(វ៉ាស៊ីនតោន)៖ តុលាការកំពូលប្រចាំរដ្ឋ Colorado នៅថ្ងៃអង្គារ ទី១៩ ខែធ្នូកន្លងទៅនេះ បានសម្រេចថាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនស័ក្តិសម កាន់តំណែងនៅសេតវិមាននោះទេ និងបានហាមមិនឱ្យរូបលោកឈរឈ្មោះនៅក្នុងរដ្ឋនេះឡើយ សម្រាប់ការបោះឆ្នោតបឋមនៅក្នុងគណបក្សសាធារណរដ្ឋនាពេលមុខ។
ការសម្រេចរបស់តុលាការកំពូលប្រចាំរដ្ឋ Colorado គឺអនុវត្តតែទៅលើការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋប្រចាំរដ្ឋនេះ នៅថ្ងៃទី៥ ខែមីនាតែប៉ុណ្ណោះ ហើយ
តុលាការកំពូលប្រចាំរដ្ឋ Colorado បានសម្រេចចិត្តពន្យារពេលការចូលជាធរមាននៃការសម្រេចខាងលើ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ដើម្បីបើកផ្លូវសម្រាប់ ការប្ដឹងជំទាស់ទៅតុលាការកំពូលអាមេរិក ដែលជាអ្នកសម្រេចចុងក្រោយ។ ប៉ុន្តែថាតើសាលក្រមសម្រេចរបស់តុលាការប្រចាំរដ្ឋ Colorado អាចនឹងរារាំងមិនឱ្យលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកជាថ្មីម្ដងទៀត បានដែរឬក៏យ៉ាងណា?
* តើសាលក្រមតុលាការកំពូល Colorado សម្រេចបែបណាលើលោក ត្រាំ?
សាលក្រមរបស់តុលាការកំពូលនៃរដ្ឋ Colorado ដែលធ្វើឡើងក្នុងសំឡេងគាំទ្រ ៤ ទល់៣សំឡេងជំទាស់ បានសម្រេចថាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនស័ក្តិសមកាន់តំណែងជាប្រធានាធិបតី និងឈរឈ្មោះជាបេក្ខជនប្រធានាធិបតី នៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមីនា បានឡើយ។ ការសម្រេចចិត្តបែបនេះទៀតសោត ធ្វើឡើងដោយផ្អែកលើ «ផ្នែកទី៣ នៃច្បាប់វិសោធនកម្មទី១៤» នៃរដ្ឋធម្មនុញ្ញអាមេរិកដែលកំណត់ពីការហាមឃាត់ លើបុគ្គលណាម្នាក់ដែលមានជាប់ពាក់ព័ន្ធ ឬបានចូលរួមក្នុងសកម្មភាពបះបោរ ឬឧទ្ទាម មិនឱ្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។
តាមសាលក្រមរបស់តុលាការកំពូលនៃរដ្ឋ Colorado លោក ដូណាល់ ត្រាំ បានប្រព្រឹត្តល្មើសរដ្ឋធម្មនុញ្ញ ពាក់ព័ន្ធនឹងនាទីរបស់លោកនៅក្នុងសកម្មភាពបះបោរ អំឡុង ការវាយប្រហារលើវិមាន Capitol ពីសំណាក់ក្រុមអ្នកគាំទ្ររបស់លោក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ នេះគឺជាលើកដំបូងបំផុតដែលតុលាការអាមេរិកចេញសាលក្រម សម្រេច ដោយយកផ្នែកទី៣ នៃច្បាប់វិសោធនកម្មទី១៤» នៃរដ្ឋធម្មនុញ្ញអាមេរិកយកមកប្រើ ចាប់តាំងពីត្រូវបានផ្ដល់សច្ចារប័នក្នុងឆ្នាំ១៨៦៩មក ក្រោយសង្រ្គាមស៊ីវិល បញ្ចប់។
* សាលក្រមនេះអាចរារាំងមិនឱ្យលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកជាថ្មីឬ?
