(វ៉ាស៊ីនតោន)៖ មន្ត្រីយោធាកំពូលរបស់សហរដ្ឋអាមេរិក បានបើកកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយសមភាគីចិនរបស់លោក កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូនេះ ដែលនេះជាកិច្ចសន្ទនាយោធាលើកដំបូងបំផុត ក្នុងរយ​ៈពេលជាងមួយឆ្នាំមួយមកនេះ ខណៈក្រុមមន្ត្រីអាមេរិករំពឹងថាវាអាចនឹងនាំ ទៅរកការស្ដារឡើងវិញទាំងស្រុងនូវទំនាក់ទំនងរវាងយោធានៃមហាអំណាចទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចពិភាក្សាតាមរយៈវីដេអូខុនហ្វេរិនខាងលើ ធ្វើឡើងតាមការឯកភាពគ្នារវាងលោកប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីខែវិច្ឆិកាកន្លងទៅថានឹងស្ដារទំនាក់ទំនងយោធាឡើងវិញ ដែលត្រូវបានកាត់ផ្ដាច់ដោយទីក្រុងប៉េកាំង ជាការឆ្លើយតបទៅនឹង ដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់កាលពីខែសីហា ឆ្នាំ២០២២។

នាយឧត្តមសេនីយ៍អាមេរិក លោក Charles Q. Brown ដែលជាប្រធានសេនាធិការចម្រុះកងទ័ពអាមេរិក និងនាយឧត្តមសេនីយ៍ចិន លោក Liu Zhenli បានពិភាក្សាគ្នាពីបញ្ហាជាច្រើនពាក់ព័ន្ធនឹងសន្តិសុខរបស់ពិភពលោក និងតំបន់។ នេះបើតាមការិយាល័យរបស់លោក Brown។ លោក Liu គឺជាប្រធានសេនាធិការចម្រុះនៃគណៈកម្មការយោធាមជ្ឈិម ដែលជាអង្គភាពយោធាទទួលបន្ទុកលើការរៀបចំផែនក និងប្រតិបត្តិការសង្រ្គាមរបស់ ចិន។

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអាមេរិកនៃមន្ទីរបញ្ចកោណ ទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិក និងចិន គឺពិតជាមានសារៈសំខាន់បំផុត ក្នុងការ ទប់ស្កាត់កុំឱ្យការយល់ច្រឡំណាមួយផ្ទុះទៅជាជម្លោះប្រដាប់អាវុធ ក្នុងបរិបទដែលមហាអំណាចទាំង២ កំពុងមានភាពតានតឹងគ្នាលើបញ្ហាជាច្រើន ជាពិសេសគឺបញ្ហាតៃវ៉ាន់ ដែលត្រូវបានក្រុមអ្នកវិភាគចាត់ទុកថាជាចំណុចក្ដៅមួយអាចនឹងផ្ទុះទៅជាជម្លោះយោធារវាងសហរដ្ឋអាមេរិក និងចិន ក្នុងករណីទីក្រុងប៉េកាំងប្រើកម្លាំងយោធាបង្រួបបង្រួមជាមួយតៃវ៉ាន់៕

រូបភាពពី Reuters