(ប៉ារីស)៖ ក្រុមមន្ត្រីការទូតបារាំង បាននិយាយថាបារាំងនឹងបិទស្ថានទូតរបស់ខ្លួនប្រចាំប្រទេសនីហ្សេ ជាទីដែលគំនិតប្រឆាំងបារាំងកំពុងកើនឡើង ចាប់តាំងពីមានរដ្ឋប្រហារកាលពីខែកក្កដា ដ្បិតមិនអាចបំពេញបេសកកម្មការទូតរបស់ខ្លួន ដោយសារតែបុគ្គលិកទូតជាច្រើនបានចាកចេញពីប្រទេស មួយនេះក្រោយមានការវាយប្រហារលើស្ថានទូត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣។

ក្រុមមន្ត្រីការទូតបារាំង បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP​ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «បន្ទាប់ពីមានការវាយប្រហារលើស្ថានទូតបារាំង កាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅ និងការដាក់ពង្រាយកងកម្លាំងនីហ្សេបិទខ្ទប់នៅជុំវិញអគារស្ថានទូត បុគ្គលិកស្ថានទូតមួយភាគធំបានចាកចេញ ពីនីហ្សេកាលពីចុងខែកញ្ញា។ ក្រុមមន្រី្តទាំងនេះបានបន្ថែមដូច្នេះថា «ការចាកចេញនេះធ្វើឱ្យស្ថានទូតបារាំងក្នុងប្រទេសនីហ្សេ លែងអាចបំពេញ បេសកកម្មរបស់ខ្លួនបានតទៅទៀត ហើយផ្អែកលើស្ថានភាពបែបនេះ យើងបានសម្រេចចិត្តថានឹងបិទស្ថានទូតរបស់យើង។ ចំណែក បុគ្គលិកក្នុងស្រុក ត្រូវបានបញ្ឈប់ និងទទួលបានសំណងជំងឺចិត្ត»

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងនីហ្សេ និងអតីតអាណានិគមបារាំង បានស្គាល់ភាពតានតឹង ក្រោយមានរដ្ឋប្រហារយោធាទម្លាក់ប្រធានាធិបតី លោក Mohamed Bazoum ពីតំណែង កាលពីថ្ងៃទី២៦ ខែកក្កដា។ ក្រោយរដ្ឋប្រហារនេះ យោធានីហ្សេបានលុបចោលកិច្ចព្រមព្រៀងយោធាជាមួយបារាំង និងថែមទាំងបណ្ដេញឯកអគ្គរដ្ឋទូតបារាំងចេញពីប្រទេស ហើយងាកទៅពង្រឹងទំនាក់ទំនងជាមួយរុស្ស៉ីវិញ ខណៈកងទ័ពបារាំងនឹងត្រូវដកចេញ ទាំងស្រុងពីនីហ្សេ នៅក្នុងខែធ្នូនេះ៕

រូបភាពពី AFP