(មូស្គូ)៖ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បានឈានចូល៦៦៦ថ្ងៃហើយ។ ខណៈដែលសង្គ្រាមនឹងឈានចូលដល់ឆ្នាំទី៣នាច្រើនថ្ងៃខាងមុខទៀតនេះ, មេដឹកនាំអ៊ុយក្រែននិងមេដឹកនាំរុស្ស៊ី បានប្តេជ្ញាចិត្តរៀងៗខ្លួនថានឹងឈ្នះលើសង្គ្រាមជាមិនខាន។ តើឆ្នាំ២០២៤នឹងមានអ្វីវិវត្តន៍ដែរឬទេជុំវិញ សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននេះ?

មេដឹកនាំអ៊ុយក្រែន លោក Zelenskiy និងមេដឹកនាំរុស្ស៊ីលោក Vladimir Putin សុទ្ធតែបានប្តេជ្ញាចិត្តរៀងៗខ្លួនក្នុងការត្រូវយកឈ្នះនៅក្នុងសង្គ្រាម។ ការប្តេជ្ញាចិត្តនេះបានធ្វើឡើងតាមរយៈសន្និសីទកាសែតរៀងៗខ្លួនខណៈឆ្នាំ២០២៣ត្រៀម នឹងដាច់ឈានចូលឆ្នាំថ្មី២០២៤។ លោក ហ្សេឡិនស្គី ថ្លែងនៅក្នុងសន្និសីទកាសែតមួយក្នុងក្រុងគៀវកាលពីថ្ងៃទី២០ ធ្នូ បានថ្លែង រកការរក្សាជំនួយពីប្រទេសលោកខាងលិច សម្រាប់ឆ្នាំ២០២៤ ជាបន្ត និងការជំរុញលើកទឹកចិត្តដល់ពលរដ្ឋអ៊ុយក្រែន ដើម្បីការធ្វើសង្គ្រាមបន្តប្រឆាំងនឹងរុស្ស៊ី។ ការធ្វើសន្និសីទកាសែតក្នុងខែនៃដំណាច់ឆ្នាំ២០២៣ បានទន្ទឹមនឹងសេចក្តីរាយការណ៍នានា បង្ហាញភាពមិនជឿនលឿនទៅមុខនៃការធ្វើសង្គ្រាមរបស់រដ្ឋាភិបាលក្រុងគៀវ គ្រាដែលការប្រយុទ្ធដែលធ្លាប់តែ សម្បូរណ៍គ្រាប់បាញ់ហូរហៀរ បានក្លាយជាការប្រយុទ្ធដែលត្រូវសន្សំសំចៃគ្រាប់ ខណៈកញ្ចប់នៃសំណើជំនួយរាប់ពាន់លានដុល្លារ វេលាពីសហរដ្ឋអាមេរិកនិង ពីប្លុកអឺរ៉ុប ត្រូវបានខ្ទាស់ជាប់ដោយសារតែវិបត្តិផ្ទៃក្នុងរៀងៗខ្លួន។ ការធ្វើសន្និសីទកាសែតបញ្ជាក់នូវគោលជំហរ បានធ្វើឡើងទន្ទឹមនឹងរុស្ស៊ីបន្តការវាយប្រហារ មិនស្រាកស្រានដាក់លើគោលដៅនានាក្នុងទឹកដីអ៊ុយក្រែនដើម្បីបង្ខំឱ្យរដ្ឋាភិបាលក្រុងគៀវ ចុះញ៉ម។

