(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO ) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ (២១ ធ្នូ) នេះថា តំបន់ហ្គាហ្សាស្ទ្រីបភាគខាងជើងត្រូវបានទុកចោលដោយគ្មានមន្ទីរពេទ្យដំណើរការ ដោយសារកង្វះខាតប្រេងឥន្ធនៈ បុគ្គលិក និងការផ្គត់ផ្គង់។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

យោងតាម WHO មានតែមន្ទីរសុខភាពចំនួន ៩ ប៉ុណ្ណោះក្នុងចំណោម ៣៦ កន្លែង ដែលដំណើរការដោយផ្នែក នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបទាំងមូល។ មន្ទីរពេទ្យទាំងអស់នេះត្រូវបានប្រមូលផ្តុំនៅភាគខាងត្បូងនៃស្ទ្រីប។

លោក Richard Peppercorn អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់ហ្គាហ្សា បានប្រាប់អ្នកយកព័ត៌មានតាមរយៈតំណភ្ជាប់វីដេអូពីទីក្រុងហ្សេរុយសាឡឹមថា «មិនមានមន្ទីរពេទ្យដំណើរការទៀតទេនៅភាគខាងជើង»។ លោកបានបន្ថែមថា «មន្ទីរ Al-Ahly គឺជាមន្ទីរពេទ្យចុងក្រោយ ប៉ុន្តែឥឡូវនេះវាដំណើរការនៅកម្រិតអប្បបរមា៖ វានៅតែកំពុងព្យាបាលអ្នកជំងឺ ប៉ុន្តែមិនទទួលយកអ្នកជំងឺថ្មីទេ»។

លោក Pepperkorn បានពិពណ៌នាថាមន្ទីរពេទ្យមួយចុងក្រោយនេះថាជា «សម្បកនៃមន្ទីរពេទ្យ» ហើយបាននិយាយថា វាផ្តល់ការថែទាំតិចតួចណាស់ ដោយមានតែបុគ្គលិកប្រហែល ១០ នាក់ប៉ុណ្ណោះដែលកំពុងធ្វើការដែលបន្តផ្តល់សង្គ្រោះបឋម ការគ្រប់គ្រងការឈឺចាប់ និងការថែទាំមុខរបួស ជាមួយនឹងធនធានតិចតួច។

លោកបានបន្ថែមថា «...វាធ្លាប់ជាមន្ទីរពេទ្យតែមួយគត់ដែលអ្នករបួសអាចទទួលការវះកាត់នៅភាគខាងជើងហ្គាហ្សា ហើយវាមានហ្វូងអ្នកជំងឺដែលត្រូវការការថែទាំបន្ទាន់។ ប៉ុន្តែឥឡូវនេះលែងមានបន្ទប់វះកាត់ទៀតហើយ ដោយសារកង្វះប្រេងឥន្ធនៈ ថាមពល ការផ្គត់ផ្គង់ពេទ្យ និងបុគ្គលិកសុខាភិបាល រួមទាំងគ្រូពេទ្យវះកាត់ និងអ្នកឯកទេសផ្សេងទៀត»។

គួរបញ្ជាក់ថា សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងក្រោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅ បើកការវាយប្រហារលើភាគខាងត្បូង អ៉ីស្រាអែល ដោយសម្លាប់មនុស្ស ១,១៤០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល។ នេះបើតាមតួលេខចុងក្រោយរបស់ក្រុមមន្ត្រីអ៉ីស្រាអែល។ ចំណែក ក្រុមមន្ត្រីសុខាភិបាលហ្កាហ្សា ក៏បានអះអាងដែរថាជនជាតិប៉ាឡេស្ទីន កើនដល់ ២០,០០០នាក់ហើយ ក្នុងនោះភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ ក្នុងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល៕

រូបភាពពី Reuters