(កៀវ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal បាននិយាយថា ប្រទេសរបស់លោកទទួលបានហើយ នូវថវិកា១.៥ពាន់លានអឺរ៉ូចុងក្រោយ (១.៦៥ពាន់លានដុល្លារ) ពីកញ្ចប់ជំនួយហិរញ្ញវត្ថុមានទំហំសរុប១៨ពាន់លានអឺរ៉ូ របស់សហភាពអឺរ៉ុប (EU) សម្រាប់ឆ្នាំ២០២៣នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣។

លោក Shmyhal បានបង្ហោះសារនៅលើបណ្តាញសង្គម X (Twitter) ដូច្នេះថា «ថ្ងៃនេះ យើងទទួលបានថវិកា១.៥ពាន់លានអឺរ៉ូ ចុងក្រោយបង្អស់ នៃកញ្ចប់ជំនួយហិរញ្ញវត្ថុទំហំ ១៨ពាន់លានអឺរ៉ូ។ ពួកយើងមានក្តីសង្ឃឹមថា នឹងអាចបន្តទទួលបានការគាំទ្រឥតងាករេពី EU»។ យោងតាមរដ្ឋមន្រ្តីហិរញ្ញវត្ថុអ៊ុយក្រែន លោក Serhiy Marchenko ក្នុងឆ្នាំនេះ សហភាពអឺរ៉ុប គឺជាម្ចាស់ជំនួយធំបំផុតសម្រាប់​ការគាំទ្រតាមរយៈថវិកាផ្ទាល់ ពោលគឺទទួលបន្ទុកជាង៤៥ភាគរយ នៃតម្រូវការផ្នែកហិរញ្ញវត្ថុពីខាងក្រៅ របស់ទីក្រុងកៀវ។

គួរបញ្ជាក់ថា សេដ្ឋកិច្ចអ៊ុយក្រែនពឹងផ្អែកជាខ្លាំងលើ ការគាំទ្រហិរញ្ញវត្ថុពីក្រុមប្រទេសជាដៃគូ ហើយមួយរយៈចុងក្រោយ ទីក្រុងក្រៀវកំពុងបារម្ភកាន់តែខ្លាំងឡើងថា ការគាំទ្រនេះនឹងអាចបន្តដែរឬទេ ដ្បិតកញ្ចប់ជំនួយធំៗថ្មីមកទល់ឥឡូវ បានជាប់គាំងទាំងនៅសហភាពអឺរ៉ុប និងនៅសហរដ្ឋអាមេរិក។ សម្រាប់ឆ្នាំ២០២៤ អ៊ុយក្រែនសង្ឃឹមទទួលបាន១៨.៥ពាន់លានអឺរ៉ូពី EU និងជាង៨ពាន់លានដុល្លារ ពីកញ្ចប់ជំនួយអាមេរិក ដែលរួមមាននូវជំនួយយោធាដ៏សំខាន់ ផងដេរ។ ការបោះឆ្នោតលើកញ្ចប់ជំនួយទាំងពីរ ត្រូវបានពន្យារទៅដល់ខ្ទង់​ដើមឆ្នាំក្រោយ៕

រូបភាពពី Reuters