សេចក្តីរាយការណ៍បានបង្ហាញថាក្នុងខែធ្នូនេះ រុស្ស៊ីបានវាយប្រហារតាមផ្លូវអាកាស ជាច្រើនលើកដាក់លើបណ្តាក្រុងនិងរដ្ឋធានគៀវ និងការវាយប្រហារ ចុងក្រោយតាមផ្លូវអាកាស ក្នុងសប្តាហ៍នេះកាលពីថ្ងៃអង្គារ ដោយការបាញ់បង្ហោះដ្រូនអត្តឃាតចំនួន១៩លើកដាក់លើក្រុងគៀវ, ក្រុងអូដេសា និងក្រុង Kherson។ នៅក្នុងតំបន់ Kharkiv នោះវិញ, រុស្ស៊ីបាញ់មីស៊ីលដាក់ចំនួន២គ្រាប់ថែមទៀត។ បើទោះបីជាវាយប្រហារត្រូវអ៊ុយក្រែនបញ្ជាក់ថា មិនមាន ចំនួនមនុស្សស្លាប់និងរងរបួសច្រើនក៏ដោយ ប៉ុន្តែទឹកចិត្តរបស់ប្រជាជនកាន់តែបាក់ស្រុត នៅពេលឃើញសង្គ្រាមកាន់តែត្រដាបត្រដួស ទៅជាលំដាប់ នេះ។

តួលេខខ្ពស់នៃការស្ទង់មតិដែលធ្លាប់តែលើកទឹកចិត្តលោកហ្សេឡិនស្គីក្នុងការធ្វើសង្គ្រាម នាពេលនេះ បានធ្លាក់ពី៨៤ភាគរយក្នុងឆ្នាំ២០២២មកនៅ ៦២ភាគរយ ក្នុងឆ្នាំ២០២៣។ ប៉ុន្តែ ទោះជាមានឧបសគ្គរារាំងទាំងជំនួយ និងការបន្តវាយលុកដោយកម្លាំងថ្មើរជើង និងតាមអាកាសនោះក្តី មេដឹកនាំអ៊ុយក្រែនបានបង្ហាញនូវភាពរឹងមាំរបស់ខ្លួន និងបញ្ជាក់នូវក្តីរំពឹងថា គឺនឹងអាចមានផ្លូវដោះស្រាយឧបសគ្គនោះរួចនៅក្នុងឆ្នាំ២០២៤ និងអ៊ុយក្រែននឹងឈ្នះលើសមរភូមិប្រយុទ្ធ ប៉ុន្តែលោកបានស្នើសុំកុំឱ្យជំនួយមានការកាត់បន្ថយ។ មេដឹកនាំអ៊ុយក្រែនលោក Zelenskiy បាននិយាយ នៅពេលចាប់ផ្តើមសន្និសីទកាលពីថ្ងៃទី ២០ធ្នូថា «ខ្ញុំប្រាកដថាការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបនឹងបន្ត» មកឱ្យអ៊ុយក្រែន។

លោក ហ្សេឡិនស្គី បាននិយាយថា «ខ្ញុំជឿជាក់ថាសហរដ្ឋអាមេរិកនឹងមិនក្បត់យើងទេ» ដែលការថ្លែងពីអារម្មណ៍របស់លោកនេះ គឺជាការឆ្លើយតបនឹង សំណួររបស់អ្នកកាសែតជាច្រើន ដែលចង់ដឹងអំពីប្រសាសន៍ប្រតិកម្មរបស់លោកគ្រាដែលទំនាស់វិបត្តិផ្ទៃក្នុងរវាងគណបក្សប្រជាធិបតេយ្យនិង គណបក្សសាធារណរដ្ឋ ក្នុងសហរដ្ឋអាមេរិកបានរាំងខ្ទប់ជំនួយជាង៦០ ពាន់លានដុល្លារ។ ក្នុងសំណួរមួយទៀត ទៅកាន់លោក ហ្សេឡិនស្គី ជុំវិញអ្វីណាមួយនឹងអាចកើតឡើងប្រសិន ណាបើលោក ដូណាល់ ត្រាំនឹងអាចក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកនោះ។ លោក ហ្សេឡិនស្គី គ្រាន់តែបានថ្លែងថាភាពធ្លាក់ចុះនៃការគាំទ្រជាអន្តរជាតិ សម្រាប់ប្រទេសរបស់លោកអាចមាន «ផលប៉ះពាល់យ៉ាងខ្លាំងណាស់ដល់ ដំណើរនៃការធ្វើសង្រ្គាម»