តាមក្រុមអ្នកច្បាប់ក្នុងសហរដ្ឋអាមេរិក សាលក្រមរបស់តុលាការកំពូល Colorado នឹងត្រូវសម្រេចចុងក្រោយដោយតុលាការកំពូលអាមេរិក ជាទីដែលចៅក្រមអភិរក្សនិយម ក្ដាប់សំឡេងភាគច្រើន ៦ ទល់នឹង ៣សំឡេង ក្នុងនោះរួមមានទាំងចៅក្រម ៣នាក់ ដែលលោក ដូណាល់ ត្រាំ ជាអ្នកតែងតាំងផ្ទាល់ដៃ។ នៅត្រង់នេះអ្វីៗត្រូវរង់ចាំអ៊ុតមើល ការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិកសិន។ ក៏ប៉ុន្តែ ទោះបីជាតុលាការកំពូលសម្រេចបែបណាក៏ដោយ ឬក៏តម្កល់សាលក្រមរបស់តុលាការកំពូល Colorado ទុកជា បានការក៏ដោយ ក៏វានឹងមិនធ្វើឱ្យប៉ះពាល់ ឬអាចកែប្រែលទ្ធផលបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤ទាំងស្រុងនោះដែរ។ ពីព្រោះលោក ត្រាំ មិនចាំបាច់ទាល់តែឈ្នះ នៅក្នុងរដ្ឋ Colorado ដែលមានទំនោរបោះឆ្នោតគាំទ្រគណបក្សប្រជាធិបតេយ្យនោះទេ។
រដ្ឋ Colorado មានអង្គបោះឆ្នោតចំនួន ៩ ក្នុងចំណោមអង្គបោះឆ្នោតសរុប ២៧០រូប។ លោក ចូ បៃដិន ក៏ធ្លាប់បានទទួលជ័យជម្នះនៅក្នុងរដ្ឋនេះដោយទទួលបានសំឡេងគាំទ្រ លើសលោក ត្រាំ ១៣ភាគរយ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០។ តែទោះជាបែបនេះក្ដី អ្វីដែលលោក ត្រាំ ត្រូវបារម្ភ នោះគឺថាពាក្យបណ្ដឹងស្រដៀងគ្នានេះអាចនឹងត្រូវដាក់ ជូនតុលាការនៅតាមរដ្ឋសំខាន់ៗផ្សេងទៀតដែលលោក ដូណាល់ ត្រាំ ចាំបាច់ត្រូវតែឈ្នះ ហើយខណៈសាលក្រមរបស់តុលាការកំពូល Colorado មិនមានឥទ្ធិពលលើ ការសម្រេចចិត្តរបស់តុលាការប្រចាំរដ្ឋដទៃទៀតរបស់សហរដ្ឋអាមេរិក ចៅក្រមទាំងអស់នឹងធ្វើការសិក្សាយ៉ាងដិតដល់ មុននឹងធ្វើសេចក្ដីសម្រេចណាមួយដោយខ្លួនឯង។
* តើនឹងមានរឿងអ្វីកើតឡើងបន្ទាប់?
តុលាការកំពូលប្រចាំរដ្ឋ Colorado បានសម្រេចចិត្តពន្យារពេលការចូលជាធរមាននៃការសម្រេចខាងលើ រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ហើយថាបញ្ហានេះគួរតែត្រូវបាន ដោះស្រាយឱ្យបានមុនថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ជាថ្ងៃដែលរដ្ឋនីមួយៗបោះពុម្ភសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតបឋម ដើម្បីជ្រើសរើសបេក្ខជនប្រធានាធិបតី។
សាលក្រមរបស់តុលាការកំពូល Colorado នឹងត្រូវសម្រេចចុងក្រោយដោយតុលាការកំពូលអាមេរិក តែគេមិនទាន់អាចដឹងច្បាស់នោះទេថាតុលាការនឹងសម្រេចបែបណានោះ។ ក៏ប៉ុន្តែ តុលាការកំពូលអាមេរិកសព្វថ្ងៃ មានសំឡេងចៅក្រមអភិរក្សនិយមដល់ទៅ ៦ ក្នុងនោះរួមមានទាំងចៅក្រមអភិរក្សនិយម ៣រូប ដែលត្រូវបានលោក ត្រាំ តែងតាំងដោយ ផ្ទាល់ដៃ ខណៈចៅក្រមសេរីនិយមតែងតាំងដោយប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យមានតែ ៣រូបប៉ុណ្ណោះ។
គួរបញ្ជាក់ថា បច្ចុប្បន្ន លោក ដូណាល់ ត្រាំ កំពុងជាប់ក្ដីក្ដាំលើបណ្ដឹងជាច្រើនករណី ក្នុងនោះរួមមានទាំងការចោទប្រកាន់រូបលោកដោយតុលាការក្នុងរដ្ឋ Georgia ថាលោក ត្រាំ បានព្យាយាមដោយខុសច្បាប់ក្នុងការផ្លាស់ប្តូរលទ្ធផលបោះឆ្នោតដែលលោកចាញ់ លោក ចូ បៃដិន ក្នុងឆ្នាំ២០២០។ តែទោះជាប្រឈមមុខនឹងក្ដីក្ដាំក៏ពិតមែន ក៏ការស្ទង់មតិថ្មីៗនេះ នៅតែបង្ហាញថាលោក ត្រាំ គឺជាបេក្ខជនប្រធានាធិបតីលេចធ្លោរជាងគេ ក្នុងចំណោមបេក្ខជនដៃទៀតនៅក្នុងគណបក្សសាធារណរដ្ឋ រហូតដល់មានការសន្និដ្ឋានទៀតផងលោក ត្រាំ និងលោក បៃដិន អាចនឹងត្រូវតតាំងគ្នាជាថ្មីក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២៤។ លោក ដូណាល់ ត្រាំ ផ្ទាល់ធ្លាប់បានច្រានចោលការចោទប្រកាន់ទាំងឡាយប្រឆាំងនឹង រូបលោកផងដែរ ដោយចាត់ទុកថាជាការធ្វើទុក្ខបុកម្នេញខាងនយោបាយ៕