(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងធ្វើការបោះឆ្នោតដំណោះស្រាយមួយពាក់ព័ន្ធនឹងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) បន្ទាប់ពីមានសញ្ញាគាំទ្រពីសហរដ្ឋអាមេរិក ដែលបានបោះឆ្នោតវេតូប្រឆាំងនឹងដំណោះស្រាយ នាពេលកន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣។

ក្រោយត្រូវបានពន្យារពេលជាច្រើនថ្ងៃមកនេះ សេចក្ដីព្រាងដំណោះស្រាយចុងក្រោយបំផុតមួយដែល AFP បានឃើញ បានអំពាវនាវឱ្យមាន ការអនុញ្ញាតជាបន្ទាន់នូវការបញ្ជូនជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលដោយសុវត្ថិភាព និងគ្មានការរំខាន។ ដំណោះស្រាយនេះក៏បានអំពាវនាវផងដែរ ការបង្កើតលក្ខខណ្ឌសម្រាប់បទឈប់បាញ់មួយប្រកបដោយនិរន្តរភាព ប៉ុន្តែមិនបានអំពាវនាវឱ្យមានការបិទបញ្ចប់សង្រ្គាមភ្លាមៗនោះទេ។

ការអំពាវនាវឱ្យបញ្ចប់ការសង្រ្គាម ឬបទឈប់បាញ់ជាបន្ទាន់ ធ្លាប់ត្រូវបានសហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រឆាំងដាច់ខាត ដោយសំអាងថាវានឹងផ្ដល់ ផលចំណេញដល់ក្រុមហាម៉ាស។ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield បានលើកឡើងថាប្រសិនបើដំណោះស្រាយត្រូវដាក់ឱ្យបោះឆ្នោតមានភ្ជាប់ជាមួយការអំពាវនាវខាងលើ នោះអាមេរិកអាចនឹង បោះឆ្នោតគាំទ្រ។ លោកស្រីថែមទាំងបដិសេធទៀតផងថាដំណោះស្រាយនេះមិនត្រូវបានកែប្រែដើម្បីបំពេញចិត្តនរណាមួយនោះទេ និងទទួលបាន ការគាំទ្រពេញទំហឹងពីបណ្ដាប្រទេសអារ៉ាប់។

គួរបញ្ជាក់ថា អ៉ីស្រាអែលដែលគាំទ្រដោយសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិក បានប្រឆាំងនឹងការប្រើប្រាស់ពាក្យបទឈប់បាញ់ ឬ ceasefire ហើយទីក្រុងវ៉ាស៊ីនតោន ក៏បានបោះឆ្នោតវេតូចំនួន ២លើករួចហើយដែរ ប្រឆាំងនឹងដំណោះស្រាយដែលគាំទ្រពីសមាជិកភាគច្រើននៃ ក្រុមប្រឹក្សាសន្តិសុខ UN។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធសប្ដាហ៍នេះបានបញ្ជាក់ច្បាស់ៗនឹងមិនមាន ឡើយ «បទឈប់បាញ់» ក្នុងតំបន់ហ្កាហ្សា រហូតទាល់តែក្រុមហាម៉ាសត្រូវបានកម្ទេច៕

រូបភាពពី AFP