រដ្ឋបាលលោក ចូ បៃដិន គឺជាប្រទេសនៃមហាចន្ទល់ដ៏ធំបំផុតមួយរបស់អ៊ុយក្រែនដែលហ៊ានងើប ប្រឈមមុខនៃការធ្វើសង្គ្រាមដាក់លើរុស្ស៊ីនៃប្រទេស មហាអំណាចនុយក្លេអ៊ែរ ប៉ុន្តែសេចក្តីរាយការណ៍អំពីស្ថានការណ៍នយោបាយក្នុងសហរដ្ឋអាមេរិក ដែលមានការបង្ហាញថាលោក ដូណាល់ ត្រាំ នឹងអាច មានឱកាសក្នុងការវិលត្រឡប់មកកាន់ជាប្រធានាធិបតីសាជាថ្មិវិញនោះ បាននាំឱ្យមានក្តីបារម្ភជាខ្លាំង។ លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹង ដោះស្រាយបញ្ចប់បញ្ហារវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែនក្នុងថ្ងៃដែលលោកបានឡើងកាន់តំណែងសាជាថ្មី។

បើសិនជាលោកដូណាល់ត្រាំនឹងឡើងកាន់តំណែងសាជាថ្មីវិញក្នុងសហរដ្ឋអាមេរិក ជំនួយយោធារបស់សហរដ្ឋអាមេរិកនិងជំនួយអន្តរជាតិនានា ត្រូវបានរំពឹងថានឹងត្រូវបានកាត់បន្ថយឬនឹងមិនមានបន្តទៀតឡើយ ដែលជារឿងកាន់តែមិនល្អចំពោះអ៊ុយក្រែនឡើយ។ យុទ្ធនាការរដូវប្រាំង ចាប់ផ្តើមពីដើមខែមិថុនា ឆ្នាំ២០២៣របស់អ៊ុយក្រែន មិនបានទទួលលទ្ធផលល្អឡើយ។ មន្ត្រីជាន់ខ្ពស់យោធារបស់អ៊ុយក្រែនក៏បានទទួលស្គាល់ភាព ទ្រឹងមិនបានធ្វើដំណើរទៅមុខល្អនោះឡើយ។ ភាពមិនទៅមុខនៃការធ្វើសង្គ្រាមនោះហើយ ត្រូវគេចាត់ទុកថាក៏ជាផ្នែកមួយនៃការបាក់ទឹកចិត្តដល់ ប្រទេសផ្តល់ជំនួយខ្លះ ដោយសារមិនបានឃើញលទ្ធផលជាផ្លែផ្កានិងក៏មានក្តីបារម្ភថាបើសិនជាបន្តជួយទោះបីជាក្នុងរយៈពេលមួយឆ្នាំថែមទៀត ក៏ដោយ ក៏លទ្ធផលនឹងនៅតែដដែល និងខ្លះទៀតបារម្ភថាអ៊ុយក្រែននឹងមិនអាចឈ្នះសង្គ្រាមលើរុស្ស៊ីឡើយ។

