(កៀវ)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អ៊ុយក្រែនបានឲ្យដឹងថារុស្ស៉ីបានបាញ់មីស៉ីលប្រហែល ៧,៤០០គ្រាប់ និងយន្តហោះដ្រូន Shahed ចំនួន ៣,៧០០គ្រឿង លើគោលដៅនានាក្នុងប្រទេសអ៊ុយក្រែន អំឡុងសង្រ្គាមរយៈពេល ២២ខែមកនេះ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣។

អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Yuriy Ihnat បានបញ្ជាក់ថា «កងកម្លាំងការពារដែនអាកាស អាចបាញ់ទម្លាក់មីស៉ីលចំនួន ១៦០០គ្រាប់ និងយន្តហោះដ្រូនចំនួន ២,៩០០គ្រឿង។ យើងបានប្រឈមមុខនឹងជនឈ្លានពានដ៏ធំមួយ ហើយយើងកំពុងវាយបកវិញ»។ បើតាមលោក Ihnat ប្រសិទ្ធិភាពនៃបាញ់ទម្លាក់បានថយចុះ ដោយសារតែរុស្ស៉ីប្រើប្រាស់មីស៉ីលបាលីស្ទីគ ដែលពិបាកក្នុងការទប់ស្កាត់ ហើយមានតែលោកខាងលិច ផ្គត់ផ្គង់ឲ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាស Patriot ទេដែលទប់ទល់បាន។

គួរបញ្ជាក់ថា រុស្ស៉ីបានចាប់ផ្តើមប្រើប្រាស់យន្តហោះដ្រូន បាញ់ទៅលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន កាលពីក្នុងខែកញ្ញា ឆ្នាំ២០២២។ ការប្រើប្រាស់ យន្តហោះដ្រូនដើម្បីវាយប្រហារទ្រង់ទ្រាយធំ បានបង្កើតភាពលំបាកមួយសម្រាប់អ៊ុយក្រែន ដោយសារតែដ្រូនដែលរុស្ស៉ីប្រើមានតម្លៃថោក តែអ៊ុយក្រែន ត្រូវប្រើប្រាស់មីស៊ីលប្រព័ន្ធការពារដែនអាកាសមានតម្លៃថ្លៃៗមកបាញ់ទម្លាក់៕

រូបភាពពី AFP