(ប្រាក)៖ ប៉ូលិសនៃសាធារណរដ្ឋឆែក បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ និស្សិតឆែកម្នាក់អាយុ២៤ឆ្នាំ បានបាញ់សម្លាប់ឪពុករបស់ខ្លួន រួចហើយផ្តាច់ជីវិតមនុស្ស ១៤នាក់ផ្សេងទៀត ខណៈ២៥នាក់ក៏បានរងរបួសផងដែរ នៅឯសាកលវិទ្យាល័យដែលរូបគេសិក្សា ស្ថិតក្នុងរដ្ឋធានីប្រាក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣។

ករណីបាញ់ប្រហារនោះបានកើតឡើងនៅសាកលវិទ្យាល័យ Charles University។ ក្នុងថ្ងៃដដែល មុនពេលកើតហេតុ ខាងប៉ូលិសទទួលបានព័ត៌មានថា ជនសង្ស័យទំនងជា នឹងធ្វើដំណើរមកកាន់ទីក្រុងប្រាក ចេញពីក្រុងខ្លួនរស់នៅដែលស្ថិតក្នុងតំបន់ Kladno ជាប់រដ្ឋធានីនៃសាធារណរដ្ឋឆែក ជាមួយចេតនាធ្វើអត្តឃាត។ មិនយូរប៉ុន្មានបន្ទាប់ពីនោះ ឪពុករបស់ខ្មាន់កាំភ្លើង ក៏ត្រូវបានរកឃើញស្លាប់។

ប៉ូលិសបានជម្លៀសមនុស្សចេញពី អគារមួយនៃមហាវិទ្យាល័យផ្នែកសិល្បៈ ស្ថិតក្នុងសាកលវិទ្យាល័យខាងលើ និងជាទីដែលខ្មាន់កាំភ្លើងត្រូវចូលស្តាប់បាឋកថា ប៉ុន្តែក្រោយមក​ពួកគេត្រូវបានហៅឱ្យទៅកាន់អគារធំនៃមហាវិទ្យាល័យនោះវិញ ហើយបានទៅដល់នៅប៉ុន្មាននាទី ក្រោយមានសេចក្តីរាយការណ៍ អំពីការបាញ់ប្រហារ។ មេប៉ូលិសឆែក លោក Martin Vondrasek បាននិយាយថា ជនសង្ស័យជា បុគ្គលមានសិទ្ធិកាន់កាប់កាំភ្លើង​មួយចំនួនដោយស្របច្បាប់ ហើយលោកបានបន្ថែមយ៉ាងដូច្នេះថា «វាគឺជាសកម្មភាពគិតទុកជាមុនដ៏អាក្រក់ ដែលបានចាប់ផ្តើមនៅតំបន់ Kladno ប៉ុន្តែជាអកុសលបានមកបញ្ចប់នៅទីនេះ»

បើតាមលោក Vondrasek ខ្មាន់កាំភ្លើង ក៏ជាប់សង្ស័យក្នុងករណីឃាតកម្មលើបុរសម្នាក់ រួមជាមួយក្មេងអាយុត្រឹម២ខែ ដែលជាកូនស្រីរបស់​បុរសម្នាក់នោះផងដែរ ដែលត្រូវបានរកឃើញស្លាប់ដោយសារគ្រាប់កាំភ្លើង កាលពីសប្តាហ៍មុនក្នុងព្រៃនៅភូមិមួយក្បែរទីក្រុង Prague។ បើតាមប៉ូលិស ជនសង្ស័យគឺជានិស្សិតរៀនពូកែម្នាក់ ដែលមិនមានប្រវត្តិធ្លាប់ប្រព្រឹត្តបទល្មើសពីមុនមកនោះទេ ខណៈការបាញ់ប្រហារ គឺត្រូវបានប្រព្រឹត្តដោយរូបគេតែម្នាក់ឯងគត់។

លោក Vondrasek បាននិយាយថា ការស្លាប់របស់ខ្មាន់កាំភ្លើង ទំនងជាបណ្តាលមកពីការធ្វើអត្តឃាត ប៉ុន្តែអាជ្ញាធរក៏កំពុងស៉ើបអង្កេត​ឱ្យជាក់ច្បាស់ផងដែរ ថាតើរូបគេប្រហែលជាបានបាត់បង់ជីវិត ក្រោយស្នាដៃនៃក្រុមប៉ូលិស ដែលបានបាញ់ប្រហារតបត ឬយ៉ាងណា។ រីឯរដ្ឋមន្រ្តីមហាផ្ទៃឆែកលោក Vit Rakusan បាននិយាយថា ហេតុការណ៍នេះ មិនមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មអន្តរជាតិឡើយ។

គួរបញ្ជាក់ថា ឧក្រិដ្ឋកម្មដោយកាំភ្លើង គឺជារឿងមិនសូវកើតមានញឹកញាប់នោះទេ នៅសាធារណរដ្ឋឆែក។ ទោះជាបែបនេះក្តី កាលពីខែធ្នូ ឆ្នាំ២០១៩ ខ្មាន់កាំភ្លើងអាយុ៤២ឆ្នាំម្នាក់ បានសម្លាប់មនុស្ស៦នាក់ នៅបន្ទប់រង់ចាំក្នុងមន្ទីរពេទ្យមួយ ក្នុងទីក្រុង Ostrava ភាគខាងកើតប្រទេស មុនពេលរត់គេចខ្លួនហើយបាញ់សម្លាប់ខ្លួនឯង។ ចំណែក កាលពីឆ្នាំ២០១៥ បុរសម្នាក់បានបាញ់សម្លាប់មនុស្ស៨នាក់ រួចធ្វើអត្តឃាតតាមក្រោយ នៅភោជនីយដ្ឋានមួយ ក្នុងក្រុង Uhersky Brod៕

style="text-align: center;">រូបភាពពី Reuters