លោក Zelenskiy ទោះជាយ៉ាងណាក៏ដោយថ្លែងនៅក្នុងសន្និសីទកាសែតបានថ្លែងច្រានចោល រាល់ការយល់ឃើញថាអ៊ុយក្រែនកំពុងធ្វើដំណើរទៅរក ភាពបរាជ័យ បន្ទាប់ពីយុទ្ធនាការរដូវប្រាំងដែលគ្មានភាពរីកចំរើននិងនាពេលនេះ កងទ័ពរុស្ស៊ី បានប្រែក្លាយយុទ្ធសាស្ត្រពីការទប់ទល់មកការវាយលុក ក្នុងរដូវត្រជាក់នាពេលនេះវិញ។ លោក ហ្សេឡិនស្គី បាននិយាយថា អ៊ុយក្រែនធ្លាប់បានស្ថិតក្នុងស្ថានភាពតឹងតែងជាងនេះទៅទៀតជាពិសេស ចាប់តាំងពីជម្លោះបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២។ លោក ហ្សេឡិនស្គី បាននិយាយថា អ៊ុយក្រែនអាចនឹងឈ្នះលឿនជាងនេះ ប្រសិនបើអ៊ុយក្រែន មានភាពធន់។ លោកបាននិយាយទៀតថា ចំណែករុស្ស៊ីពេញមួយឆ្នាំមកនេះ ក៏គ្មានទទួលបានលទ្ធផលអ្វីដែរ។ លោកបានសន្យាថានឹងស្វែងរកជំនួយ ហិរញ្ញវត្ថុដើម្បីជួយអ៊ុយក្រែនក្នុងការធ្វើសង្គ្រាម។

ថ្លែងក្នុងសន្និសីទកាសែតប្រចាំឆ្នាំ លោក ហ្សេឡិនស្គី បាននិយាយថារុស្ស៊ីក៏មិនទទួលជោគជ័យអ្វីដែរក្នុងឆ្នាំ២០២៣។ លោកថាកងកម្លាំងអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែន បានបំពេញកិច្ចការដ៏ល្អរបស់ខ្លួន។ លោកថាលោកមានដឹងគុណណាស់ចំពោះអ្វីដែលកងកម្លាំងនិងប្រជាជនអ៊ុយក្រែន បានធ្វើទាំងនេះ។ លោកបានថ្លែងសន្យាថានឹងធ្វើកិច្ចការស្វែងរកជំនួយហិរញ្ញវត្ថុ និងលោកជឿថាសហរដ្ឋអាមេរិកនឹងមិនក្បត់អ៊ុយក្រែនឡើយ និងលោកថាអ្វីដែលយើងបានសម្រេចយល់ព្រមជាមួយនឹងសហរដ្ឋអាមេរិក នឹងត្រូវសហរដ្ឋអាមេរិកអនុវត្តតាម។ លោក ហ្សេឡិនស្គី បានថ្លែងថា លោកមិនបោះបង់ចោលនូវបំណងស្តារយកទឹកដីអ៊ុយក្រែន នៅមុនឆ្នាំ២០១៤ឡើយរួមទាំងការដណ្តើមយកមកវិញនូវទឹកដីគ្រីមៀរ។

លោកថាល្បិចកលប្រយុទ្ធលើសមរភូមិនឹងអាចផ្លាស់ប្តូរបន្ទាប់ពីមានការយកចិត្តទុកប្រុងប្រយ័ត្ននៃលទ្ធផលប្រតិបត្តិការយោធាក្នុងឆ្នាំ២០២៣នេះ។
ក្នុងរង្វង់ពេលដែលមានសេចក្តីរាយការណ៍ជុំវិញការខ្វះទ័ព, លោក ហ្សេឡិនស្គី បាននិយាយថាកងកម្លាំងយោធាបានស្នើឱ្យរូបលោកត្រូវប្រមូលមនុស្ស បន្ថែមមកទៀតក្នុងរង្វង់ពី៤៥ម៉ឺន ដល់៥០ម៉ឺននាក់។ លោកបានថ្លែងថាលោកត្រូវទឡ្ហីករណ៍ជាច្រើនទៀតដើម្បីការចាត់ចែង លើបញ្ហានេះពីព្រោះរឿង ជាប់ពាក់ព័ន្ធសំខាន់នោះទីមួយបញ្ហាមនុស្ស, ទី២បញ្ហាយុត្តិធម៌, បញ្ហានៃសមត្ថភាពការពារនិងបញ្ហាហិរញ្ញវត្ថុ។

