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ យោធាអ៉ីស្រាអែល បានអះអាងថា គិតចាប់តាំងពីបទឈប់បាញ់បណ្តោះអាសន្ន ក្នុងសង្រ្គាមហ្កាហ្សាស្រ្ទីប (Gaza Strip) បានផ្ទុះឡើងកាលពីថ្ងៃទី១ ខែធ្នូ កងកម្លាំងរបស់ខ្លួនបានសម្លាប់ សមាជិកប្រហែលជាង២,០០០នាក់ទៀត របស់ក្រុមហាម៉ាសប៉ាឡេស្ទីន តាមរយៈការវាយប្រហារតាមផ្លូវអាកាស និងប្រតិបត្តិការវាយលុកតាមជើងគោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣។
ប្រការនេះនាំឱ្យតួលេខប៉ាន់ស្មានរបស់យោធាអ៉ីស្រាអែល ស្តីពីអ្នកប្រយុទ្ធរបស់ហាម៉ាស ដែលត្រូវបានផ្តាច់ជីវិតនៅតំបន់ Gaza គិតតាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែកក្កដា កើនដល់ប្រមាណ៨,០០០នាក់។ បើតាមយោធាអ៉ីស្រាអែល សមាជិកហាម៉ាសខ្ទង់១,០០០នាក់ផ្សេងទៀត ក៏ត្រូវបានសម្លាប់ផងដែរ នៅក្នុងទឹកដីអ៉ីស្រាអែលផ្ទាល់ អំលុងការឆ្មក់វាយលុកទ្រង់ទ្រាយធំ របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះមកលើអ៉ីស្រាអែល នៅថ្ងដដែលនោះ។
គួរបញ្ជាក់ថា យោងតាមការអះអាងរបស់អ៉ីស្រាអែល ការវាយលុករបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា បានផ្តាច់ជីវិតមនុស្សជាង ១,១០០នាក់ នៅអ៉ីស្រាអែល។ រីឯបើតាមអាជ្ញាធរតំបន់ Gaza ដែលគ្រប់គ្រងដោយហាម៉ាស ការធ្វើសង្រ្គាមសងសឹករបស់អ៉ីស្រាអែល មកទល់ពេលនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីនសរុបកើនហួស ២០,០០០នាក់ហើយ នៅទីនោះ៕
រូបភាពពី Reuters