(សៀងហៃ)៖ មជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសចិន គឺទីក្រុងសៀងហៃ កំពុងជួបប្រទះនឹងអាកាសធាតុដ៏ត្រជាក់បំផុត មិនធ្លាប់មានរយៈពេល ៤០ឆ្នាំនៅក្នុងខែធ្នូនេះ ជំរុញឲ្យអាជ្ញាធរចេញការព្រមានអំពីកម្រិតសីតុណ្ហភាពទាប និងខ្យល់ត្រជាក់ ខណៈទីក្រុងភាគខាងជើងប្រទេសចិនឯណោះវិញ ស្ថិតក្នុងលក្ខខណ្ឌត្រជាក់ដូចទឹកកក តែអាចនឹងធូរស្រាលនៅសប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១​​ ខែធ្នូ ឆ្នាំ២០២៣។

ការិយាល័យឧតុនិយម បានឲ្យដឹងថា សីតុណ្ហភាពក្នុងទីក្រុងសៀងហៃ នៅថ្ងៃព្រហស្បតិ៍នេះនឹងធ្លាក់ចុះរហូតដល់ -៤ ទៅ -៦អង្សាសេ ហើយស្ថិតក្នុងកម្រិតក្រោមសូន្យបែបនេះពេញមួយថ្ងៃទូទាំងទីក្រុង។ សីតុណ្ហភាពអប្បបរមានៅឯជាយក្រុង នឹងមានកម្រិតក្រោមសូន្យ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ដែលមិនធ្លាប់កើតឡើងរយៈពេល ៤០ឆ្នាំ។ បើទោះបីជាអាកាសធាតុត្រជាក់បែបនេះ ជារឿងមិនធម្មតាសម្រាប់ទីក្រុងស៊ាងហៃ ប៉ុន្តែនៅតែក្តៅជាងតំបន់ភាគខាងជើងប្រទេសចិន ដោយសីតុណ្ហភាពក្នុងខេត្តជាច្រើននៅទីនោះ បានធ្លាក់ចុះកម្រិតទាបជាប្រវត្តិសាស្ត្រ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

គួរបញ្ជាក់ថា អាកាធាតុដ៏ត្រជាក់នេះ ក៏បាននិងកំពុងគម្រាមកំហែងដល់វិស័យដឹកជញ្ជូនអាហារ តាមអនឡាញដ៏មមាញឹក របស់ប្រទេសចិនផងដែរ។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម មនុស្សមួយចំនួនបានសម្តែងការស្ទាក់ស្ទើរ ក្នុងការបញ្ជាទិញ ឬយកឥវ៉ាន់ក្នុងអាកាសធាតុត្រជាក់ខ្លាំងបែបនេះ ដោយសារតែមានការព្រួយបារម្ភចំពោះសុវត្ថិភាពអ្នកដឹកជញ្ជូន៕

រូបភាពពី Reuters