លោកបាននិយាយបង្ហាញទៀតថាលោកយល់ព្រមលើចំណុចបន្ថយអាយុសម្រាប់រើស កំណែនយោធានៃក្រុម Non-Reservist ពី២៧ឆ្នាំមកត្រឹម២៥ឆ្នាំ ប៉ុន្តែលោកប្រឆាំងចំពោះការរើសទ័ពស្ត្រី។ សេចក្តីរាយការណ៍មុននេះពាក់ព័ន្ធនឹងបញ្ហាជ្រើសរើសមនុស្សចូលបំរើកងទ័ព, សេចក្តីរាយការណ៍ បានបង្ហាញអំពីភាពប្រទាំងប្រទើសគ្នានូវពាក្យសម្តីរវាងប្រធានាធិបតី និងមន្ត្រីជាន់ខ្ពស់យោធាមួយចំនួនរួមទាំងអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន លោកឧត្តមសេនីយ៍ Valerii Zaluzhnyi ផងដែរ។ តបនឹងសំណួររបស់អ្នកកាសែតជុំវិញភាពតានតឹងរវាងរូបលោកនឹងអគ្គមេបញ្ជាការយោធាអ៊ុយក្រែន នោះ, លោក ហ្សេឡិនស្គី បានថ្លែងថាលោកនៅតែមាន «ទំនាក់ទំនងកិច្ចការងារជាមួយនឹងលោក Valerii Zaluzhnyi» ជាដដែលទេ។

សម្តីតាំងចិត្តរបស់លោក ហ្សេឡិនស្គី ក្នុងការយកឈ្នះក្នុងសង្គ្រាមជាមួយនឹងរុស្ស៊ីបានធ្វើឡើងនៅទន្ទឹមមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយ បង្ហាញដូចគ្នានូវការឈ្នះលើសង្គ្រាមដែលនឹងឈានចូលដល់ឆ្នាំទី៣នាពេលខាងមុខនេះ។ ថ្លែងក្នុងសន្និសីទកាសែតកាលពីសប្តាហ៍មុន លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា គោលដៅនៃ «ប្រតិបត្តិការយោធាពិសេស» របស់រុស្ស៊ី នឹងត្រូវតែបានសម្រេចនូវលទ្ធផលរបស់វា បើទោះបីជាមានឧបសគ្គ អ្វីកើតឡើងក៏ដោយ»។ លោក ពូទីនបាននិយាយថា «សន្តិភាពនឹងមានទៅបាន លុះត្រាណាតែយើងសម្រេចបាននូវគោលដៅរបស់យើង»។ គោលដៅ របស់លោកពូទីននោះ គឺការធ្វើឱ្យអ៊ុយក្រែន ជាតំបន់គ្មានលទ្ធិណាស៊ីផ្តាច់ការ, ការធ្វើឱ្យអ៊ុយក្រែនជាតំបន់គ្មានយោធា និងធ្វើឱ្យអ៊ុយក្រែនជាប្រទេស មួយដែលអព្យាក្រឹត»។ លោកបាននិយាយបង្ខំឱ្យអ៊ុយក្រែនត្រូវយល់ព្រមលើគោលដៅទាំង អស់ដែលរុស្ស៊ីចង់បានបើពុំដូច្នោះទេ រុស្ស៊ីនឹងមិនបញ្ចប់ សង្គ្រាមឡើយ។

លោក ហ្សេឡិនស្គី ទាក់ទងនឹងសំណួរដែលនិយាយថាអ៊ុយក្រែនត្រូវតែធ្វើតាមបំណងរបស់រុស្ស៊ីចង់បាននោះ, លោកបានឆ្លើយតបមកវិញថា «ប្រសិន ណាបើរុស្ស៊ីនិយាយថាគោលដៅនៃសង្គ្រាមរបស់ខ្លួននឹងមិនប្រែប្រួលនោះៗគឺជាការបង្ហាញថារុស្ស៊ីមិនចង់បានសន្តិភាពឡើយ។ លោក ហ្សេឡិនស្គី បាននិយាយបន្តទៀតថា «គ្មាននរណាម្នាក់ដឹងថានៅពេលណាដែលសង្រ្គាមនេះនឹងបញ្ចប់ឡើយ»។ លោកបាននិយាយបន្ថែមថា ប្រធានបទនៃ កិច្ចចរចាសន្តិភាព បច្ចុប្បន្ន «មិនទាន់អាចមើលឃើញឡើយ»។ ប៉ុន្តែក្នុងជំនួបមួយជាមួយមន្ត្រីយោធាជាន់ខ្ពស់របស់ខ្លួននាថ្ងៃទី១៩ធ្នូកន្លងមកនេះ លោក ពូទីនបាននិយាយពាក់ព័ន្ធបញ្ហាចរចាបើសិនជាអ៊ុយក្រែននិងប្រទេសលោកខាងលិចពិតជា ចង់រកការចរចានោះមែន។

លោក ពូទីនបាននិយាយថា «យើងនឹងមិនជ្រៀតជ្រែកទេ ប៉ុន្តែយើងក៏នឹងមិនបោះបង់ចោលទឹកដីរបស់យើងដែរ។ នេះជាអ្វីដែលមនុស្សរាល់គ្នាក្នុង អ៊ុយក្រែន, ក្នុងអឺរ៉ុប និងក្នុងសហរដ្ឋអាមេរិត្រូវការ»។ លោកព្រមានថា «អ្នករាល់គ្នាដែលតែងគគ្លើនដាក់មកលើរុស្ស៊ី គប្បីយល់អំពីរឿងនេះ។ ប្រសិនណាបើគេចង់ចរចា, ទុកឱ្យគេចរចា យើងនឹងធ្វើកិច្ចការនេះដោយផ្អែក លើផលប្រយោជន៍របស់យើង»។ ផលប្រយោជនរបស់រុស្ស៊ី គឺការធ្វើឱ្យ អ៊ុយក្រែន ជាតំបន់គ្មានលទ្ធិណាស៊ីផ្តាច់ការ, ការធ្វើឱ្យអ៊ុយក្រែនជាតំបន់គ្មានយោធា និងធ្វើឱ្យអ៊ុយក្រែនជាប្រទេសមួយដែលអព្យាក្រិត»។ ប៉ុន្តែ ចំពោះផលប្រយោជន៍របស់អ៊ុយក្រែន គឺការតម្រូវឱ្យរុស្ស៊ីត្រូវដកថយចេញពីទឹកដីអ៊ុយក្រែនទាំងអស់ ដែលរុស្ស៊ីបានកាន់កាប់។

លោក ហ្សេឡិនស្គី បានដាក់ចេញនូវសំណើ១០ចំណុចដើម្បីការបញ្ចប់សង្គ្រាម ប៉ុន្តែសំណើ នោះបានតម្រូវឱ្យរុស្ស៊ីត្រូវដកទាហានរបស់ខ្លួនទាំងអស់ ចេញពីទឹកដីអ៊ុយក្រែន, រុស្ស៊ីត្រូវគោរពព្រំដែនអ៊ុយក្រែន, សហភាពអឺរ៉ុបត្រូវធានាអនាគតសន្តិសុខរបស់អ៊ុយក្រែន និងទាហានរុស្ស៊ីត្រូវបានទទួល កាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាម។ សំណើអ៊ុយក្រែនទាំងនោះត្រូវបានរុស្ស៊ីបដិសេធ។ វិមានក្រឹមឡាំងបានថ្លែងនៅថ្ងៃនេះ វិញថាសំណើ១០ចំណុច របស់អ៊ុយក្រែនជាសំណើផ្តេស ផ្តាសដែលគ្មានមូលដ្ឋានក្នុងការចរចារកសន្តិភាពឡើយ ហើយសំណើនោះក៏ថែមទាំងបានទាត់ចោលប្រទេសរុស្ស៊ី ថែមទៀត។

រដ្ឋមន្ត្រីពារជាតិរុស្ស៊ី លោក Sergei Shoigu បានថ្លែងមុននេះបញ្ជាក់ថា រុស្ស៊ីមានបំណងបង្កើន កងទ័ពដល់ចំនួន ១លាន៥សែននាក់ ដែលជាសញ្ញា មួយបង្ហាញថាសង្គ្រាមនឹងបន្តអូសបន្លាយជាយូរថែមទៀត។ រដ្ឋាភិបាលក្រុងមូស្គូត្រូវបានគេរំពឹងថាក៏នឹងបង្កើនគោលដៅចំណាយលើវិស័យការពារជាតិ របស់ខ្លួនទ្វេដងដល់ 100 ពាន់លានដុល្លារថែមទៀតនៅឆ្នាំ ក្រោយដែលមានទំហំមួយភាគបីនៃការចំណាយសាធារណៈទាំងអស់។ របាយការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិក ដែលបានបញ្ចេញកាលពីសប្តាហ៍មុនបាននិយាយ ថាសង្រ្គាមអ៊ុយក្រែនឈានចូល៦៦៦ថ្ងៃមកនេះ បានធ្វើឱ្យជនជាតិរុស្ស៊ីស្លាប់ និងរបួស៣១ម៉ឺន ៥ពាន់នាក់ឬជិត៩០ភាគរយនៃចំនួនបុគ្គលិករបស់ខ្លួនចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនោះមក។

លោក ពូទីន បានថ្លែងកាលពីសប្តាហ៍មុនបញ្ជាក់ថាលោកនឹងឈរឈ្មោះធ្វើជាប្រធានាធិបតីរុស្ស៊ីមួយអាណាត្តិទៀតក្នុងខែមីនា ឆ្នាំ២០២៤ និងថាលោក មិនត្រូវការរើសកងទ័ពអ្វីបន្ថែមទៀតឡើយ ពីព្រោះរុស្ស៊ីមានកម្លាំងទ័ពរបស់ខ្លួនកំពុងប្រយុទ្ធលើសមរភូមិចំនួន៦១ម៉ឺន៧ពាន់នាក់ និងចំនួននោះមិនបាន ធ្លាក់ចុះឡើយ។ សង្គ្រាមអ៊ុយក្រែន ត្រូវគេឃើញថាកាន់តែអូសបន្លាយទៅកាន់តែវែងឆ្ងាយជាលំដាប់។ មេដឹករុស្ស៊ី និងមេដឹកនាំអ៊ុយក្រែន បាននិយាយ ប្តេជ្ញាចិត្តរៀងៗខ្លួនក្នុងការបន្តធ្វើសង្គ្រាមថែមទៀត នៅក្នុងឆ្នាំថ្មី២០២៤។ តាមពិតឆ្នាំ២០២៣នេះ, អ៊ុយក្រែនអាចមានលទ្ធភាពច្រើនក្នុងការធ្វើ សង្គ្រាមបង្ខំឱ្យរុស្ស៊ីចូលតុចរចា ប៉ុន្តែឆ្នាំ២០២៣បានក្លាយជាឆ្នាំមិនល្អរបស់អ៊ុយក្រែនឡើយ។

តើឆ្នាំ២០២៤ នឹងអាចក្លាយជាឆ្នាំល្អរបស់អ៊ុយក្រែនបានដែរឬទេ? បើសិនជាអ៊ុយក្រែននឹងត្រូវ ប្រឈមនឹងការកាត់បន្ថយជំនួយឬជំនួយបន្តជួបភាព រអាក់រអួលមិនចប់មិនហើយនៅក្នុងឆ្នាំ ២០២៤នោះទៀត, តើសង្គ្រាមចង់យកឈ្នះទៅលើរុស្ស៊ី នោះនឹងក្លាយទៅជាយ៉ាងណាទៅវិញ៕